សិល្បៈ និង កម្សាន្ត

ទីបំផុតម្ចាស់បទ «អាក្របី» នឹងគូស្នេហ៍ដ៏ស្រស់ស្អាត របស់លោក ត្រៀមភ្ជាប់ពាក្យ ២ថ្ងៃខាងមុខ

ភ្នំពេញ ៖ កាលពីអំឡុងខែកញ្ញា ឆ្នាំ ២០២១ កន្លងទៅ មហាជននិយមគាំទ្រ តារាចម្រៀង Original ចេន ប្រាកដជាមានការភ្ញាក់ផ្អើលមកហើយដែរ ក្រោយលោកបានបង្ហាញ ជាសាធារណៈថាខ្លួនមានសង្សាររួចហើយនោះ ។ កាលនោះ ប្រុសស្អាត ចេន ក៏បានធ្វើឱ្យអ្នកគាំទ្រនារីៗមួយចំនួន ដែលលួចស្នេហ៍ រូបលោក ខូចចិត្តមិនតិចនោះដែរ ។

ក្រោយពីសាងចំណងស្នេហ៍ បានប្រមាណ ៥ ខែ មកនេះ តារាចម្រៀង ចេន និង គូស្នេហ៍ក៏មិនសូវនៅឆ្ងាយពីគ្នាប៉ុន្មាននោះដែរ ដោយលោក និង មិត្តស្រីតែងតែបង្ហាញពីភាពផ្អែមល្ហែម ក្តីស្រឡាញ់យ៉ាងកក់ក្តៅឱ្យគ្នាជានិច្ច ហើយសកម្មភាពទាំងនោះ គឺតែងបង្ហាញនៅលើបណ្ដាញសង្គមហ្វេសប៊ុក និង Instagyram ជាដើម។

ជាមួយគ្នានេះដែរ នៅថ្ងៃទី ០៥ ខែមករា ឆ្នាំ ២០២២ នេះ តារាប្រុសរូបសង្ហានេះ កាន់តែធ្វើឱ្យអ្នកគាំទ្រ ភ្ញាក់ផ្អើលទៀត ក្រោយពីបានឃើញលើបណ្ដាញ សង្គមរបស់លោក បានបង្ហោះរូបភាពជាគូនឹង គូស្នេហ៍រូបស្រស់ បង្ហាញមុខយ៉ាងច្បាស់ៗ ព្រមទាំងប្រកាស ឱ្យដឹងថាអ្នកទាំងពីរ នឹងភ្ជាប់ពាក្យថ្ងៃទី ០៧ ខែមករា ឆ្នាំ ២០២២ នេះហើយ ។

គួរឱ្យដឹងផងដែរថា តារាចម្រៀងប្រុស វ័យក្មេងរាងខ្ពស់ស្រឡះខាងលើនេះ ក្រោយពីបានចេញបទចម្រៀង «អាក្របី» ជាមួយក្រុម Mustache Band របស់ខ្លួន កាលពីជាងបីឆ្នាំមុនរួចមក សង្កេតឃើញថា ប្រជាប្រិយភាព របស់គេបានហក់ឡើងជាលំដាប់ រហូតដល់មានអ្នកគាំទ្រនារីៗ ជាច្រើនលួចស្នេហ៍ថែមទៀតផង ។

កាលពីអំឡុងខែកញ្ញា ឆ្នាំ ២០២១ ក្រោយពី ចេន បានបង្ហោះសារទាញចំណាប់អារម្មណ៍មួយនៅលើហ្វេសប៊ុក ដោយនិយាយសុំអ្នកគាំទ្រខ្លួនមានសង្សារ ស្រាប់តែឥលូវនេះ គេក៏បានបង្ហាញមុខគូស្នេហ៍ដ៏ស្រស់ស្អាតម្នាក់ ធ្វើឱ្យមានការចាប់អារម្មណ៍ និងភ្ញាក់ផ្អើលយ៉ាងខ្លាំង ត្បិតអីកន្លងមក ចេន ពុំធ្លាប់បានបង្ហាញមុខនារីណាម្នាក់ថាជាសង្សារនៅឡើយ ។

នារីដែលជាគូស្នេហ៍របស់ម្ចាស់បទ «ខ្សឹបៗក៏ឈឺ» រូបនេះផងដែរ ត្រូវបានគេស្គាល់ឈ្មោះថា វ៉ាន់ លក្ខិណា ។ បើទោះជាមានវ័យក្មេងខ្ចីប៉ុន្តែនារីម្នាក់នេះ កំពុងមានមុខរបរកាន់កាប់ផ្ទាល់ខ្លួន ហើយនាងក៏ជាកូនស្រីអ្នកមានជីវភាពសមរម្យមួយផងដែរក្នុងសង្គម ។

យ៉ាងណាមិញ ត្បិតតែអ្នកទាំងពីរបានបង្ហាញពីសម្ព័នភាព ស្នេហារវាងគ្នានិងគ្នា ជាសាធារណៈហើយក៏ដោយ ប៉ុន្តែគេនៅមិនទាន់បានប្រាប់ថា បានចាប់ផ្ដើមទាក់ទងគ្នាតាំងពីពេលណាមកឡើយ ។ ហើយបើតាមការប៉ាន់ស្មាន របស់អ្នកគាំទ្រដោយ យោងតាមរូបថតនៅលើបណ្ដាញសង្គម បានឱ្យឃើញថា ចេន និងនារីស្រស់ស្អាតម្នាក់នោះអាចស្រឡាញ់គ្នា យូរណាស់មកហើយ ៕

ដោយ៖ ម៉ានី

Most Popular

To Top