បរទេស៖ប្រធានាធិបតី នៃប្រទេសបេឡារុស លោក Alexander Lukashenko ចង់បានប្រព័ន្ធមីស៊ីលសមត្ថភាពនុយក្លេអ៊ែ Iskander របស់រុស្ស៊ី យកទៅដាក់ពង្រាយ នៅក្នុងភាគខាងត្បូង និងភាគខាងលិច នៃប្រទេស នេះបើយោងតាមសម្តីរបស់លោក នៅក្នុងបទសម្ភាសន៍មួយ ជាមួយទស្សនាវដ្តីការពារជាតិ ដែលបោះពុម្ពផ្សាយ នៅថ្ងៃសៅរ៍ម្សិលមិញនេះ។
លោក Alexander Lukashenko បានមានប្រសាសន៍ប្រាប់ទស្សនាវដ្ដី National Defense នោះថា លោកត្រូវការប្រព័ន្ធមីស៊ីលផ្លោងចល័ត Iskander ដែលមានរយៈចម្ងាយវាយប្រហារ រហូតដល់ទៅ៥០០គីឡូម៉ែត្រ និងអាចបំពាក់ដោយក្បាលគ្រាប់ធម្មតា និងក្បាលគ្រាប់នុយក្លេអ៊ែបាន។
យោងតាមសេចក្តីរាយការណ៍មួយ ដែលចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Daily Abah នៅថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២១ បានឲ្យដឹងថា លោកប្រធានាធិបតី នៃប្រទេសបេឡារុសរូបនេះ បានមានប្រសាសន៍ យ៉ាងដូច្នេះថា “ខ្ញុំត្រូវការដាក់ពង្រាយកង (មីស៊ីលនោះ) ជាច្រើន នៅក្នុងភាគខាងលិចនិងភាគខាងត្បូង អនុញ្ញាតពួកគេ ឲ្យស្ថិតនៅទីនោះ”។
គួរបញ្ជាក់ថា ប្រទេសប៉ូឡូញ និងប្រទេសលីទុយអានី ដែលសុទ្ធតែជាសមាជិក សហភាពអឺរ៉ុប គឺស្ថិតនៅខាងលិចប្រទេសបេឡារុស ចំណែកប្រទេសអ៊ុយក្រែន គឺស្ថិតនៅជាប់នឹងព្រំដែនភាគខាងត្បូង។
លោកប្រធានាធិបតី នៃប្រទេសបេឡារុសរូបនេះ មិនបានធ្វើការបង្ហាញថា តើលោកបានប្រារព្ធ ធ្វើកិច្ចពិភាក្សាគ្នាណាមួយ ជាមួយទីក្រុងមុស្គូ ស្តីពីការទិញប្រព័ន្ធអាវុធនេះនៅឡើយនោះទេ ចំណែកក្រសួងការពារជាតិរុស្ស៊ី នៅពេលភ្លាមៗនេះ ក៏នៅមិនទាន់ឆ្លើយតប នឹងការស្នើសុំឲ្យអត្ថាធិប្បាយស្តីពីរឿននេះនៅឡើយដែរ៕ ប្រែសម្រួល៖ប៉ាង កុង