សិល្បៈ និង កម្សាន្ត

សឿ សុធារ៉ា រៀបរាប់យ៉ាងកំសត់ បន្ទាប់ពីមានអ្នកបង្ហោះ ហ្វេសប៊ុក ទាលុយតុងទីន មុខក្រោយ

ភ្នំពេញ៖ តារាសម្ដែងស្រី សឿ សុធារ៉ា បានបង្ហោះសារ គួរឱ្យអាណិតក្រោយ ពីជួបរឿងអាស្រូវ ជំពាក់លុយតុងទីន កូនក្រុម (អ្នកលេងតុងទីន) រហូតបណ្ដាលឱ្យកូនក្រុម បានចេញមុខបង្ហោះ នៅលើបណ្ដាញសង្គម បណ្ដាលឱ្យមានការភ្ញាក់ផ្អើល យ៉ាងខ្លាំង កាលពីប្រមាណជា កន្លះខែចុងក្រោយនេះ ។

អ្នកនាង សឿ សុធារ៉ា ត្រូវបានកូនក្រុមមានទាំងអ្នកសិល្បៈ និងអ្នកក្រៅសិល្បៈ ចំនួន ២រូប បានបង្ហោះសារ នៅលើបំណ្ដាញសង្គមថា តារាសម្ដែងស្រី ដ៏ល្បីល្បាញ នាកំលុងជាង ១០ឆ្នាំមុនខាងលើនេះ ក្នុងនាមជាមេក្រុម (មេតុងទីន) បានប្រមូលលុយ ជាច្រើនម៉ឺនដុល្លារ ប៉ុន្តែពុំបានបង្វិលលុយទាំងនោះដល់កូនៗ ក្រុមក្រោយៗឡើយ សូម្បីតែលុយដើមក៏មិនបានផង ។ មិនតែប៉ុណ្ណោះ តារាស្រី សឿ សុធារ៉ា បានព្យាយាមគេចវ៉េស មិនព្រមទទួលទូរស័ព្ទ ឬតបសាររបស់កូនៗ ក្រុមដែលកំពុងជួបបញ្ហាខ្វះខាត ថវិការថែមទៀត ។

ទាក់ទងជាមួយគ្នានេះដែរ ស្រាប់តែថ្មីៗនេះ សឿ សុធារ៉ា បានបង្ហោះសាររៀបរាប់ ពីទុកលំបាករបស់នាង យ៉ាងគួរឱ្យអាណិត នៅលើគណនីហ្វេសប៊ុក របស់នាង ដែលបណ្ដាលឱ្យមហាជនចាប់អារម្មណ៍យ៉ាងខ្លាំង ព្រោះថា នេះជាលើកទីមួយហើយ ដែលនាងបង្ហោះត្អួញត្អែពីទុក្ខលំបាក ទាក់ទងនឹងហិរញ្ញវត្ថុបែបនេះ ។

តួឯកស្រីនៅក្នុងរឿង «ព្រះគោ ព្រះកែវ» បានសរសេររៀបរាប់ យ៉ាងដូច្នេះថា “ក្នុងមួយឆាកជីវិតខ្ញុំនេះ ខ្ញុំបានមានបំណងជួយ ចិញ្ចឹមមើលថែជីវិតគ្រួសារ ខ្ញុំទាំងអស់! ជាពិសេស គឺឪពុកម្តាយចាស់របស់ខ្ញុំ។ គិតទៅខ្ញុំចេះជួយមនុស្ស ជុំវិញខ្លួនតាំងពីអាយុ ៦ ឆ្នាំ ទោះបីថាការជួយតិចក្តីច្រើនក្តី ព្រោះខ្ញុំក្រដែរ។ តែនៅគ្រាចុងក្រោយនេះ ខ្ញុំទើបបានចូលរួមក្នុងវិស័យ សិល្បៈវិញ ខ្ញុំចាប់អារម្មណ៍ថា ពេលខ្ញុំមានបញ្ហាតិចតួច ខ្ញុំកំពុងបានព្យាយាម ដោះស្រាយដោយមានទំនួលខុសត្រូវ យ៉ាប្រយ័ត្នបំផុត ហើយខំទប់ទល់ណាស់ តែនៅទប់មិនជាប់ទៀត ព្រោះខ្ញុំចង់សុខ រស់នៅសាមញ្ញធម្មតាៗ។ តែពេលខ្ញុំខំតស៊ូឈាន ចូលសិល្បៈវិញ បែរជាមានរឿងគួរ ឱ្យខ្ញុំគិតពិចារណាទៅវិញ ។ តើអាចមានរឿងអ្វី នៅពីក្រោយខ្នងក្រោយពេលខ្ញុំ បានវិញត្រឡប់មកបំពេញការងារសិល្បៈ របស់ខ្ញុំវិញដែលទេ?” ។

យ៉ាងណាមិញ ក្រោយពីឃើញសារនោះហើយ អ្នកនាង សឿ សុធារ៉ា ក៏ត្រូវបានមហាជន អ្នកលេងបណ្តាញ សង្គមហ្វេសប៊ុកជាច្រើន បានចូលទៅខមមិនលើក ទឹកចិត្តអ្នកនាង និង ពោលពាក្យនៅតែបន្តគាំទ្រ ស្រឡាញ់អ្នកនាងដូចដើម បើទោះជាអ្នក នាងមានឧបសគ្គអ្វីក៏ដោយ ។

គួរឱ្យដឹងដែរថា ជុំវិញនឹងការ លើកឡើងរបស់គនណី ហ្វេសប៊ុកមួយចំនួន ដែលបានចោទប្រកាន់ថា អ្នកនាង សឿ សុធារ៉ា គេចវ៉េស មិនដោះស្រាយបំណុល តុងទីននេះដែរ អ្នកនាង សឿ សុធារ៉ា ផ្ទាល់ធ្លាប់បានឆ្លើយតបថា មានកូនក្រុម (អ្នកលេងតុងទីន) ភាគច្រើ់នបានរត់ចោលអ្នកនាង ដែលជាមេតុងទីន ដែលជាហេតុនាំ ឱ្យអ្នកនាងខ្វះលុយសម្រាប់ បង្វិលឱ្យកូនក្រុមផ្សេងៗ ដូច្នេះហើយទើបអ្នកនាង បានសុំការយោគយល់ ពីកូនក្រុម ដែលនៅសេសសល់ ហើយអ្នកនាងសន្យាថា នៅឈរខ្លួនដើម្បីដោះស្រាយឱ្យកូនៗ ក្រុមរបស់នាងម្នាក់ម្ដងៗ មិនបានគេចវេសទៅណាឡើយ ។

អ្នកនាង សឿ សុធារ៉ា បានបញ្ជាក់យ៉ាងដូច្នេះថា ទឹកប្រាក់ដែលត្រូវបានខាតបង់ ដោយសារកូនក្រុម របស់នាងរត់ចោលនាងនោះ មានចំនួន រហូតទៅដល់ ជាង ១០ម៉ឺនដុល្លារឯនោះ ពុំមែននាងមានចេតនា បោកប្រាស់កូនក្រុមឡើយ ។ ហើយអ្នកនាង នឹងមានវិធានការច្បាប់ ឆ្លើយតបទៅកាន់ អ្នកដែលបង្ខូចកេរ្តិ៍ឈ្មោះរបស់នាង ថានាងជាមនុស្សបោកប្រាស់ គេចវ៉េសមិនព្រមប្រគល់ លុយទៅឱ្យកូនៗក្រុម ៕

ដោយ៖ ម៉ានី

Most Popular

To Top