សិល្បៈ និង កម្សាន្ត

អ្នកគាំទ្រខំតែសង្ស័យថា តារាចម្រៀង ចឺម និងគូស្នេហ៍ថ្មី បែកគ្នា ឥលូវសាមីខ្លួនចេញមកបកស្រាយហើយ

ភ្នំពេញ៖ នៅប៉ុន្មានថ្ងៃចុងក្រោយនេះ មហាជនអ្នកប្រើប្រាស់បណ្ដាញសង្គមហាក់មានការភ្ញាក់ផ្អើល សង្ស័យពីចំណងស្នេហ៍របស់ តារាចម្រៀង នាយចឺម និង អ្នកមេម៉ាយរូបស្រស់សម្រស់ ជាខ្លាំង ក្រោយឃើញ គូស្នេហ៍របស់ តារាប្រុសរូបនេះ បានបង្ហោះសារប្លែកៗនៅលើគណនីហ្វេសប៊ុក ហាក់បង្ហាញឱ្យដឹងថាស្នេហារបស់អ្នកទាំងពីរកំពុងមានបញ្ហារកំារកូសនឹងគ្នា រហូតអ្នកនាងសុំរាប់អាននាយចឺមជាមិត្តធម្មតាវិញទៀតផង។

ទាក់ទងនឹងសារខាងលើនេះ មានអ្នកគាំទ្រមិនតិចនាក់ឡើយ ដែលចង់ដឹងថា តើចំណងស្នេហារបស់លោក ចឺម និងអ្នកមេម៉ាយសាច់ខ្ចី សេង សុឃីម ដែលទើបតែចាប់ផ្ដើមមិនទាន់បានមួយឆ្នាំផងនោះ អាចនឹងឈានដល់ផ្លូវបំបែកមែនដែរទេ? ហើយប្រសិនបើពួកគេបែកគ្នាមែននោះក៏ពុំមានអ្វីចម្លែកដែរ ព្រោះតារាចម្រៀង ចឺម តែងតែដូរមុខសង្សា ដូចដូរសម្លៀកបំពាក់ទៅហើយ ។

យ៉ាងណាមិញនៅព្រឹកថ្ងៃទី ១០ ខែកុម្ភៈ ឆ្នាំ ២០២២ នេះ ក៏បានឃើញ អ្នកនាង សេង សុឃីម គូស្នេហ៍របស់ តារាប្រុសរូបនេះ បានចេញមុខស្រាយការសង្ស័យរបស់មហាជនយ៉ាងច្បាស់ៗឱ្យដឹងថា ចំណងស្នេហ៍របស់អ្នកនាង និង នាយចឺម មិនមានបញ្ហាអ្វីឡើយ ហើយអ្នកនាង ក៏ពុំបានត្រូវនាយចឺមធ្វើបាបចិត្តឱ្យយំសូម្បីតែម្ដងដែរ។ នេះបើយោងតាមការសរសេររបស់អ្នកនាង នៅលើបណ្ដាញសង្គមហ្វេសប៊ុកយ៉ាងដូច្នេះថា “បងៗអើយ ប្អូន post ខេបសិនទាក់ទងអារម្មណ៍ពុកម៉ែបងប្អូនក៏មិនបាន បងៗមិនបាច់ហត់សង្ស័យទេ បើមានថ្ងៃនោះមែនចាំប្អូន live ប្រាប់ណា កុំបារម្ភអីណា មួយរយៈនេះ រវល់ការងារខ្លាំងពេក អត់សូវមានមើល fb ទើបឃើញព័ត៌មានមិញៗ និង អរគុណណាស់ដែលបានបារម្ភប្អូនៗ បងជាសង្សារល្អណាស់ គាត់មិនដែលធ្វើឱ្យខ្ញុំយំរឿងស្រីម្តងណាទេ ខ្ញុំស្បថជូន គាត់ឱ្យសិទ្ធខ្ញុំគ្រប់យ៉ាង លើកលែងតែម្យ៉ាងល្មមហើយ អត់ប្រាប់អ្នកទាំងអស់គ្នាទុកឱ្យឆ្ងល់ ចង់ដឹងសួរគាត់”។

គួរឱ្យដឹងថា ឆ្នាំនេះអ្នកនាង សេង សុឃីម មានវ័យ២៥ឆ្នាំ និងមានកូនប្រុសមួយដែលមានវ័យជិតបីឆ្នាំ ។ ត្បិតតែមិនទាន់មានពាក្យចេញពីមាត់ម្ចាស់បទ «អារហាម» ថាខ្លួន និងអ្នកនាង សេង សុឃីម ស្រឡាញ់គ្នាតាំងពីពេលណាមកក៏ដោយ ប៉ុន្តែសកម្មភាពដ៏គួរឱ្យសង្ស័យរបស់ពួកគេបានបង្ហាញជាសាធារណៈនាអំឡុងពេលក្រោយពេលថត MV ចម្រៀង បទ «ថ្លៃបណ្ណាការ» របស់នាយ ចឺម ៕

ដោយ៖ ម៉ានី

Most Popular

To Top