កូរ៉េ៖ បើយោងតាមចេញផ្សាយផ្លូវការ របស់គេហទំព័រកម្សាន្តកូរ៉េខាងត្បូង Allkpop បានប្រាប់ឲ្យដឹងថា តារាចម្រៀងនាង Suzy បានបរិច្ចាគប្រាក់ចំនួន ១00 លានវ៉ុន (៨១ពាន់ដុល្លារអាមេរិក) ដើម្បីជួយជនរងគ្រោះដោយភ្លើងឆេះព្រៃ នាពេលថ្មីៗនេះនៅ Uljin, Geyongsangbuk-do និង Samcheok, Gangwon-do ។
នៅថ្ងៃទី ១0 ខែមីនា សមាគមសង្គ្រោះគ្រោះមហន្តរាយជាតិ Hope Bridge បានបង្ហាញថា នាង Suzy បានបរិច្ចាគ ១00 លានវ៉ុន ដល់អ្នកដែលរងផលប៉ះពាល់ដោយភ្លើងឆេះព្រៃ សម្រាប់ការសង្គ្រោះបន្ទាន់ និងការសង្គ្រោះការខូចខាត។ Suzy ធ្លាប់បានបរិច្ចាគដល់ Hope Bridge ដល់អ្នកដែលរងផលប៉ះពាល់ ដោយភ្លើងឆេះព្រៃ នៅខេត្ត Gangwon ក្នុងឆ្នាំ ២0១៩ និងការខូចខាតដោយទឹកជំនន់កាលឆ្នាំ ២0២0។
ឥឡូវនេះនាងបានក្លាយជាសមាជិកផ្លូវការនៃ ‘Honors Club’ នៃ Hope Bridge ដែលទទួលស្គាល់អ្នកបរិច្ចាគ ដែលមានតម្លៃខ្ពស់។ នៅក្នុងព័ត៌មានផ្សេងទៀត Suzy កំពុងពិភាក្សាដើម្បីសម្តែងក្នុងរឿងភាគរបស់ Netflix នាពេលខាងមុខ ‘The Girl Downstairs’ ៕ ដោយ៖លី ភីលីព