សិល្បៈ និង កម្សាន្ត

តារាចម្រៀងជើងចាស់ ល្បីឈ្មោះ មាស សារ៉ាន់ បង្ហាញទុក្ខលំបាក ខ្វះលទ្ធភាពព្យាបាលជំងឺ ដែលកំពុងធ្ងន់ធ្ងរ

ភ្នំពេញ៖ លោក មាស សារ៉ាន់ ដែលជាតារាចម្រៀងចាស់ ល្បីឈ្មោះ និងនិយមលេងស្ទីលកំប្លុកកំប្លែង រាល់ពេលឡើងឆាក ក្រោយពីបានបាត់មុខ អស់មួយរយៈធំរួចមក ស្រាប់តែពេលនេះទើបដឹងថា លោកកំពុងធ្លាក់ខ្លួនឈឺ រហូតអស់លទ្ធភាពព្យាបាល ។

តាមរយៈលោក អ៊ឹម ជីវ៉ា បានឱ្យដឹងកាលពីពេលថ្មីៗនេះថា លោក មាស សារ៉ាន់ បច្ចុប្បន្នមានវ័យ ៦៨ឆ្នាំ កំពុងធ្លាក់ខ្លួនឈឺជាទម្ងន់ ជាមួយដូចជា តម្រងនោម និងរលាកខ្នែងពោះវៀន ។

ប្រភពបានឱ្យដឹងថា បច្ចុប្បន្ននេះ លោក មាស សារ៉ាន់ កំពុងសម្រាកព្យាបាល នៅមន្ទីរពេទ្យឯកជនមួយកន្លែង ក្នុងរាជធានីភ្នំពេញ ហើយក្រុមគ្រូពេទ្យតម្រូវ ឱ្យគាត់វះកាត់ ប៉ុន្តែឥឡូវគាត់អត់មានលទ្ធ ភាពឡើយ ។ ជាមួយគ្នានេះផងដែរ លោក មាស សារិទ្ធ ដែលជាកូនបង្កើត របស់លោកគ្រូ មាស សារ៉ាន់ ក៏បានអំពាវនាវ សូមឱ្យមហាជនជួយដោះទុក្ខលំបាក ឪពុករបស់លោកផងដែរ ។

ជាមួយដំណឹងដ៏ភ្ញាក់ផ្អើលនេះដែរ គេឃើញមានមហាជន និងអ្នកគាំទ្រ ជាច្រើនបានបង្ហាញការអាណិត អាសូរនឹងបានផ្ញើសារជូនពរ ឲ្យតារាចម្រៀងនិងកំ ប្លែងជើងចាស់លោកគ្រូ មាស សារ៉ាន់ ឆាប់ជាសះ ស្បើយពីជំងឺផងដែរ ។

គួរឱ្យដឹងដែរថា លោក មាស សារ៉ាន់ គឺជាសិល្បៈករជើងចាស់មួយរូប ដែលមានសមត្ថភាពច្រើន នៅក្នុងអាជីពរបស់លោក ។ លោកជាតារាចម្រៀងម្នាក់ ដែលធ្វើឱ្យទស្សនិកជន ស្គាល់ច្បាស់តាមរយៈកាយវិកាក្រម៉ិចក្រមើម និង មានបទចម្រៀងល្បីៗ ជាច្រើនកាលពី ២០ឆ្នាំមុន ដូចជាបទ «កង្កែបបងមួយ» »យាយតារាំឡក» «សម្លរកូនអុក» និងបទ «AIMER បងទៅ» ជាដើម ៕

ដោយ៖ ម៉ានី

Most Popular

To Top