សិល្បៈ និង កម្សាន្ត

អាន វិសាល បោះបង់អាជីព ជារាតាមច្រៀង កំពុងសម្ងំប្រកបរបរមួយនេះ

ភ្នំពេញ៖ បើគិតមកដល់ពេលនេះ រយៈពេលជាច្រើនឆ្នាំ មកហើយ តារាចម្រៀង អាន វិសាល បានផ្អាកក្នុងការចេញបទចម្រៀងថ្មី និងពុំដែលឃើញបង្ហាញវត្តមាន នៅលើឆាកទូរទស្សន៍នានាឡើយ ។ ហើយសម្រាប់ភាពស្ងប់ស្ងាត់នេះ ក៏ធ្វើឱ្យមានទស្សនិកជន និងអ្នកដែលធ្លាប់តែគាំទ្រលោក បង្ហាញពីក្ដីនឹករឮកយ៉ាងខ្លាំង ព្រមទាំងសង្ឃឹមថា ម្ចាស់បទ «ទឹកភ្នែកខ្ទើយ» ខាងលើនេះ អាចនឹងវិលមករកអាជីព ជាតារាចម្រៀងម្ដងទៀតនៅថ្ងៃណាមួយ ។

ជាការពិតណាស់ លោក អាន វិសាល កាលពីជាង ១០ឆ្នាំមុន ធ្លាប់តែជាតារាចម្រៀងប្រុស ដ៏មានប្រជាប្រិយភាពម្នាក់ ដែលមានការគាំទ្រច្រើនពីសំណាក់យុវវ័យ ។ កេរ្តិ៍ឈ្មោះរបស់ អាន វិសាល បានចាប់ផ្ដើមផ្ទុះខ្លាំង នាអំឡុងពេលលោកជ្រកក្នុង ទ្រនុំផលិតកម្ម CB ហើយបទចម្រៀងល្បីៗរបស់លោក នៅផលិតកម្មមានដូចជា «ផ្ដើមស្រឡាញ់ ផ្ដើមអស់សង្ឃឹម», «ទឹកភ្នែកខ្ទើយ», «សែនខ្មាស ខ្លួន ឯង» ក្រោយមកនាកំលុងឆ្នាំ ២០០៩ លោកក៏បានចូលក្នុងផលិតកម្ម M ហើយក៏បានបន្សល់បទចម្រៀងល្បីៗ ប៉ុន្មានបទទៀតដូចជាបទ «បារម្មណ៍ពីអូនក៏បងខុស» និងបទ «ទៅបានទាន់ទឹកភ្នែកពុំទាន់ស្រក់» ជាដើម ។

សព្វថ្ងៃបើទោះជាចាកឆ្ងាយ ពីវិថីសិល្បៈក៏ពិតមែន ប៉ុន្តែលោក អាន វិសាល កំពុងតែប្រកបរបររកស៊ីប្រចាំថ្ងៃ ក្រោយពីកន្លងមកលោកធ្លាប់បានជួបប្រទះ នូវភាពលំបាកខ្លះៗនៅក្នុងជីវិត។ ក្នុងនោះ លោក អាន វិសាល បានបើកហាងលក់នំបញ្ចុកពេលថ្ងៃ និង ភោជនីដ្ឋានផឹកស៊ី គ្រឿងក្លែមមួយកន្លែង តែដោយការរាតត្បាតកូវីដ លោកក៏បានបង្កើនការលក់គ្រឿងក្លែម និង អាហារផ្សេងៗតាមអនឡាញវិញ ដែលពេលនេះកំពុងកាក់កបគួរសម។

គួរឱ្យដឹងថា កាលពីប្រមាណ ៤-៥ ឆ្នាំមុន លោក អាន វិសាល ក៏បានបើកមុខរបរលក់បាយ ជាមួយសាច់ញាតិដែរ ប៉ុន្តែកាលនោះលោកធ្លាប់ប្រាប់ អ្នកសារព័ត៌មានក្នុងស្រុកថា មិនកាក់កបឡើយ ៕ ដោយ៖ ម៉ានី

Most Popular

To Top