សិល្បៈ និង កម្សាន្ត

ត្រណមទាំង ១៤ និងអត្ថន័យ ពិធីបើកទ្វារលែងព្រលឹងខ្មោច ដែលគេហៅថា សែនក្បាលទឹក

តាមជំនឿប្រពៃណីជនជាតិចិន បានជ្រើសយកថ្ងៃទី១៥ នៃខែទី៧ ក្នុងប្រតិទិនចន្ទគតិ ដោយឆ្នាំ២០២៣នេះ គឺត្រូវនឹងថ្ងៃទី៣០ ខែសីហា ដើម្បីប្រារព្ធពិធី សែនក្បាលទឹក។ ព្រលឹងខ្មោចទាំងឡាយ នឹងត្រូវដោះលែងឲ្យមានសេរីភាព និងធ្វើដំណើរមកឋានមនុស្សរយៈពេល១ខែ ដើម្បីស្វែងអាហារ និងគ្រឿងសំណែនផ្សេងៗពីកូនចៅ។

តាមជំនឿជនជាតិចិន និងអ្នកជាប់សែស្រឡាយចិនគិតថា ពេញមួយខែនៃពិធីសែនក្បាលទឹក ឋាននរកនឹងបើកចំហឲ្យព្រលឹងខ្មោចទាំងឡាយ មករកញាតិសន្ដាន និងចំណីអាហារគ្រឿងសំណែនផ្សេងៗពីកូនចៅ។ នៅខែនេះ មនុស្សម្នាទាំងអស់ដែលមានជំនឿ បាននាំគ្នាដុតលុយខ្មោច អុជធូប និងសែននំចំណីអាហារផ្សេងៗ ដើម្បីឧទ្ទិសដល់ព្រលឹងបុព្វបុរសដូនតា ដែលជំនឿនេះ កើតឡើងតាំងពីសម័យបុរាណចិនមកម្ល៉េះ។

នៅក្នុងពិធីសែនក្បាលទឹកនេះ ព្រលឹងខ្មោចដែលគ្មានញាតិសន្ដាន ក៏នាំគ្នាឡើងមករកសំណែនផ្សេងៗដែរ ទើបគេហៅថា Hungry Ghost Festival ឬ Ghost Festival។

មានជំនឿមួយចំនួនក្នុងពិធីបុណ្យសែនក្បាលទឹក នៅក្នុងថ្ងៃសែន គេឃើញមានសកម្មភាពមួយចំនួនដែលជាជំនឿ ដូចជាការដុតក្រដាស ដុតលុយកាក់ ការអុជធូបទៀន ការដាក់អាហារ នៅតាមកន្លៀតផ្លូវក្បែរផ្ទះជាដើម។ គេជឿថា ការដុតក្រដាសលុយខ្មោច ទំនិញមួយចំនួន ដូចជាឡាន ទូរសព្ទ សំលៀកបំពាក់ និងផ្ទះធ្វើពីក្រដាស គឺអាចបញ្ជូនរបស់ទាំងនោះ ទៅព្រលឹងបុព្វបុរសញាតិសន្ដានបានប្រើប្រាស់។

ចំណែកឯការអុជទៀន និងគោម គឺដើម្បីបំភ្លឺផ្លូវឲ្យព្រលឹងខ្មោច អាចរកផ្លូវទៅកាន់ទីកន្លែងដើមរបស់ពួកគេវិញ។ ដោយឡែកសំណែន ផ្លែឈើ សាច់ និងនំ គឺតំណាងឲ្យការផ្ដល់អាហារជូនព្រលឹងខ្មោចជាញាតិកា ហើយក៏ដើម្បីឲ្យព្រលឹងខ្មោចផ្សេងទៀត ដែលមានការស្រេកឃ្លាន។

នៅក្នុងជំនឿសាសនា គេជឿថា មានទីឋានផ្សេងសម្រាប់ព្រលឹងខ្មោចរស់នៅ តែក៏មានព្រលឹងខ្មោចមួយចំនួន ដែលនៅតែលតោលអនាថា ដោយសារមិនមានគេធ្វើបុណ្យឲ្យ តាមប្រពៃណីត្រឹមត្រូវ។ ការសែនក្បាលទឹក ក៏ជាការជួយដល់ព្រលឹងខ្មោចទាំងនោះផងដែរ ដើម្បីឲ្យពួកគេមានអាហារហូបចុកគ្រប់គ្រាន់ និងនាំសំណាងដល់អ្នកសែនជូន។

