សិល្បៈ និង កម្សាន្ត

ផលិតករជើងចាស់ គួច ខេវិន ចេញមុខពន្យល់ លើកទឹកចិត្ត យឿន ពិសី ក្រោយដឹងដំណឹង មួយនះភ្លាម

ភ្នំពេញ៖ ក្រោយពីម្ចាស់ពាន Cambodia Got Talent រដូវកាលទី១ យឿន ពិសី បានចេញវីដេអូត្អូញត្អែរ អំពីការអាក់អន់ចិត្ត ជាមួយផលិតកម្មហង្សមាស ដែលមិនបានផ្ដល់ឱកាស ឱ្យខ្លួនច្រើន ដើម្បីរកប្រាក់ចំណូលផ្គត់ផ្គង់ ជីវភាពរួចមក មហាជនបានសម្ដែង នូវក្ដីអាណិតអាសូរ យ៉ាងខ្លាំង ។

ជាមួយគ្នានេះដែរ លោក គួច ខេវិន ដែលជាអ្នកផលិតកម្មវិធី ទូរទស្សន៍ដ៏ល្បីឈ្មោះម្នាក់ ក្នុងប្រទេសកម្ពុជា ក៏បានចេញមុខមកលើកទឹកចិត្ត ក៏ដូចជាពន្យល់ យឿន ពិសី អំពីមូលហេតុអ្វីបានជា គេមិនមានឱកាសបានបញ្ចេញកោសល្យ ដើម្បីរកចំណូល លើឆាកកម្មវិធី និងតន្ត្រីផ្សេងៗ ដូចតារាៗដទៃ ។

លោក គួច ខេវិន បានពន្យល់នៅលើគណនីហ្វេសប៊ុក របស់លោ កយ៉ាងដូច្នេះថា ៖ ពិសី គឺជាម្ចាស់ជ័យលាភី នៃកម្មវិធីលំដាប់ថ្នាក់ពិភពលោក Cambodia Got Talent ដែលជាកម្មវិធីប្រកួតប្រជែងសមត្ថភាព ទេពកោសល្យទូទៅ ហើយអ្នកដែលមានសមត្ថភាពលើសគេ អាចទទួលបានជ័យលាភី។ ប៉ុន្តែវាមិនដូចកម្មវិធី The Voice Cambodia ដែលជាកម្មវិធីផ្ដោតលើសំឡេង កាយវិការ បូករួមជាមួយរូបសម្បត្តិឡើយ ។ ដូច្នេះលោក ខេវិន ទាមទារឱ្យ យឿន ពិសី យល់ច្បាស់អំពីពានកម្មវិធីរបស់ខ្លួនដែលទទួលបាន ។

ទាក់ទងជាមួយការឡើងឆាកកម្មវិធី លោក គួច ខេវិន ដែលមានបទពិសោធន៍ រៀបចំ កម្មវិធីតន្ត្រីចាស់វស្សា បាននិយាយថា ចំពោះរឿងមិនបានឡើង ឆាករបស់ យឿន ពិសី គឺជាសិទ្ធរបស់ Sponsor ជាអ្នកកាន់ចង្កូត ហើយភាគច្រើន Sponsor សម័យថ្មីនេះ គឺផ្ដោតតែទៅលើសន្ទុះ អ្នកទស្សនាប៉ុណ្ណោះ ដូច្នេះពួកគេមានសិទ្ធជ្រើសរើសតារាណា ដែលមានអ្នកគាំទ្រច្រើន និងកម្មវិធីណា ដែលមានអ្នកចូលចិត្តច្រើនប៉ុណ្ណោះ ។

