សិល្បៈ និង កម្សាន្ត

តារាមច្រៀង ពេជ្រ សូលីកា បង្ហោះសារមួយឃ្លានេះ ផ្លែផ្កាទៅអតីតស្វាមី ឬយ៉ាងណា ក្រោយធ្លាយដំណឹងចែកផ្លូវគ្នា?

ភ្នំពេញ៖ ជារឿងដ៏ភ្ញាក់ផ្អើលមួយសម្រាប់ទស្សនិកក្រោយពីបានដឹងការពិតថា តារាចម្រៀង ពេជ្រ សូលីកា និងស្វាមី បានចែកផ្លូវគ្នារួចទៅហើយ ដែលដំរួយនេះត្រូវបានគេមើលឃើញតាំងពីអំឡុងចុងខែមេសា ឆ្នាំ ២០២២ មកម្ល៉េះ គ្រាន់តែមិនឮចេញពីមាត់អ្នកទាំងពីរ ។

លោក គឹម ហាន ដែលមហាជនស្គាល់ថាជាស្វាមី តារាចម្រៀង ពេជ្រ សូលីកា បានបញ្ជាក់នៅលើបណ្តាញសង្គមរបស់ខ្លួននាថ្ងៃទី០៨ ខែកក្កដា នេះថា ជីវិតប្តី-ប្រពន្ធ អ្នកទាំងពីរបានបញ្ចប់ហើយ ប៉ុន្តែពួកគេនៅតែរាប់អានគ្នាជាមិត្តភក្តិ នឹងនៅតែបន្តតួនាទីជាឪពុក-ម្តាយ ល្អរបស់កូនប្រុស។

ជាមួយគ្នានេះដែរ ក្រោយពីលោក គឹម ហាន បញ្ជាក់ដូចខាងលើនេះ អ្នកនាង ពេជ្រ សូលីកា ដែលកំពុងចាប់ផ្ដើមមានឈ្មោះជាស្ត្រីមេម៉ាយកូនមួយនេះ បានសរសេរសារមួយនៅលើស្តូរី (Story) ហ្វេសប៊ុករបស់នាង ដែលទំនងចង់មានន័យផ្លែផ្កាទៅកាន់អតីតស្វាមី ។

នៅក្នុងស្តូរីនោះ ពេជ្រ សូលីកា​ បាននិយាយថា នាងនឹងបង្រៀនកូនប្រុសតែម្នាក់គត់របស់នាង ឱ្យចេះស្គាល់ និងឱ្យតម្លៃមនុស្សឱ្យបានច្រើន កុំអាត្មានិយម កុំអំនួត កុំបោកប្រាស់ កុំធ្វើបាបចិត្តគេ​ កុំនិយាយជាន់មនុស្សដែលខ្លួនស្រឡាញ់ កុំចង់បានលើសពីសមត្ថភាព​ កុំហ៊ឺហានឹងរបស់ក្រៅខ្លួន រៀនទទួលស្គាល់ការពិត ជាដើម ។ ហើយចុងក្រោយតារាចម្រៀងស្រីរូបនេះ បានសង្កត់ធ្ងន់ថា អ្វីដែលសំខាន់ជាងគេ​ គឺភាពស្មោះត្រង់ មិនផិតក្បត់​ និងការឱ្យតម្លៃមនុស្ស ។

គួរឱ្យដឹងផងដែរថា តារាចម្រៀង ពេជ្រ សូលីកា បានភ្ជាប់ពាក្យជាមួយលោក គីម ហាន ដែលជា អ្នកច្នៃម៉ូតសម្លៀកបំពាក់ល្បីឈ្មោះ និងជាអ្នកជំនួញវ័យក្មេង នៅថ្ងៃទី២៥ ខែតុលា ឆ្នាំ២០១៩ ។ អ្នកទាំងពីរ ភ្ជាប់ពាក្យមិនបានយូរប៉ុន្មានផង ស្រាប់តែប្រកាសថា ពេជ្រ សូលីកា មានផ្ទៃពោះ និងសម្រាលបានកូនប្រុស ម្នាក់កាលពីខែតុលា ឆ្នាំ ២០២០ ៕ ដោយ៖ ម៉ានី

Most Popular

To Top