សិល្បៈ និង កម្សាន្ត

អាចទេ នេះជាមូលហេតុ ដែលលោក ប៊ុន ស័ក្ដិ រត់ចោលអាជីព ជាតារាចម្រៀង ?

ភ្នំពេញ ៖ អស់រយៈពេលជាច្រើន ឆ្នាំណាស់មកហើយ ដែលអតីតតារាចម្រៀងប្រុស ដ៏មានប្រជាប្រិយភាពខ្លាំងបំផុត នាកំលុងទសវត្សរ៍ឆ្នាំ ២០០០ លោក ប៊ុន ស័ក្ដ បានរសាត់ឆ្ងាយចេញពីពិភពសិល្បៈ ដែលការណ៍នេះ បានធ្វើឱ្យទស្សនិកជន អ្នកគាំទ្រ មានក្ដីនឹករឮកយ៉ាងខ្លាំង ។

យ៉ាងណាក៏ដោយ ត្បិតតែលោក ប៊ុន ស័ក្ដិ បានដើរចេញពីវិថីសិល្បៈទាំងស្រុងទៅហើយក្ដី ក៏ប៉ុន្តែលោក នៅតែឆ្លៀតបង្ហាញពីសុខទុក្ខរបស់ខ្លួន តាមរយៈបណ្ដាញ សង្គមជាញឹកញាប់ផងដែរ ដោយបច្ចុប្បន្ននេះ លោកកំពុងប្រើជីវិតឯកជន កសាងសុភមង្គល ជាមួយក្រុមគ្រួសារ ។

ជាមួយគ្នាននេះ ទស្សនិកជន មួយចំនួនធំ ដឹងច្បាស់ថា ម្ចាស់បទ «ភ្នំពេញ និងកំពង់ចាម» ខាងលើនេះ បច្ចុប្បន្នមានការងារ និងតួនាទី នៅក្នុងក្របខណ្ឌ មន្ត្រីរាជការ ពោលគឺជាអង្គរក្ស នៅបញ្ជាការដ្ឋានកងអង្គរក្ស សម្ដេចតេជោ ហ៊ុន សែន មានឋានន្តរស័ក្ដិ ថ្នាក់អនុសេនីយ៍ឯក (សក្ដិ៣) ។

ចាំបានថា កាលពីខ្ទង់ ៤ ឬ ៥ឆ្នាំ មុន បើទោះជាលោក ប៊ុន ស័ក្ដិ បានការងារជាមន្ត្រីរាជការ ហើយយ៉ាងណាក៏ដោយ ក៏លោកនៅតែមិនទាន់បោះបង់ អាជីពជាតារាចម្រៀងចោលទាំងស្រុងដែរ ដោយកាលនោះលោកនៅជាតារាចម្រៀង របស់ផលិតកម្មសាន់ដេ ។ ហើយមូលហេតុ ដែលធ្វើឱ្យលោក ដើរចេញពីសិល្បៈ ដូចសព្វថ្ងៃនេះ ក៏មានព័ត៌មានក្រៅផ្លូវការ មួយ លើកឡើងថា ទំនង ប៊ុន ស័ក្ដ អាក់អន់ចិត្តជាមួយម្ចាស់ ផលិតកម្ម ដែលលោកជ្រកកោន ចុងក្រោយគេបង្ហោះ ។

អតីតអ្នកនិពន្ធបទ ចម្រៀងល្បីឈ្មោះមួយរូប សុំមិនបង្ហើបឈ្មោះ បានប្រាប់មកកាន់ Lookingtoday ថា លោក ប៊ុន ស័ក្ដិ ក៏ដូចជាតារាចម្រៀង មួយចំនួនទៀតដូចជា មាស សាលី ជុំ លីណូ សូលីដូ ទំនងជាមានការអាក់អន់ចិត្ត ជាមួយថៅកែផលិតកម្មធំមួយ ដែលគេជ្រកកោន កាលពីអំឡុងជាង ១០ឆ្នាំមុន ។

អតីតអ្នកនិពន្ធដដែលបានប្រាប់ទៀតថា កាលនោះ ឱ្យតែមានបទចម្រៀងល្អៗ គឺតារាចម្រៀង ប៉ុន្មាននាក់ខាងលើនេះ ដណ្ដើមមិនឈ្នះគេឡើយ ព្រោះតែមិនមានខ្សែ មិនមានបក្សពួកដូចគេ ដូច្នេះហើយបើបានបទច្រៀង គឺត្រឹមតែជាបទសល់ៗពីគេប៉ុណ្ណោះ ។

“ពិបាកណាស់អូន កាលនោះថៅកែផលិតកម្ម ស្រឡាញ់តារាចម្រៀងលម្អៀងណាស់ ហើយណាមួយពួកគាត់មិនសូវចេះអែបអប និងគ្មានខ្នងផង ទើបមិនមានបទច្រៀង ហើយបើមាន ក៏សុទ្ធតែជាបទមិនល្អ និងសល់ៗពីគេដែរ” អតីតអ្នកនិពន្ធរូបនោះពោល ។

យ៉ាងណាក៏ដោយ ខាងលើនេះ គឺគ្រាន់តែជាការសិន្និដ្ឋានក្រៅផ្លូវការ របស់អតីតអ្នកនិពន្ធល្បីឈ្មោះម្នាក់ រួមជំនាន់ជាមួយលោក ប៊ុន ស័ក្ដិ ប៉ុណ្ណោះ ហើយ Lookingtoday នឹងព្យាយាមទាក់ទង សុំការបញ្ជាក់ពី សាមីខ្លួនផ្ទាល់ ដើម្បីចង់ថា តើមូលហេតុអ្វី ដែលបណ្ដាលឱ្យលោក ប៊ុន ស័ក្ដិ សម្រេចចិត្ត ចោលអាជីពជាតារាចម្រៀង ៕

ដោយ៖ ម៉ានី

Most Popular

To Top