ខាងក្រោមនេះ គឺជាខ្លឹមសារទាំងស្រុងនៃសាររបស់លោក គួច ខេវិន ដែលបានផ្ញើជូនទៅកាន់ យឿន ពិសី តាមរយៈបណ្ដាញសង្គមហ្វេសប៊ុក ៖
« ផ្ញើចំពោះប្អូន យឿន ពិសី ជាទីស្រឡាញ់រាប់អាន! តាមពិតទៅ បងមានក្តីអាណិតអាសូរ ចំពោះប្អូនជាពន់ពេក ក៏បុន្តែប្អូន ទំនងជាមិនបានស្វែងយល់ ឱ្យច្បាស់ជាមុន អំពីពានរង្វាន់របស់ប្អូន មុននឹងប្អូនធ្វើការឡាយ ស្រែកទ្រហោយំ នៅ លើផេករបស់ប្អូន… ។ ប្អូនគឺជាជ័យលាភី នៃកម្មវិធីលំដាប់ពិភពលោក Cambodian Got Talent… ដែលជាកម្មវិធី ឬជាវេទិកាបង្ហាញ សមត្ថភាព ទេពកោសល្យទូទៅ អ្នកដែលមានទេពកោសល្យ លើសគេ នឹងអាចទទួល បានចំណាត់ថ្នាក់ ជាជ័យលាភីតែប៉ុណ្ណោះ គឺវាមិនដូចកម្មវិធី The Voice of Cambodiaនោះឡើយ! The Voice of Cambodia គឺគេសំដៅទៅ លើសំឡេង កាយវិការ បូកផ្សំទៅលើរូបសម្បត្តិថែមទៀតផង! បង ធ្លាប់បានផលិតកម្មវិធី ប្រកួតប្រជែងជាច្រើន រាប់ភ្លេច… ដូច្នេះប្អូនត្រូវចាំថា ការប្រកួតប្រជែង គឺគ្រាន់តែជាវេទិការ ស្ទាបស្ទង់សមត្ថភាពរបស់ប្អូនតែប៉ុណ្ណោះ មិនមែនមានន័យថា បានទទួលជ័យលាភីហើយ ត្រូវអង្គុយហៃអើទេ… វាគ្រាន់តែជាឱកាសចាប់ផ្តើមរបស់ប្អូន ហើយត្រូវបន្តហ្វឹកហាត់ ដើម្បីលោតចូល ទៅក្នុងទីផ្សារសេរី តែប៉ុណ្ណោះ ! បងចង់ប្រាប់ប្អូនថា ទូរទស្សន៍ គឺគ្រាន់តែជាកន្លែងផលិតកម្មវិធី និងផ្សព្វផ្សាយតែប៉ុណ្ណោះ អ្វីៗ គឺត្រូវពឹងផ្អែក ទៅលើអ្នកឧបត្ថម្ភ កម្មវិធី (sponsore) ហេតុដូច្នេះ អោយតែអ្នក ឧបត្ថម្ភ ហាមាត់ថាទៅ លិច គឺលិច ថាទៅកើត គឺកើតហើយ…ដល់តែអ៊ីចឹងទៅ អ្នកផលិត ឬអ្នកដឹកនាំកម្មវិធី នាបច្ចុប្បន្ន ប្រៀបដូចជា អាមោកអញ្ចឹងដែរ! ។ បើហ៊ានតែតមាត់ច្រើន គឺត្រូវគេធ្វើស៊ីជាក់ ជាមិនខានឡើយ… ដោយសារតែអ្នកឧបត្ថម្ភកម្មវិធីជាអ្នកបញ្ជារចង្កូតទទឹងទទែង ច្រង៉េងច្រង៉ាងយ៉ាង ដូច្នេះទើបបានជាកម្មវិធី របស់ទូរទស្សន៍ខ្លះ បានចំណាយលុយអស់រាប់ពាន់ រាប់ម៉ឺនដុល្លារ តែគ្មានអ្វីប្លែក! វាដដែលៗ គ្មានអ្នកចាប់អារម្មណ៍ គ្មានអ្នកតាមដាន ឯចំនួនអ្នកមើល មិនស្មើទៅនឹងអ្នកឡាយ លក់ឡេជេរ បញ្ចោរគ្នាផង ឬក៏មិនស្មើនឹង សុខា ត្រូវគេទះកំផ្លៀងនោះឡើយ” ។

