សិល្បៈ និង កម្សាន្ត

វីវរ ម៉ានីន ផ្ទុះ​កំហឹងខ្លាំង ក្រោយ ភិទិ ជ្រុលថត​ឈុត​ថើប​មាត់​ជាមួយ​ស្រី​ផ្សេង ធ្វើ​ឲ្យ​នាង​ឈឺចិត្ត

ចំណង​ស្នេហ៍​ផ្អែម​ល្ហែម ​របស់​តារាចម្រៀង ​ផលិតកម្មហង្សមាស និង​អ្នក​លក់​អនឡាញ ឡុង ម៉ានីន ចាប់​ផ្ដើម​មាន​បញ្ហា​ ក្រោយ​ពី​ខាង​ប្រុស ភ្លាត់​ថត​ឈុត​ថើបមាត់​ជាមួយ​តួស្រី​ក្នុង​វីដេអូ​ចម្រៀង ធ្វើ​ឲ្យ​ខាង​ស្រី​ខឹង​ខ្លាំង ។

អ្នក​មេម៉ាយ​វ័យ​ក្មេង ម៉ានីន បាន​បង្ហោះ​ហ្វេសប៊ុក​ភ្លាម​ៗ ក្រោយ​ពី​នាង​បាន​ឃើញ​ឈុត​ឆាក​នោះ ​របស់​គូស្នេហ៍​ជាមួយ​តួ​ស្រី​ក្នុង​វីដេអូចម្រៀង។ នាង​សរសេរ​ថា “ធ្លាប់​និយាយ​ជាមួយ​ថាម៉េច? ឥឡូវ​ម៉េច? ធ្វើ​អី ដឹង​ខ្លួន​ឯង​ហើយ…!”។

អ្នក​លក់​អនឡាញ​ល្បី​ឈ្មោះ​រូប​នេះ បញ្ជាក់​ថា នៅ​ក្នុង​ទំនាក់ទំនង​គ្នា ពួក​នាង​បាន​និយាយ និង​ព្រម​ព្រៀង​គ្នា ដោយ​សុំ​មិន​ឲ្យ​គូស្នេហ៍ ថត​ឈុត​ផ្អែមល្ហែម​ដូច​នេះ ព្រោះ​នាង​ពិបាក​ធ្វើ​ចិត្ត ។ តែ​ជាក់​ស្ដែង ស្រាប់​តែ​នាង​បាន​ឃើញ គូស្នេហ៍​នាង​ទៅ​ថើប​គ្នា​ ស្អិត​រមួត​ជាមួយ​នារី​ផ្សេង បើ​ទោះ​នោះ​ជាការ​សម្ដែង​ក៏​ដោយ ប៉ុន្តែ​នាង​ទទួល​យក​មិន​បាន ។

នាង​ថ្លែង​ថា “ខ្ញុំ​ធ្លាប់​និយាយ​តាំង​ពី​ស្រឡាញ់​គ្នា ថា​មិន​ឲ្យ​ថត​ឈុត​បែប​នេះ​ទេ អ្នក​ក៏​ឆ្លើយ​ថា “សន្យា” តែ​ចុង​ក្រោយ​អ្នក​ធ្វើ​អីចឹង សួរ​ថា ពេល​ខ្ញុំ​ឃើញ ចិត្ត​ខ្ញុំ​ឈឺ​អត់!”។ នៅ​សារ​មួយ​ផ្សេង​ទៀត ភាគី​ខាង​ស្រី​លើក​ឡើង​ថា “ចប់​ត្រឹម​ហ្នឹង​ចុះ…” ដោយ​បាន​ធ្វើ​ឲ្យ​មាន​ការ​ភ្ញាក់​ផ្អើល​ពី​អ្នក​តាម​ដាន​ពួក​គេ​ទាំង​ពីរ។

ងាក​មក​ខាង​តារាចម្រៀង​វិញ ក្រោយ​ពី​ជ្រុល​ជ្រួស រហូត​ធ្វើ​ឲ្យ​គូស្នេហ៍​ខឹង សាមី​ខ្លួន សុភិទិ បាន​បង្ហោះ​សារ​តប​វិញ​ដែរ​នៅ​យប់​មិញ​នេះ ដោ​យ​លោក​លើក​ឡើងក្នុង​ន័យ​ថា រឿង​បាន​កើត​ទៅ​ហើយ មិន​អាច​កែ​ប្រែ​អ្វី​ទេ មាន​តែ​បណ្ដោយ​តាម​ពេល​វេលា។ លោក​សរសេរ​ថា “បណ្ដោយ​តាម​ពេល​វេលា បណ្ដែត​តាម​ព្រេងវាសនាចុះ ខ្ញុំ​ចុះចាញ់​គ្រប់​យ៉ាង!” ។

បន្ទាប់​ពី​ចេញ​សារ​បែប​នេះ គេ​ឃើញ​មាន​អ្នក​គាំទ្រ​ខ្លះ​បាន​ចូល​ទៅ​សរសេរ​សារ​លើក​ទឹកចិត្ត និង​ថា​ខាង​ស្រី គួរ​តែ​យោគយល់ ព្រោះ​ដឹង​ហើយ​ថា សង្សារ​របស់​ខ្លួន គឺ​ជា​អ្នក​សិល្បៈ។យ៉ាង​ក៏​ដោយ​នៅ​ប៉ុន្មាន​ម៉ោង​បន្ទាប់ គេ​ឃើញ​ខាង​ប្រុស​បាន​ចេញ​សារ​ថ្មី​មួយ​ទៀត ដែល​ស្ដែង​ពី​ការ​ដឹង​កំហុស​របស់​ខ្លួន ក្នុង​នោះ​លោក​ថា នឹង​មិន​ឲ្យ​កើត​មាន​ជា​លើក​ទី២​ទៀត​នោះ​ទេ ។

ក្រោយ​ពី​រៀបរាប់​អស់​រៀង​ខ្លួន មក​ទល់​ពេល​នេះ គេ​មិន​ទាន់​ឃើញ​ភាគី​ទាំង​សង​ខាង អធិប្បាយ​អ្វី​ទៀត​នោះ​ទេ ពិសេស​ខាង​ស្រី មិន​ទាន់​ដឹង​ថា​ទទួល​យក​ការសារភាព​កំហុស​របស់​ខាង​ប្រុស​ឬ​អត់​ទេ និង​ក៏​មិនដឹង​ពួកគេ​សម្រេច​ចែក​ផ្លូវ​គ្នា​ហើយ​ក៏​មិន​ដឹង​ដែរ។

ប៉ុន្តែ​តាម​មហាជន​កត់​សម្គាល់​កន្លង​មក ពួក​គេ​ឈ្លោះ ខឹង​គ្នា ចង់​បែក​គ្នា ច្រើន​ដឹង​មក​ហើយ ប៉ុន្តែ​ពួក​គេ​នៅ​តែ​ត្រូវ​គ្នា​ដដែល​នៅ​ដំណាក់​កាល​ចុង​ក្រោយ៕

Most Popular

To Top