សេដ្ឋកិច្ច​

ទ្រព្យសម្បត្តិ អ្នកមានបំផុត របស់ជប៉ុន កើនឡើងជិត៥០% ក្នុងពេលមាន ជំងឺរាតត្បាត

សិង្ហបូរី៖ ក្រុមហ៊ុន Forbes បានរាយការណ៍ថា ប្រជាជនដែលមានជាងគេបំផុត របស់ប្រទេសជប៉ុន បានប្រមូលទ្រព្យសម្បត្តិ កាន់តែច្រើន ក្នុងរយៈពេលមួយឆ្នាំ ទោះបីមានជំងឺរាតត្បាត នៃមេរោគ COVID-19 ក៏ដោយ ទ្រព្យសម្បត្តិរួមរបស់ពួកគេ បានកើនឡើងជិត៥០ភាគរយ យោងតាមការចេញផ្សាយ ពីគេហទំព័រជប៉ុនធូដេ។

ទ្រព្យសម្បត្តិរួមរបស់ប្រជាជន មានបំផុតចំនួន៥០នាក់ បានកើនឡើង ៤៨ ភាគរយដល់ ២៤៩ ពាន់លានដុល្លារអាមេរិក ពីឆ្នាំមុនដោយសារការស្ទុះងើប នៃការនាំចេញក៏ដូចជា សន្ទស្សន៍ភាគហ៊ុន Nikkei ជាមធ្យមបានកើនឡើង ៥៤ ភាគរយ ពីមួយឆ្នាំមុន។ យោងតាមការចុះផ្សាយ របស់ទស្សនាវដ្តីអាជីវកម្មឆ្នាំ ២០២១ បានឲ្យដឹងថា នេះជាលើកទីមួយ ហើយដែលទ្រព្យសម្បត្តិ របស់មហាសេដ្ឋីទាំង ៥០រូប មានទ្រព្យលើសពី ១ ពាន់លានដុល្លារ ជាពិសេសនាយកប្រតិបត្តិ និងប្រធានក្រុមហ៊ុន SoftBank Group Corp និង លោក Masayoshi Son។

យោងតាម របាយការណ៍បានឲ្យដឹងថា ទ្រព្យសម្បត្តិសុទ្ធ របស់លោក Son បានកើនឡើងទ្វេដង ដល់ ៤៤,៤ ពាន់លានដុល្លារ បន្ទាប់ពីការផ្តល់ជូន ជាសាធារណៈលើកដំបូង ដោយជោគជ័យ ដោយក្រុមហ៊ុន SoftBank បានវិនិយោគ ក្នុងការបញ្ជូនភាគហ៊ុនរបស់ខ្លួន ដែលកំពុងកើនឡើង។

លោក Tadashi Yanai ជាប្រធាន និងជានាយក ប្រតិបត្តិក្រុមហ៊ុន Fast Retailing Co ដែលមានក្រុមហ៊ុន នៅពីក្រោយខ្សែសម្លៀកបំពាក់ធម្មតា Uniqlo ស្ថិតក្នុងលំដាប់ទី ២ ដោយទ្រព្យសម្បត្តិ របស់លោកកើន ប្រហែល ៩០ ភាគរយដល់ ៤២,០ ពាន់លានដុល្លារ។

បញ្ជីនេះ ក៏មានមុខថ្មីផងដែរ ដូចជាស្ថាបនិក លោក Itaru Tanimura អ្នកផ្តល់ព័ត៌មាន ផ្នែកវេជ្ជសាស្រ្ត M3 Inc លេខ ៤០ និងស្ថាបនិក Takanori Nakamura នៃក្រុមហ៊ុនផ្តល់សេវាកម្ម cloud Rakus Co លេខ៤៥៕ ដោយ៖លី ភីលីព

Most Popular

To Top