សិល្បៈ និង កម្សាន្ត

គាប់​ជួន​នឹង​ការ​រំលឹក​ អនុស្សាវរីយ៍ ​២០​ឆ្នាំ​មុន ជាមួយប៉ា ទូច ស៊ុននិច ថា​នាង​នឹង​ចេញ ទៅ​ហូឡង់ដ៍​ឆាប់ៗ​នេះ

នៅ​ពាក់កណ្ដាល​ខែ​កក្កដា កាល​ពី​២០​ឆ្នាំ​មុន តារា​ចម្រៀង​សំឡេង​ពីរោះ​រណ្ដំ​ចិត្ត​ មិត្ត​អ្នក​ស្ដាប់​ស្ទើរ​គ្រប់​ស្រទាប់ គឺ​អ្នក​នាង ទូច ស៊ុននិច កំពុង​មាន​វត្តមាន ​នៅ​ឆាក​ប្រគំតន្ត្រី​ ក្នុង​ប្រទេស​មួយ​នៅ​ប៉ែក​អឺរ៉ុប ដែល​មាន​សេដ្ឋកិច្ច​ជឿនលឿន និង​ស៊ីវិល័យ។ នោះ​គឺ​ប្រទេស​ហូឡង់ ហើយ​នៅ​ថ្ងៃ​នេះ នាង​ថា​នឹង​ទៅ​កាន់​ទី​នោះ​ម្ដង​ទៀត​ ក្នុង​ពេល​ឆាប់ៗ​នេះ។

តារា​ចម្រៀង​ស្រី ​ដែល​កំពុង​រស់នៅ និង​ព្យាបាល​របួស ​នៅ​លើ​ទឹកដី​សហរដ្ឋ​អាមេរិក ក្រោយ​ពី​ជន​មិន​ស្គាល់​មុខ​ ប៉ុនប៉ង​ផ្ដាច់​ជីវិត​របស់​នាង​ នៅ​កម្ពុជា​ កាល​ពី​ពេល​កន្លង​ទៅ​ អ្នក​នាង ទូច ស៊ុននិច្ច បាន​បង្ហោះ​សារ​មួយ​ តាម​បណ្ដាញ​សង្គម​ Facebook នៅ​ថ្ងៃ​ទី១៤ ខែ​កក្កដា ជា​ភាសា​អង់គ្លេស​ ដែល​មាន​ន័យ​ជា​ភាសា​ខ្មែរ​ថា៖ “ជួប​គ្នា​ឆាប់ៗ​នៅ​ប្រទេស​ហូឡង់”។

ទន្ទឹម​នឹង​ការ​ប្រាប់​ដំណឹង​ថា នឹងទៅ​ជួប​អ្នក​គាំទ្រ​នេះ ទូច ស៊ុននិច្ច ក៏​បាន​បង្ហាញ​រូប​ថត​ អនុស្សាវរីយ៍​មួយ​ប៉ុស្ដិ៍ ​ជាមួយនឹង​លោក​ប៉ា​ កាល​ពី​២០​ឆ្នាំ​មុន ​នៅ​លើ​ទឹកដី នៃ​ប្រទេស​នេះ​ដែរ៖ “រូប​នេះ​ថត​ជាមួយ​លោក​ប៉ា ​ពេល​ដែល​នាង​ខ្ញុំ​ទៅ​សម្ដែង​ នៅ​ប្រទេស​ហូឡង់​ឆ្នាំ​២០០១។ នឹក​រលឹក​ដល់​បងប្អូន​ទាំង​អស់​គ្នា“។ ទោះជាយ៉ាងណាអ្នកនាង មិនបានប្រាប់ពីកាលបរិច្ឆេទ ចេញដំណើរជាក់លាក់ និងគោលបំណង ធ្វើអ្វីទៀតនៅទីនោះទេ។

គិត​ត្រឹម​ឆ្នាំ​២០២១ នេះ តារា​ចម្រៀង ទូច ស៊ុននិច មាន​វ័យ​៤១​ឆ្នាំ​ហើយ។ អ្នក​នាង បាន​ប្រឡូក​ក្នុង​វិស័យ​សិល្បៈ ​ផ្នែក​ចម្រៀង​តាំង​ពី​អំឡុង​ឆ្នាំ​១៩៨៩ ហើយ​ដៃ​គូ​ចម្រៀង ​ដែល​នាង​ច្រៀង​នៅ​ស្រុក​ខ្មែរ​ ញឹកញាប់​កាល​ពី​មិន​ទាន់​ ជួប​គ្រោះ​ថ្នាក់​នោះ មាន​២​រូប គឺ​លោក ណូយ វណ្ណេត និង​លោក សួស សងវិចា។

ត្បិត​ថា​នាង​មិន​ទាន់​បាន​ ជាសះស្បើយពី​មុខរបួស ​ដែល​ជន​មិន​ស្គាល់​មុខ​បាញ់​នោះ ប៉ុន្តែ​នៅ​តែ​អាច​ច្រៀង​តាម​ឆាក​ប្រគំតន្ត្រី​នៅ​សហរដ្ឋ​អាមេរិក និង​នៅ​ប្រទេស​ប៉ែក​អ៊ឺរ៉ុប​មួយ​ចំនួន​ទៀត​ ដែល​មាន​បងប្អូន​ខ្មែរ​រស់នៅ ហើយ​តែងតែ​អញ្ជើញ​នាង​ឲ្យ​ទៅ​ច្រៀង៕ ប្រភព៖ សប្បាយ

Most Popular

To Top