សិល្បៈ និង កម្សាន្ត

ផ្ទុះការរិះគន់ខ្លាំង ក្នុងកម្មវិធី Miss Grand Cambodia យកល្បែងស៊ីសងមក បង្ហាញក្នុងវគ្គប្រកួត ឈុតតំណាងជាតិ

ភ្នំពេញ ៖ កម្មវិធី Miss Grand Cambodia បានឈានចូលដល់វគ្គប្រកួត ឈុតតំណាងជាតិហើយ នាយប់ថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២២ ក្រោមការប្រកួតប្រជែងបេក្ខនារី ៣៥នាក់ ។ នៅក្នុងវគ្គនេះដែល កៀកជិតដល់ថ្ងៃរកម្ចាស់មកុដ ទៅហើយ ស្រាប់តែផ្ទុះការរិះគន់យ៉ាងខ្លាំងពី សំណាក់ មហាជន រួមទាំងអ្នកសិល្បៈជាច្រើន ក្រោយពី Miss Grand ប៉ោយប៉ែត និង Miss Grand ក្រុងបាវិត បង្ហាញឈុតនារី បម្រើការនៅកាស៊ីណូ មានទាំងបៀរ និង អាប៉ោង មកបង្ហាញក្នុងកម្មវិធីប្រកួត ហើយផ្ទាំង LED បង្ហាញរូបភាពអង្គរវត្ត ។

មហាជនអ្នកតាមដាន វិស័យបវរកញ្ញា ជ្រាបមកហើយថា កម្មវិធីប្រកួត Miss Grand Cambodia ជាកម្មវិធីប្រកួតបវរកញ្ញាដែលទទួលបានការគាំទ្រ និងមានប្រជាប្រិយភាពខ្លាំង ប្រចាំប្រទេស ។ ក្នុងឆ្នាំនេះទៀតសោត អ្នករៀបចំកម្មវិធី Miss Grand Cambodia គឺលោក អ៊ិន សុភិន បានរៀបចំកម្មវិធី ដ៏ធំជាងឆ្នាំរាល់ដង ទាំងឆាក ទាំងបេក្ខនារីចូលរួមប្រកួត រហូតដល់៣៥នាក់ ខណៈតម្លៃមកុដក្នុងឆ្នាំនេះ ចំណាយរហូតដល់ ២៥ ម៉ឺនដុល្លារ។

ទោះយ៉ាងណា បន្ទាប់ពីបង្ហាញ ឈុតតំណាងជាតិ ប្រចាំខេត្តក្រុង នីមួយៗ ស្រាប់តែមហាជនផ្ទុះ ការមិនពេញយ៉ាងខ្លាំង បន្ទាប់ពីបង្ហាញរូបភាព ល្បែងស៊ីសង នៅលើឆាកប្រកួត ដែលមាន បេក្ខនារី Miss Grand ប៉ោយប៉ែត ឈ្មោះ យី ស្រីពៅ បានបង្ហាញពីរូបភាព សន្លឹកបៀរជានារីបំរើការ នៅកាស៊ីណូ ខណៈដែលបេក្ខនារី Miss Grand ក្រុងបាវិត ឈ្មោះ ជន់ ស្រីឡី បានបង្ហាញរូបភាព អាប៉ោង ទាំងផ្ទៃ LED ជារូបភាពប្រាសាទ អង្គរវត្ត ដែលបង្ហាញពីអត្តសញ្ញាណជាតិខ្មែរ ។ ហើយការបង្ហាញបែបនេះ ធ្វើឱ្យមហាជនផ្ទុះការ មិនពេញពិតជាខ្លាំង មិនគួរ ណាកម្មវិធីទាំងមូលមកបង្ហាញ ល្បែងស៊ីសងពេញឆាក ប្រៀបដូចជាឆ្លុះបញ្ចាំងឱ្យឃើញ ពីប្រទេសខ្មែរសម្បូរ ទៅដោយល្បែងស៊ីសង ។
មិនត្រឹមតែមហាជន ផ្ទុះការរិះគន់តែប៉ុណ្ណោះទេ ប៉ុន្តែអ្នកសិល្បៈមួយចំនួនក៏បានចេញមុខ ប្រតិកម្មលើរឿងនេះដូចគ្នា ។
គួរបញ្ជាក់ផងដែរថា កម្មវិធី Miss Grand Cambodia នឹងប្រកួតផ្តាច់ព័្រត្រស្វែង រកម្ចាស់មកុដ នៅថ្ងៃទី២៧ ខែសីហា នេះ ខណៈជ័យលាភី នឹងគ្រងមកុដតម្លៃ ២៥ម៉ឺនដុល្លារ ៕

ដោយ៖ ម៉ានី

Most Popular

To Top