លោក គួច ខេវិន បានសរសេរបន្តថា “ហេតុនេះហើយ ប្អូន យឿន ពិសី មិនបាច់ឆ្ងល់ទេ… Sponsor គឺជាក្មេងៗជំនាន់ក្រោយ សូម្បីតែវប្បធម៌ ប្រពៃណី ឬក៏គុណធម៌របស់ខ្មែរយើង ក៏ពួកគេមិនបានស្វែងយល់ផង! ពេលខ្លះសូម្បីតែកម្មវិធីបុណ្យជាតិ ក៏ពួក Sponsor សុំដក កម្មវិធី មិន ព្រមធ្វើដែរ ដោយគិតថាគ្មានអ្នកណាមើល ប៉ុន្តែបើ កម្មវិធី បុណ្យ អន្តរជាតិគេវិញ គឺពួក Sponsors ហ្នឹង ប្រជុំក្បាលគ្នាដណ្តើមធ្វើ! ដូច្នេះកុំថាឡើយប្អូន សូម្បីតែលោក ណូយ វ៉ាន់ណេត ក៏ពួកក្មេងអស់ហ្នឹង មិនស្គាល់គាត់ផង… ពួកគេស្គាល់តែចំនួន អ្នកទស្សនា (Viewers)ឡើងKK ហើយគេ គឺជាអ្នកឧបត្ថម្ភ នៃកម្មវិធី គឺគេអាចកុម្ម៉ង់ ប្រធានកម្មវិធី និង TV បាន! បើមិនដូច្នេះទេ មិនធ្វើ តាមអាចបាត់ បង់Sponsor ភ្លាមៗ! ។ដូច្នេះសូមប្អូនកុំអស់ សង្ឃឹមធ្វើអ្វី បើប្អូនស្រឡាញ់អ្វីមួយ ប្អូនត្រូវតែខិតខំទ្វេរឡើង ហើយត្រូវចេះអភិវឌ្ឍន៍ខ្លួន អោយបានល្អ ព្រោះមនុស្សល្អៗ មានសមត្ថភាព ពោរពេញដោយទេពកោសល្យ លើសប្អូននៅមានច្រើនណាស់ ប៉ុន្តែគេមិនចាប់អារម្មណ៍ មិនអើពើចូលរួមប្រកួត ហើយប្អូន ក៏ពុំទាន់ជួបពួកគេ ជាដៃគូដែរ ដោយ សេចក្តីស្រឡាញ់រាប់អាន, បង គួច ខេវិន” ។

គួររំឮកផងដែរថា កាលពីពេលថ្មីៗនេះ ម្ចាស់ពាន Cambodia Got Talent រដូវកាលទី០១ យឿន ពិសី បានចេញវីដេអូរៀបរាប់ ខកបំណងជាមួយផលិតកម្ម ក៏ដូចជាទូរទស្សន៍ហង្សមាស ដែលមិនសូវអើពើ យកចិត្តទុកដាក់ មកលើខ្លួន ។

យឿន ពិសី បង្ហាញអារម្មណ៍ដូច្នេះ ក្រោយពីមើលឃើញថា ចាប់តាំងពីបានក្លាយ ជាសមាជិកគ្រួសារផលិតកម្មហង្សមាស រហូតដល់បច្ចុប្បន្ននេះ គេមិនទាន់មានសមិទ្ធផល ធំដុំនឹងគេឡើយ សូម្បីតែឡើងឆាកកម្មពិធីផ្សេងៗ ក៏កម្រនឹងមានឱកាសដែរ ។

ជាមួយគ្នានេះ តារាចម្រៀងពិការ យឿន ពិសី បានប្រាប់ Lookingtoday ថា “ធម្មតាយើង រកលុយបាន ពេលណាដែលបានឡើងកម្មពិធី តែបើមិនដែលបានឡើងផង បានលុយមកពីណាបង? តែយ៉ាងណាក៏ខ្ញុំបានរកចំណូលក្រៅខ្លះៗដែរ ដែលធ្វើឱ្យជីវភាពគ្រាន់បើជាងមុន បន្តិចបន្តួចប៉ុណ្ណោះ” ។

យ៉ាងណាមិញ ទាក់ទងនឹងរឿងអាក់អន់ស្រពន់ចិត្តនេះ យឿន ពិសី បានបញ្ជាក់ ថា បានដោះស្រាយជាមួយផលិតកម្មហង្សមាស រួចរាល់អស់ហើយ ដោយបញ្ហាទាំងអស់ ត្រូវបានបញ្ចប់ ចាប់ពីពេលនេះតទៅ ៕

ដោយ៖ ម៉ានី

Most Popular

To Top