សិល្បៈ និង កម្សាន្ត

ទីបំផុតម្ចាស់បទ «ទឹកភ្នែកខ្ទើយុ» ដាច់ចិត្តទម្លាយពីមូលហេតុ ដែលលោក ដើរចេញពីវិថីសិល្បៈចម្រៀង

ភ្នំពេញ៖ បើគិតមកដល់ពេលនេះរយៈពេលជាច្រើនឆ្នាំ មកហើយ តារាចម្រៀង អាន វិសាល បានផ្អាកក្នុងការចេញបទចម្រៀងថ្មី និងពុំដែលឃើញបង្ហាញវត្តមាននៅលើឆាកទូរទស្សន៍នានាឡើយ ។ ហើយសម្រាប់ភាពស្ងប់ស្ងាត់នេះ ក៏ធ្វើឱ្យមានទស្សនិកជន និងអ្នកដែលធ្លាប់តែគាំទ្រលោក បង្ហាញពីក្ដីនឹករឮកយ៉ាងខ្លាំង ព្រមទាំងសង្ឃឹមថា ម្ចាស់បទ «ទឹកភ្នែកខ្ទើយ» ខាងលើនេះ អាចនឹងវិលមករកអាជីពជាតារាចម្រៀងម្ដងទៀតនៅថ្ងៃណាមួយ ។

ជាមួយគ្នានេះដែរ កាលពីពេលថ្មីៗនេះ លោក អាន វិសាល បានឱ្យមហាជនភ្ញាក់ផ្អើល ក្រោយពេលលោកបានបង្ហាញខ្លួនសារជាថ្មីនៅក្នុងកម្មវិធីសម្ភាន៍មួយ ប៉ុន្តែការបង្ហាញខ្លួនលើកនេះ មិនមែនលោកបង្ហាញពីដំរួយវិលចូលសិល្បៈវិញទេ គឺគ្រាន់តែជាការអញ្ជើញដើម្បីបកស្រាយចង់ដឹងពីមូលហេតុអ្វីដែលលោកសម្រេចចិត្តចាកចេញពីសិល្បៈប៉ុណ្ណោះ ។

ជាការពិតណាស់ លោក អាន វិសាល កាលពីជាង ១០ឆ្នាំមុន ធ្លាប់តែជាតារាចម្រៀងប្រុសដ៏មានប្រជាប្រិយភាពម្នាក់ ដែលមានការគាំទ្រច្រើនពីសំណាក់យុវវ័យ ។ កេរ្តិ៍ឈ្មោះរបស់ អាន វិសាល បានចាប់ផ្ដើមផ្ទុះខ្លាំង នាអំឡុងពេលលោកជ្រកក្នុងទ្រនុំផលិតកម្ម CB ហើយបទចម្រៀងល្បីៗរបស់លោកនៅផលិតកម្មមានដូចជា «ផ្ដើមស្រឡាញ់ ផ្ដើមអស់សង្ឃឹម», «ទឹកភ្នែកខ្ទើយ», «សែនខ្មាស ខ្លួន ឯង» ក្រោយមកនាកំលុងឆ្នាំ ២០០៩ លោកក៏បានចូលក្នុងផលិតកម្ម M ហើយក៏បានបន្សល់បទចម្រៀងល្បីៗប៉ុន្មានបទទៀតដូចជាបទ «បារម្មណ៍ពីអូនក៏បងខុស» និងបទ «ទៅបានទាន់ទឹកភ្នែកពុំទាន់ស្រក់» ជាដើម ។

មួយរយៈបន្ទាប់ពីជ្រកក្រោមផលិតកម្ម M ស្រាប់តែបាត់វត្តមានលោក អាន វិសាល មិនមានឃើញចេញបទចម្រៀងថ្មីសោះ ប៉ុន្តែ គេក៏ចាំបានថាកាលពីអំឡុងឆ្នាំ ២០១៨ លោកធ្លាប់បាន ឡើងច្រៀងលើឆាក តន្ត្រី ម្តង ម្កាល ។ ហើយក្រោយមកក៏បានឈ្មោះ បាត់សំឡេងសូន្យ តែម្ដងនៅក្នុងពិភពសិល្បៈចម្រៀង ។

សម្រាប់ការដើរចេញពីសិល្បៈដែលលោកខំតស៊ូអស់រយៈពេលជាង ១០ឆ្នាំនេះ លោក អាន វិសាល បានទម្លាយឱ្យដឹងពីមូលហេតុថា ដោយសារតែលោកមានបញ្ហាមួយចំនួនជាមួយផលិតកម្មថ្មីបន្ទាប់ពីផលិតកម្ម CB ជាពិសេសលោក ត្រូវបានផលិតកម្មនោះទុកចោល ទើបធ្វើឱ្យលោកអស់កម្លាំងចិត្ត រហូតដាច់ចិត្តឈប់ពីសិល្បៈនៅពេលនោះតែម្ដង ។

គួរឱ្យដឹងថា សព្វថ្ងៃបើទោះជាចាកឆ្ងាយពីវិថីសិល្បៈក៏ពិតមែន ប៉ុន្តែលោក អាន វិសាល កំពុងតែប្រកបរបររកស៊ីប្រចាំថ្ងៃ ក្រោយពីកន្លងមកលោកធ្លាប់បានជួបប្រទះនូវភាពលំបាកខ្លះៗនៅក្នុងជីវិត។ ក្នុងនោះ លោក អាន វិសាល បានបើកហាងលក់នំបញ្ចុកពេលថ្ងៃ និង ភោជនីដ្ឋានផឹកស៊ី គ្រឿងក្លែមមួយកន្លែង តែដោយការរាតត្បាតកូវីដ លោកក៏បានបង្កើនការលក់គ្រឿងក្លែម និង អាហារផ្សេងៗតាមអនឡាញវិញ ដែលពេលនេះកំពុងកាក់កបគួរសម ៕

ដោយ៖ ម៉ានី

Most Popular

To Top