តាមជំនឿហុងស៊ុយរបស់ចិន មានត្រណមមួយចំនួន នៅខែសែនក្បាលទឹកនេះ ដើម្បីបញ្ចៀសគ្រោះអាក្រក់ដល់ខ្លួន ពេលដែលព្រលឹងខ្មោចត្រូវលែងពីឋាននរកមក។ ត្រណមទាំងនោះរួមមាន ១៤ សំខាន់ៗ ដូចជា៖

  • ទី១. កុំនៅក្រៅផ្ទះដល់យប់ពេក ព្រោះព្រលឹងខ្មោច នឹងតាមដំណើរអ្នកចូលក្នុងផ្ទះ
  • ទី២. កុំដោតចង្កឹះលើចានបាយ ព្រោះជាកាយវិការមិនសមរម្យមួយ ហើយនៅពេលសែនក្បាលទឹក ខ្មោចទាំងឡាយអាចច្រឡំថាធូប ហើយគិតថា ជាចានបាយសំណែនរបស់ពួកគេ
  • ទី៣. កុំថតនាពេលយប់ ព្រោះអាចជាប់រូបភាពផ្សេងៗ ដែលធ្វើឲ្យអ្នកខ្លាច
  • ទី៤. បើអ្នកកើតចំខែសែនក្បាលទឹកនេះ ចៀសវាងប្រារព្ធពិធីខួបកំណើតនាពេលយប់ គួរធ្វើនាពេលថ្ងៃវិញ
  • ទី៥. កុំបើកឆត្រនៅក្នុងផ្ទះ ជាពិសេសគឺឆត្រពណ៌ក្រហម ព្រោះព្រលឹងខ្មោចអាចនឹងជ្រកនៅក្នុងនោះ
  • ទី៦. កុំធ្វើការដល់យប់ជ្រៅនៅខែនេះ ព្រោះអាចចុះខ្សោយកម្លាំងនាពេលគេង ជាហេតុធ្វើឲ្យព្រលឹងខ្មោច អាចចូលសណ្ឋិតបានយ៉ាងងាយ
  • ទី៧. កុំបិទបាំងថ្ងាស ព្យាយាមងើបក្បាលឲ្យខ្ពស់តាមដែលអាចធ្វើទៅបាន
  • ទី៨. កុំលេងល្បែងផ្សេងៗ ដែលអាចទាក់ទាញព្រលឹងខ្មោច
  • ទី៩. កុំរង់ចាំរថយន្តក្រុងនាពេលពាក់កណ្ដាលរាត្រី ពិសេសគឺក្រោយពេលដែលផុតម៉ោងផ្ដល់សេវា
  • ទី១០. កុំប្រើគ្រឿងសម្អាងពណ៌ខ្មៅ ពិសេសថ្នាំលាបក្រចកពណ៌ខ្មៅ ព្រោះខ្មោចនឹងគិតថាអ្នកជាគ្នារបស់គេ
  • ទី១១. កុំទៅផ្នូរខ្មោច ឬកន្លែងដែលគេបោះបង់ចោល ព្រោះព្រលឹងខ្មោចនឹងតាមអ្នកមកវិញ
  • ទី១២. កុំញើសសំបោរនៅទីសាធារណៈ ឬដើមឈើនានា ព្រោះអាចប៉ះព្រលឹងខ្មោច
  • ទី១៣. កុំផ្អែកខ្លួនលើជញ្ជាំងក្នុងខែនេះ ព្រោះព្រលឹងខ្មោចចូលចិត្តនៅលើជញ្ជាំងដែលត្រជាក់ ជាងកន្លែងផ្សេង
  • ទី១៤. កុំបែរក្បាល ពេលនរណាម្នាក់គោះខ្នង។ តាមជំនឿ មនុស្សនៅរស់ មានភ្លើងការពារ នៅស្មាទាំងសងខាង។ ប្រសិនបើខ្មោចគោះខ្នងអ្នក ហើយអ្នកបែរតែក្បាល នឹងធ្វើឲ្យភ្លើងនោះរលត់ លែងមានអ្វីការពារ។ ដូចនេះ បែរតួខ្លួនទាំងអស់ ជំនួសឲ្យការបែរងាកត្រឹមក្បាល

Most Popular

To Top