សេដ្ឋកិច្ច​

លេង​ខ្លាំង​មែន​ទែន​ហើយ លោក ព្រាប សុវត្ថិ បើក​ក្រុម​ហ៊ុន​ធំ​មួយ ហើយ​ឡើង​ដឹកនាំ​ខ្លួន​ឯង!

លោក ព្រាប សុវត្ថិ ដែល​រក្សា​តំណែង​ ជា​តារាកំពូល​ប្រចាំ​ប្រទេស​ជាង ២ទសវត្សរ៍​មក​ហើយ​នោះ នៅ​ពេល​នេះ បាន​ឈាន​ជើង​កាន់​តែ​ជ្រៅ​ទៅ​ក្នុង​ពាណិជ្ជកម្មដោយ​លោក​ ទើប​នឹង​បង្កើត​ក្រុមហ៊ុន​ធំ​មួយ ។

តម្រុយ​នេះ ក្រោយ​ពី​ប៉ុន្មាន​ថ្ងៃ​កន្លង​មក ​គេ​ឃើញ​មាន​លេច​ចេញ​នូវ​វីដេអូ​ផ្សព្វផ្សាយ​មួយ ​លេច​ឡើង​នៅ​លើ​បណ្ដាញ​សង្គម ។ វីដេអូ​នោះ គឺ​ជា​ការ​ផ្សព្វផ្សាយ​ពី​ក្រុមហ៊ុន​ថ្មី​មួយ ​ដែល​ទើប​នឹង​ចាប់​កំណើត គឺ​ក្រុមហ៊ុន ព្រាប សុវត្ថិ អ៊ីនវេសមែន ក្នុង​នោះ​ក៏ ​គេ​ឃើញ​លោក ព្រាប សុវត្ថិ ខ្លួន​ឯង​បាន​ធ្វើ​ជា​តួសម្ដែង​ផ្សព្វផ្សាយ​ ដោយ​ខ្លួន​ឯង​ថែម​ទៀត ។

ជុំវិញ​បញ្ហា​នេះ ក្រុម​ការងារ​នៅ​មិន​ទាន់​ភ្ជាប់ ​ទំនាក់ទំនង​បាន​ជាមួយ​លោក ព្រាប សុវត្ថិ ដើម្បី​ស្រាយ​បញ្ជាក់​នៅ​ឡើយ ។ ប៉ុន្តែ​មាន​ប្រភព​មួយ​ផ្សេង ដែល​នៅ​មិន​ឆ្ងាយ​ពី​ការងារ​នេះ​បង្ហើប​ប្រាប់ ថា លោក ព្រាប សុវត្ថិ គឺ​ជា​ថ្នាក់​ដឹក​នាំ​ក្រុមហ៊ុន​ខាង​លើ​មែន ។ “បាទ គាត់​ជា​ស្ថាបនិក និង​ជា​ប្រធាន​ក្រុម​ប្រឹក្សា​ភិបាល!”។

តាម​ប្រភព​មិន​បញ្ចេញ​ឈ្មោះ​ដដែល ប្រាប់​បន្ត​ថា “ព្រាប សុវត្ថិ អ៊ិនវេសមែន” គឺ​ជា​ក្រុមហ៊ុន​វិនិយោគ​លើអចលនទ្រព្យ​ធំ​មួយ ។ ក្រុមហ៊ុន​នេះ​ទើប​នឹង​បើក​ដំណើរ​ការ​ថ្មី​ៗ​នេះ ដែល​មាន​ទីតាំង​សិ្ថតតាម​បណ្ដោយ​ផ្លូវ ៤២ ជិត​វត្ត​បែកចាន ។ បច្ចុប្បន្ន កំពុង​សិក្សា​វិនិយោគ ​លើ​គម្រោង​មួយ​ចំនួន​ស្ថិត​នៅ​តាម​បណ្ដោយ​ផ្លូវ ៤២​នេះ ។

“ឥឡូវ​យើង​រៀប​ចំ​នៅ​ម្ដុំ​ផ្លូវ ៤២​នេះ សិន ហើយ​យើង​មាន​ផែន​ការ​ច្រើន​ទៀត ដែល​ពេល​នេះ បង ព្រាប សុវត្ថិ គាត់​កំពុង​រៀប​ចំ​បណ្ដើរ​ៗ​ហើយ”។ ប្រភព​ថ្លែង​បញ្ជាក់ ។

លោក ព្រាប សុវត្ថិ ដែល​ជា​កំពូល​តារា​ចម្រៀង ត្រូវ​បាន​គេ​ដឹង​ថា បាន​ហក់​ចូល​ក្នុង​វិស័យ​អចលនទ្រព្យ​តាំង​ពី​អំឡុង​ឆ្នាំ ២០១៩ ដែល​ពេល​នោះ លោក​បាន​បើក​គម្រោង​ដីឡូតិ៍​ធំ​មួយ​នៅ​ភូមិសាស្ត្រ​ទឹកដី​ភ្នំ​ប្រសិទ្ធ។ បន្ទាប់​ពី​បញ្ចប់​គម្រោង​នៅ​ទី​នោះ ១-២ រួច​មក លោក​ក៏​បាន​សម្ងំ​ស្ងាត់​មួយ​រយៈ ដោយ​ងាក​មក​មាន​សកម្មភាព​ច្រើន​ជាមួយ Galaxy Navatra វិញ។

ប៉ុន្តែ​ប៉ុន្មាន​ថ្ងៃ​នេះ ស្រាប់​តែ​លោក​កម្រើក​សកម្មភាព​ឡើង​វិញ ក្រោយ​ឃើញ​វីដេអូ​ផ្សព្វផ្សាយ​មួយ​នោះ។ សាមី​តារា​ចម្រៀង​បាន​និយាយ​នៅ​ក្នុង​វីដេអូ​នោះ​ថា ការងារ​នេះ លោក​បាន​ប្រឹង​ប្រែង​រៀប​ចំ​យូរ​មកហើយ មុន​ពេល​អាច​ដំណើរ​ការ​នា​ពេល​នេះ។ ជា​មួយ​គ្នា ប្រភព​ខាង​លើ​ដដែល លើក​ឡើង​ថា ពី​ពេល​នេះ​ទៅ​លោក ព្រាប សុវត្ថិ នឹង​លូក​កាន់​តែ​ជ្រៅ ​ហើយ​ក្នុង​អចលនទ្រព ព្រោះ​លោក​បាន​រក​ឃើញ​ថា នៅ​ក្នុង​វិស័យ​នេះ មាន​ឱកាស​រីក​ចម្រើន ​ច្រើន​ថែម​ទៀត៕

Most Popular

To Top