សិល្បៈ និង កម្សាន្ត

ក្ដីសុខណាស់ ! ប្រពន្ធលោក កែវ វាសនា បង្ហាញរូបថតឱបថើប យ៉ាងស៊ីអារម្មណ៍ នៅក្នុងអាងទឹក

ភ្នំពេញ៖ តារាចម្រៀង កែវ វាសនា និងភរិយាអ្នកនាង លឹម លីសុគន្ធារី ហៅ ឈីឈី ត្បិតតែបានរៀបការ សាងគ្រួសារ ជាមួយគ្នាបានរយៈពេលជាង ៥ឆ្នាំមកហើយក្ដី ប៉ុន្តែប្ដីប្រពន្ធមួយគូនេះ មិនដែលមានរឿងរកាំរកូស ឈ្លោះទាស់ទែង បង្ហាញឱ្យមហាជន បានដឹងនៅលើ បណ្ដាញសង្គមឡើយ ។

ផ្ទុយទៅវិញ មានតែបង្កើតភាពផ្អែមល្ហែម ដាក់គ្នាដូចស្រមោច និងស្ក ដែលនាំឱ្យអ្នកគាំទ្រជាច្រើន ច្រណែននឹងជីវិតគូរបស់លោក កែវ វាសនា និងភរិយា ។

ជាមួយគ្នានេះដែរ កាលពីពេលថ្មីៗនេះ គេឃើញអ្នកនាង លឹម លីសុគន្ធារី បានបង្ហោះសារ និងរូបថតដ៏ផ្អែមល្ហែម ជាមួយស្វាមី ហើយសម្រាប់ការបង្ហោះនេះ ទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំង នៅលើបណ្ដាញសង្គមហ្វេសប៊ុក ។

នៅពីលើរូបថតឱបថើប កៀកកើយយ៉ាងស៊ីអារម្មណ៍ ក្នុងអាងទឹក ជាមួយលោក កែវ វាសនា អ្នកម្ដាយសាច់ខ្ចី លឹម លីសុគន្ធារី បានសរសេរយ៉ាងដូច្នេះថា “មានមនុស្សជាច្រើនប្រាថ្នា រូបបង តែបងបែជាចង់បានរូបអូន ចំណែកឯអូនបដិសេធគេគ្រប់គ្នា តែបែមកទទួលរូបបងទៅវិញ
អរគុណការស្រលាញ់ បែបច្បាស់លាស់ ស្មោះត្រង់នឹងគ្នា” ។

យ៉ាងណាមិញនេះមិនមែនជាលើកទី១ ឡើយសម្រាប់គូស្វាមីភរិយាគំរូមួយគូខាងលើនេះ ដែលបានទម្លាយពីប្រវត្តិស្នេហា មុននឹងក្លាយជាប្ដីប្រពន្ធ ។ ចាំបានថា កាលពីប៉ុន្មានខែមុនអ្នកនាង លឹម លីសុគន្ធារី បានបង្ហាញឱ្យដឹងថា តាមពិតឪពុកម្ដាយរបស់នាង បានបដិសេធ មិនពេញចិត្តជាមួយលោក កែវ វាសនា ជាច្រើនលើកច្រើនសារ ប៉ុន្តែដោយសារអំណាចនៃក្ដីស្រឡាញ់ ពួកនាងក៏បានតស៊ូជាមួយគ្នា និងបង្ហាញឳពុកម្ដាយឱ្យឃើញពីការលះបង់ និងសេចក្ដីស្មោះស្ម័គ្ររបស់លោក កែវ វាសនា ទើបអាចឈានទៅដល់ពិធីរៀបមង្គលការ និងសាងគ្រួសារដល់សព្វថ្ងៃ ។ អ្នកនាង លឹម លីសុគន្ធារី ថែមទាំងបានប្រាប់ទៀតថា បច្ចុប្បន្ននេះ ឪពុកម្ដាយនាង ស្រឡាញ់លោក កែវ វាសនា ដែលជាកូនប្រសារជាខ្លាំង ។

គួរឱ្យដឹងថា តារាចម្រៀង កែវ វាសនា និងភរិយា បានរៀបមង្គលការ កាលពីថ្ងៃទី១១ ខែឧសភា ឆ្នាំ ២០១៦ នៅគេហដ្ឋានខាងស្រី ក្នុងភូមិ ឫស្សីក្រោក ឃុំ ឫស្សីក្រោក ស្រុកមង្គលបុរី ខេត្តបន្ទាយមានជ័យ ។ ហើយមកទល់ពេលបច្ចុប្បន្ននេះ ម្ចាស់បទ «លទ្ធផលស្មោះពេក» និងភរិយា ទទួលបានចំណង ដៃកូនប្រុស ស្រី ដ៏គួរឱ្យស្រឡាញ់ពីរនាក់ រស់នៅយ៉ាងមានសុភមង្គល ក្រោមជីវភាពដ៏ធូរ ៕

ដោយ៖ ម៉ានី

Most Popular

To Top