សិល្បៈ និង កម្សាន្ត

ទើប​ចេញ​បទ​ថ្មី​​មួយ​បទ នារី​ស្បែក​ខ្មៅ​ថា ៖ “ខ្ញុំ​មិន​ចង់​ឲ្យបាត់​បង់​ រសជាតិ​ជា​ខ្មែរ ​ពី​ក្នុង​ខ្លួន​ខ្ញុំឡើយ!”

នារី​ស្បែក​ខ្មៅ​ម្នាក់​ឈ្មោះ Su Ivey ដែល​រស់​នៅ​ឯ​នាយ​សមុទ្រ បាន​បញ្ចេញ​បទ​ចម្រៀង​ផ្ទាល់​ខ្លួន ​មួយ​បទ​មាន​ចំណង​ជើង​ថា “Tiger Balm” ដែល​មាន​បង្កប់​នូវ​អត្តសញ្ញាណ​របស់​ខ្មែរ ស្រប​ពេល​នាង​ថា នាង​មិន​ចង់​ឲ្យ​បាត់​រសជាតិ​ របស់​ខ្មែរ​នៅ​ក្នុង​នេះ​ឡើយ ។

បទ “Tiger Balm” បាន​ចេញ​ផ្សាយ ​នៅ​លើ​យូធូប​កាល​ពី​ពេល​ថ្មី​ៗ​នេះ ដោយ​បាន​ធ្វើ​ឲ្យ​ប្រិយមិត្ត​ មួយ​ចំនួន​បាន​ភ្ញាក់​ផ្អើល ក្នុង​នោះ​កញ្ញា សំ ថារ័ត្ន សិល្បការិនី និង​ជា​អត្តពលិក​ មួយ​រូប​ក៏​សរសើរ​ដែរ​ថា “ពីរោះ” ។

តាម​រយៈបទ​ចម្រៀង ​ដែល​មាន​ចំណង​ជើង​ប្លែក​នេះ សាមី​ខ្លួន​តារា​ចម្រៀង​បាន​ឲ្យ​ដឹង​ថា នាង​ធ្វើ​បទ​ចម្រៀង​នេះ ដោយ​ចង់​បង្ហាញ​ថា​នាង​ជា​នរណា មក​ពី​ណា?។ Su Ivey បញ្ជាក់​ថា តាម​ពិត នាង​គឺ​ជា​ជនជាតិ​ ស្បែក​ខ្មៅ​កាត់​កម្ពុជា ដែល​បាន​ធំ​ធាត់​នៅ​ក្នុង​ផ្ទះ​មួយ ​ដែល​ជួប​ការ​ប្រឈម ​ជា​ច្រើន នៅ​ក្នុង​ប្រទេស​កម្ពុជា ហើយ​នេះ​ជា​ហេតុផល ​ដែល​នាង​ធ្វើ​បទ​ចម្រៀង ​ខាង​លើ​នេះ​ឡើយ ។

“ខ្ញុំចង់ធ្វើឱ្យប្រាកដថា ខ្ញុំបានបង្ហាញ រឿង​នេះ​នៅ​ក្នុង​បទ​ចម្រៀង ​របស់​ខ្ញុំ ដែលវា​​មិន​ដែល​បាត់​បង់​រសជាតិ ​ជាខ្មែរ​ដែល​មាន​នៅ​ក្នុង​ខ្លួន ​ខ្ញុំ​នោះ​ទេ Akoun(អរគុណ)”។ Su Ivey ។

ដូច​នឹង​ការ​អះអាង ក្នុង​បទ​នេះ គេ​បាន​លឺ Su Ivey បាន​ព្យាយាម​ច្រៀង​ ជា​ភាសាខ្មែរ និយាយ​ខ្មែរ និង​រៀបរាប់​រឿង​ជាច្រើន​ទៀត ​ដែល​ជា​អនុស្សាវរីយ៍​របស់​នាង​ជាមួយ​កម្ពុជា ។

ហេតុដូច្នេះ​ហើយ ​កូន​ខ្មែរ​ពាក់​កណ្ដាល​នេះ រូប​នេះ​ទទួល​បាន​ការ​គាំទ្រ​ យ៉ាង​ច្រើន ក្នុង​នោះ​ប្រិយមិត្ត​ខ្លះ បាន​លើក​ឡើង​ថា រូប​គេ​មាន​មោទកភាព​ជាមួយ​នឹង​តារា​ចម្រៀង ​ស្បែក​ខ្មៅ​រូប​នេះ បើ​ទោះ​នៅ​ទី​ណា ក៏​មិន​ភ្លេច​កំណើត​ដើម​របស់​ខ្លួន ។ បន្ថែម​ពី​លើ​នេះ ក៏​មាន​ទាំង​បង​ប្អូន​ខ្មែរ-កម្ពុជា​ក្រោម ​ខ្លះ​ទៀត ក៏​ចូល​មក​សរសេរ​សារ ​ក្នុង​ន័យ​ដូច​គ្នា​ដែរ​ថា រូប​គេ​ក៏​មិន​ដែល​ភ្លេច​ថា​ខ្លួន​ជា “ខ្មែរ​” ដូច​គ្នា។ ដូច្នេះ​ហើយ​ពួកគេ​ក៏​មោទកភាព​ នឹង​តារា​ចម្រៀង​ វ័យ​ក្មេង​ខាង​លើ​ខ្លាំង​ណាស់ !

Most Popular

To Top