សិល្បៈ និង កម្សាន្ត

អ្នកគាំទ្រសរសើរ ទោះជាតារាសម្តែង ប៉ែន សុផានី មានងារជាជំទាវ ប៉ុន្តែហ៊ានធ្វើសកម្មភាព បែបនេះ

ភ្នំពេញ៖ ក្រោយក្លាយជាភរិយា នឹងមានងារជាជំទាវ ស្របច្បាប់ ពេលនេះ តារាសម្តែង ប៉ែន សុផានី ហាក់ដកឃ្លា ពីអាជីពសិល្បៈដោយងាក ទៅបំពេញតួនាទីជាមេផ្ទះ ដ៏ល្អសម្រាប់ស្វាមីវិញ ។ អ្វីដែលចាប់អារម្មណ៍ថ្មីៗនេះ អ្នកគាំទ្រជាច្រើនបានបង្ហាញ ការសរសើរដល់ ប៉ែន សុផានី ក្រោយឃើញតារាសម្តែងរូបនេះ ឱនពាក់ស្បែកជើងឱ្យស្វាមី ។

ក្នុងសម្លៀកបំពាក់ប្រពៃណី យ៉ាងស្រស់ស្អាត ប៉ែន សុផានី បានឱនពាក់ស្បែកជើងឱ្យស្វាមី ដោយមិនមានការអៀនខ្មាស ដែលធ្វើឱ្យមិត្តភក្តិ នៅក្នុងបណ្តាញសង្គមលើកឡើងព្រមគ្នាថា ពិតជាឧត្តមភរិយាល្អ សម្រាប់ស្វាមីមែនសំណាង បងប្រុសណាស់។

ដូចដែលទស្សនិកជនបានដឹង ស្រាប់រួចមកហើយថា អ្នកនាងប៉ែន សុផានី បានក្លាយទៅជាជំទាវ របស់មន្ត្រីធំផ្កាយ២ លោកដាប់ ជូន ដែលជាពោះម៉ាយកូន២ បន្ទាប់ពីតារាសម្តែងជើងចាស់រូបនេះ បានធ្វើពិធីជប់លៀង៤០តុ ក៏ដូចរៀបការដែរ ព្រោះមាន ក្រុងពលី និងបង្វិលពពិល ជាដើម នៅថ្ងៃឡើងផ្ទះថ្មីតម្លៃ១៨ម៉ឺនដុល្លារ នៅបុរីពិភពថ្មី២ សង្កាត់ព្រៃស ខណ្ឌដង្កោ រាជធានីភ្នំពេញ កាលពីថ្ងៃទី០៥ ខែមករា ឆ្នាំ២០២០។

ទាំងមជ្ឈដ្ឋានមហាជន និងអ្នកសិល្បៈរួមអាជីព មានការភ្ញាក់ផ្អើលយ៉ាងខ្លាំង នៅពេលដែលគ្រាន់តែឆ្លងឆ្នាំចាស់ ផ្លាស់ចូលឆ្នាំថ្មីភ្លាម អ្នកនាងសុផានី មានរាសីឡើងខ្ពស់ត្រដែតត្រដឹមក្លាយទៅជាជំទាវ កាន់លុយដុល្លារទាំងបាច់ៗទិញផ្ទះទាំងជុងៗបែបនេះ។

ទោះជាយ៉ាងណាក៏ដោយ តារាសម្ដែងស្រីដែលមានងារជាជំទាវខាងលើ តែងតែធ្វើឱ្យទស្សនិកជនពោល សរសើរពុំដាច់ពីមាត់ឡើយថា នាងជាឧត្ដមភរិយាដ៏ល្អមួយរូប គោរពប្រតិបត្តិស្វាមី ជាក់ស្ដែងដូចជាសកម្មភាព ដែលកំពុងទទួលបានការ ចាប់អារម្មណ៍ខាងលើនេះជាដើម ។

ជាមួយគ្នានេះផងដែរ ប៉ែន សុផានី ធ្លាប់បា្រប់ថា មិនបោះបង់អាជីពសម្តែងឡើយ ព្រោះជាការងារមួយ ដែលស្រឡាញ់ ហើយនាងនៅតែទទួលសម្តែងរហូត បើទោះវ័យ ច្រើនបន្តិចក្តី តែកន្លងមក ប៉ែន សុផានី បង្ហាញវត្តមាន នៅក្នុងរឿងភាគទូរទស្សន៍ និង ស្ប៉តពាណិជ្ជកម្មរួមទាំង MV ជាច្រើន ដោយទទួល បានការសរសើរ ពីសំណាក់មហាជនថា នៅតែស្អាត ហើយសមត្ថភាពសម្តែង ក៏មិនថមថយនោះដែរ ៕

ដោយ៖ ម៉ានី

Most Popular

To Top