សិល្បៈ និង កម្សាន្ត

ជីវិតប្ដីប្រពន្ធ អតីតតារាសិល្បៈមួយគូនេះ កំពុងហក់ឡើងខ្លាំង ខណៈទើបធ្វើពិធីឡើងវីឡាថ្មី តម្លៃជាង ១លានដុល្លារ

ភ្នំពេញ៖ អតីតតារាសម្ដែង ដ៏មានប្រជាប្រិយភាពលោក គង់ រ៉ាយុទ្ធ និង ភរិយាគឺអ្នកនាង អ៊ឹម សុគន្ធា នាព្រឹកថ្ងៃទី ១៤ ខែតុលា ឆ្នាំ ២០២១នេះ បានប្រារព្ធពិធីឡើងគេហដ្ឋានថ្មី ដែលជាផ្ទះវីឡាធំស្កឹមស្កៃតម្លៃជាង ១ លានដុល្លារ ស្ថិតនៅបុរីប៉េងហួត បឹងស្នោ។

ការបង្ហាញផ្ទះវីឡាធំស្កឹមស្កៃ របស់ប្ដីប្រពន្ធអតីត តារាសិល្បៈមួយគូនេះដែរ បានធ្វើឱ្យមានការចាប់អារម្មណ៍យ៉ាងខ្លាំង ពីសំណាក់ទស្សនិកជនជាច្រើន តែវាជារឿងធម្មតា របស់មហាជនមួយចំនួន ដោយគេដឹងថា គ្មានអ្វីចំឡែកឡើយ សម្រាប់លោក គង់ រ៉ាយុទ្ធ និង ភរិយា ដែលជាអ្នកជំនួញជោគជ័យ ហើយថែមទាំងជាកូនចៅ ក្នុងត្រកូលគ្រួសារ អ្នកមានទ្រព្យសម្បត្តិ ស្ដុកស្ដម្ភថែមទៀត ។

ជាការពិតណាស់ លោក គង់ រ៉ាយុទ្ធ បានជោគជ័យ នៅក្នុងវិស័យលក់សម្លៀកបំពាក់ ច្រើនឆ្នាំណាស់មកហើយ ដោយលោកមាន ហាងលក់សម្លៀកបំពាក់ «រ៉ាយុទ្ធហ្វេសហ្សិន» ជាច្រើនសាខា និងមានហ៊ុនរកស៊ី ជាមួយបងប្អូនបង្កើតៗរបស់លោក ជាច្រើនមុខទៀត ដូចជាហាងស៊ុប និងប៊ូហ្វេ ជាដើម ។ ចំណែកឯភរិយារបស់លោក គឺអតីតតារាម៉ូឌែល អ៊ឹម សុគន្ធា ក៏កំពុងជោគជ័យយ៉ាងខ្លាំងទៅ លើវិស័យលក់ផលិតផល គ្រឿងសម្អាងស្លាកយីហោផ្ទាល់ខ្លួន ។

គួរបញ្ជាក់ផងដែរថា លោក គង់ រ៉ាយុទ្ធ បានរៀបអាពាហ៍ពិពាហ៍ជាមួយ ភរិយាគឺអ្នកនាង អ៊ឹម សុគន្ធា នាកំលុងឆ្នាំ ២០១២ ហើយនៅពេលនោះ លោកបាននាំភរិយា ទៅក្រេបច័ន្ទទឹកឃ្មុំ នៅសិង្ហបុរី ចំនួន ៧ថ្ងៃផងដែរ ។ ក្រោយរៀបការភ្លាម តារាសម្ដែងប្រុស ក្នុងខារ៉ាអូខេបទ «អង្គរក្សបេះដូង» រូបនេះបានចាប់ផ្ដើម ពង្រីកមុខជំនួញរបស់ខ្លួន ដោយចាប់ដៃជាមួយ បងប្អូនបង្កើតៗរបស់លោក ពង្រីកសាខាហាងលក់សម្លៀកបំពាក់ ព្រមទាំងបើកហាងស៊ុប និងប៊ូហ្វេ «កាកាស៊ូគី» ថែមទៀតផង ។ ហើយចាំបានថា កាលពីកំលុងឆ្នាំ២០១២ លោក គង់ រ៉ាយុទ្ធ និងភរិយា បានរៀបចំពិធីឡើងផ្ទះវីឡា មួយកន្លែងនៅម្តុំគិរីរម្យ យ៉ាងអធិកអធមម្ដងរួចមកហើយ៕​ ដោយ៖ ម៉ានី

Most Popular

To Top