សិល្បៈ និង កម្សាន្ត

ម្ចាស់ទូកល្បឿនលឿន និងអ្នកបើកបរ ត្រូវចោទប្រកាន់ ពីបទស្លាប់ តារាសម្តែងថៃ Tangmo

ថៃ៖ម្ចាស់ និងអ្នកបើកកប៉ាល់ល្បឿនលឿន ដែលដឹកតារាសម្តែងថៃ Nida “Tangmo” Patcharaveerapong ស្លាប់នៅទន្លេ Chao Phraya ក្នុងទីក្រុងបាងកក កាលពីថ្ងៃព្រហស្បតិ៍ ត្រូវបានចោទប្រកាន់ ពី បទធ្វេសប្រហែស និងប្រតិបត្តិការ កប៉ាល់គ្មានការអនុញ្ញាត យោងតាមការចេញផ្សាយ ពីគេហទំព័រ Bangkokpost ។

លោក Pol Lt Col Uthen Hongthong ជាប្រធានសួរចម្លើយ នៅស្ថានីយ៍ប៉ូលីស Muang នៅខេត្ត Nonthaburi បាននិយាយកាលពីថ្ងៃអាទិត្យថា ក្រុមប៉ូលីសកាលពីយប់ថ្ងៃសៅរ៍ បានធ្វើការចោទប្រកាន់ជាផ្លូវការលើ Tanupat “Por” Lerttaweewit ជាម្ចាស់ទូកលឿន និង Phaiboon “Robert” Trikanjananun ជាអ្នកបើកបរកប៉ាល់ Nida បានធ្លាក់ស្លាប់ កាលពីថ្ងៃព្រហស្បតិ៍ ។

បុរសទាំង២នាក់ ដែលត្រូវបានតុលាការខេត្ត Nonthaburi ចេញដីកាចាប់ខ្លួននោះ ត្រូវបានចោទប្រកាន់ចំនួន២ បទល្មើស គឺទី១ បើកកប៉ាល់គ្មានច្បាប់ អនុញ្ញាត និងទី២ ចោទប្រកាន់ធ្ងន់ធ្ងរជាងនេះ ពីបទធ្វេសប្រហែសបណ្ដាលឲ្យមនុស្សស្លាប់ ។ ក្រោយមកទៀត ត្រូវផាកពិន័យជាអតិបរមា ២00,000 បាត ឬដាក់ពន្ធនាគារអតិបរមា ១0 ឆ្នាំ ឬទាំង២ ។

លោក Tanupat បានទទូចកាលពីថ្ងៃសៅរ៍ថា ទូករបស់លោកមានអាជ្ញាប័ណ្ណ ស្របច្បាប់ ប៉ុន្តែបានសារភាពថា ពន្ធលើនាវានៅឆ្នាំនេះគឺហួសពេល២ឬ៣ ថ្ងៃ។ មនុស្ស៤នាក់ផ្សេងទៀត នៅលើទូកគឺ Idsarin “Gatick” Juthasuksawat ជាអ្នកគ្រប់គ្រងផ្ទាល់ខ្លួនរបស់ Tangmo; Wisapat “Sand” Manomairat, ស្ត្រីម្នាក់ផ្សេងទៀត និង Nitas “Job” Kiratisoothisathorn ។

ប៉ូលីសបានសួរចម្លើយលោក Tanupat និងលោក Phaiboon នៅយប់ជ្រៅ នៅប៉ុស្តិ៍ប៉ូលីស Muang ហើយអ្នកជំនាញប៉ូលីស ត្រូវបានហៅឲ្យពិនិត្យមើលទូរស័ព្ទដៃ របស់ពួកគេដើម្បីបញ្ជាក់ពីការចោទ ប្រកាន់នៅចំពោះមុខមេធាវីរបស់ពួកគេ៕
ដោយ៖លី ភីលីព

Most Popular

To Top