សិល្បៈ និង កម្សាន្ត

ទីបំផុតស្រីស្អាត ម៉ៃយ៉ា ហ៊ានបណ្ដើរគូស្នេហ៍ភេទដូចគ្នា ដោយបើកចំហ ជួបជុំមិត្តសិល្បៈ 

ភ្នំពេញ៖ តារាសម្ដែងនិងជាពិធីការិនីជាកូនកាត់អាឡឺម៉ង់នាង ហ្គាហ្គើរ សូរ៉ៃយ៉ាមាថា ហៅ ម៉ៃយ៉ា ដែលធ្លាប់តែ​បង្ហាញភាពផ្អែមល្ហែមស្នេហ៍ជាមួយអ្នកនាង Pich នោះ កន្លងមកពួកគេតែងតែ​កៀក​កើយ​គ្នានៅមាត់ស្ទឹង ឬក្លឹប​កម្សាន្ដ តែមិនដែលហ៊ានបណ្ដើរគ្នាជាចំហ​តាមកម្មវិធី​អ្នក​សិល្បៈ​រួមអាជីព​ណាស់ព្រោះខ្លាចពួកម៉ាកសួរ​នាំច្រើន​នាំតែ​ឈឺក្បាល។ តែអ្វីដែលកួរឱ្យភ្ញាក់ផ្អើលនោះ គឺនៅថ្ងៃ​មង្គលការ​របស់ផេន ខេក កា​ល​ពីថ្ងៃទី៩ខែមីនាឆ្នាំ២០២២ នៅវិមានសែនសុខ នោះតា​រា​កូនកាត់​បរទេស​រូបនេះបានដឹកដៃ​ម្ចាស់ស្នេហ៍ចូលរួមពិធីជប់លៀងនោះជាចំហតែម្ដង ​នាំឱ្យអ្នករួមអាជីព​ និង​ភ្ញៀវ​ទាំងឡាយរួមទាំងអ្នកសារព័តមានផងនោះ ចាប់អារម្មណ៍ទៅលើម៉ៃយ៉ា ជាងគូស្នេហ៍ភេទដូច​គ្នា​ដទៃទៀត ព្រោះ​ថាមើលទៅអ្នកទាំង២កាន់តែយល់ចិត្តថ្លើមគ្នាខ្លាំង​ណាស់ឬអាចថា​ចិត្ត១​ថ្លើម១ទៅហើយ។

ជាការពិតណាស់ តារាសម្ដែងស្រីស្រស់សោភា ម៉ៃយ៉ា ត្រូវបានទស្សនិកជនភាគច្រើន រួមទាំងមិត្តក្នុងសិល្បៈទាំងអស់ បានដឹងយ៉ាងច្បាស់

ថា មានទំនាក់ទំនងស្នេហាជាមួយមនុស្សស្រីដូចគ្នាអស់រយៈពេលជាច្រើនឆ្នាំមកហើយ គ្រាន់តែនាងពុំដែលបង្ហាញជាសាធារណៈ ទើបតែមួយរយៈប្រមាណ ២ ឆ្នាំចុងក្រោយនេះ ទើបនាងបើកចំហថា នាងមានសង្សាជាមួយស្រីដូចគ្នា ទាំងនៅក្នុងកម្មវិធីទូរសទស្សន៍ ក៏ដូចជាបង្ហាញរូបភាពផ្អែមល្ហែមនៅលើបណ្ដាញសង្គមផងដែរ ។

ដោយឡែក ម៉ៃយ៉ា បើទោះជាពេលនេះរឿងស្នេហានាងត្រូវបានគ្រប់គ្នាបាន​ដឹងអស់​ទៅហើយក្ដី តែពេល​ខ្លះ​នាងបែជាមិនសូវពេញចិត្តចំពោះ​សាព័តមានដែលផ្សព្វផ្សាយ​រឿង​នាងបង្កាត់ភ្លើងស្នេហា​ជាមួយ​ស្រីដូច​គ្នានេះ​ទៅវិញ។ចំណែកប្រុសៗដែលលង់សម្រស់តារាសាច់សខ្ចីរូបនេះវិញបានត្រឹមខកចិត្តនិងដកខ្លួនថយអស់ ព្រោះ​ថាទោះជាប្រុសនោះអ្នកមាន​ទ្រព្យ​យ៉ាងណា ក៏ម៉ៃយ៉ា មិនបេតីដែរដោយសារតែពេលនេះបេះដូងនាងប្រគល់​ជូនអ្នក​នាង​ Pich តែម្នាក់គត់។ 

គួរឱ្យដឹងផងដែរថា បច្ចុប្បន្ន ម៉ៃយ៉ា គឺជាតារាសម្ដែងស្រីដ៏លេចធ្លោមួយរូប ក្នុងចំំណោមតារាសម្ដែងស្រីល្បីៗក្នុងប្រទេសកម្ពុជា ។ ក្រៅតែពីអាជីពជាតារាសម្ដែងហើយនោះ នាងក៏មានសមត្ថភាពធ្វើជាពិធីការិនីផងដែរ ដោយទទួលបានការងារជាច្រើនមិនថាតែពិធីការិនីទូរទស្សន៍ ក៏ដូចជាកម្មពិធីខាងក្រៅផ្សេងៗជាដើម ៕ ដោយ៖ ម៉ានី

Most Popular

To Top