សិល្បៈ និង កម្សាន្ត

តារាចម្រៀង អ៊ីណូ លាក់មុខគូស្នេហ៍ជិតឈឹង ទើបតែបង្ហាញ នៅថ្ងៃភ្ចាប់ពាក្យនេះ

ភ្នំពេញ៖ ខណៈដែលការរកស៊ី កំពុងកាក់កបខ្លាំងជាង ការងារសិល្បៈ តារាចម្រៀង អ៊ីណូ ត្រូវបានមហាជន សង្កេតឃើញថា មានជីវភាពថ្កុំថ្កើនជាងមុន ដោយធ្វើដំណើរទៅណាមកណា ជាមួយរថយន្តទំនើបៗ ឆ្លាស់ស៊េរី មិនចាញឧកញ៉ា ថ្នាក់មធ្យមៗប៉ុន្មានឡើយ ។

ដោយសារតែមូលហេតុនេះហើយ ទើបមួយរយៈក្រោយនេះ តារាមច្រៀង អ៊ីណូ មិនសូវមានបទចម្រៀងចេញច្រើនដូចពេលមុនឡើយ ដោយគ្រាន់តែចេញយូរៗមួយបទ កុំឱ្យតែអ្នកគាំទ្រភ្លេចមុខតែប៉ុណ្ណោះ ។

ស្របពេលនេះដែរ ស្រាប់តែនៅវេលាព្រឹកថ្ងៃទី ១៩ ខែកញ្ញា នេះ ម្ចាស់បទ «កុលាបក្រហម» ខាងលើ បានធ្វើឱ្យអ្នកគាំទ្រ ភ្ញាក់ផ្អើលយ៉ាងខ្លាំង ដោយសារតែលោកបានភ្ជាប់ពាក្យ ជាមួយនារីយ៉ាងស្រស់ស្អាតម្នាក់ ទាំងដែលកន្លងមកលោក ពុំដែលបានបង្ហើបថា មានម្ចាស់ចិត្តនៅឡើយ ។

តាមរយៈការបង្ហាញ នៅលើបណ្ដាញសង្គមរបស់តារាចម្រៀង សាន្តពេជ្រ សុភារិទ្ធិ ហៅ អ៊ីណូ បានឱ្យដឹងដែរថា អនាគតភរិយា របស់លោកឈ្មោះ ថៃ ម៉ានីតា ។ ប៉ុន្តែយ៉ាងណាមិញលោក មិនបានបញ្ជាក់ថា នឹងចូលរោងការ នៅពេលណានោះទេ ។

គួរឱ្យដឹងផងដែរថា ចាប់តាំងពីចូលសិល្បៈកាលពីកំលុងឆ្នាំ ២០១២ រហូតដល់មុនពេលភ្ជាប់ពាក្យនេះ តារាចម្រៀង អ៊ីណូ បានរក្សាបេះដូង រក្សា ឈ្មោះយ៉ាងស្អាតស្អំ ពុំដែលលេចឮដំណឹងថា មានស្នេហាជាមួយនារី រូបណាឡើយ ហើយនេះ ជាលើកទីមួយ ដែលធ្វើឱ្យអ្នកគាំទ្រមាន អារម្មណ៍រីករាយជំនួសលោក ក្រោយពីភាពជោគជ័យ ទៅលើមុខជំនួញ ៕

ដោយ៖ ម៉ានី

Most Popular

To Top