សិល្បៈ និង កម្សាន្ត

តារាវ័យក្មេង ឈន សុភ័ន កំពុងផ្ទុះការចាប់អារម្មណ៍ខ្លាំង តាមរយៈវីដេអូខ្លីៗ នៅក្នុងបណ្តាញសង្គម ជាពិសេស TikTok

Content Creator វ័យក្មេងមួយរូប ដែលទើបនឹងចាប់ផ្ដើមប្រឡូកក្នុងវិស័យផលិតវីដេអូខ្លី លោក ឈន សុភ័ន ត្រូវបានមហាជន និងអ្នកគាំទ្រមានការចាប់អារម្មណ៍យ៉ាងខ្លាំងតាមរយៈវីដេអូខ្លីៗ ដែលបានបង្ហោះនៅក្នុងបណ្តាញសង្គម ជាពិសេសគឺ TikTok ។

មើលឃើញថា មួយរយៈចុងក្រោយនេះ លោក ឈន សុភ័នហាក់ទទួលបានការគាំទ្រ និងបោះជំហានទៅមុខជាលំដាប់ លើអាជីពជា Content Creator ជាពិសេសការផលិតវីដេអូខ្លីៗ បង្កប់ខ្លឹមសារអប់រំ ដល់សង្គម ហើយបង្ហោះតាមបណ្ដាញសង្គម TikTok រហូតមានអ្នកចូល ទស្សនារាប់លានននាក់។

តារាវ័យក្មេងរាងសង្ហា ឈន សុភ័ន ត្រូវបានយុវវ័យ ស្គាល់ជាទូទៅថា ជា Influencer និងជាតារា TikTok ម្នាក់ដ៏មានប្រជា ប្រិយភាព ហើយគ្រប់វីដេអូ ដែលតារារូបនេះបានបង្ហោះចេញលើបណ្ដាញសង្គមម្ដងៗ មានអ្នកចូលចិត្ត និងទស្សនាជាច្រើន ពោលគឺរាប់លាននាក់ ព្រោះសុទ្ធសឹងតែបង្កប់ទៅដោយ អត្ថន័យអប់រំក្នុងសង្គម និងបែបកំប្លុកកំប្លែង។ មិនតែប៉ុណ្ណោះ ឈន សុភ័ន តែងតែបង្កើតវីដេអូបែបកំប្លែងៗ អប់រំជាច្រើន ហើយសន្ទុះ នៃការគាំទ្រមានការកើនឡើង ពីមួយថ្ងៃទៅមួយថ្ងៃ។

លោក ឈន សុភ័ន បានថ្លែងប្រាប់ ឲ្យដឹងថា លោកពិតជាសប្បាយចិត្តដែលស្នាដៃរបស់ខ្លួន ត្រូវបានមហាជនគាំទ្រ ដែលធ្វើឲ្យលោកមានកម្លាំងចិត្ត នៅក្នុងការរិះរកនូវអ្វីដែលថ្មីប្លែក សម្រាប់អ្នកគាំទ្របន្ថែមទៀត ។ ទោះបីរូបលោកនៅមានភាព ក្មេងខ្ចីក៏ពិតមែន ប៉ុន្តែលោកនឹងតាំងចិត្តជំនះ រាល់ឧបសគ្គ និងចូលរួមចំណែកលើក ស្ទួយវិស័យការផលិតវីដេអូរបស់ខ្មែរ ឲ្យកាន់តែរីកចម្រើន ។

សូមបញ្ជាក់ថា គិតមកដល់ពេលនេះ សម្រាប់គណនី TikTok របស់ ឈន សុភ័ន មានអ្នកតាមដានរហូតទៅដល់ ៥០មុឺនជាងនាក់ និងឡាច ៧.៤លានឡាច ដែលជាចំនួនមួយដ៏ច្រើនលើសលប់ផងដែរ។

មិនត្រឹមតែជាអ្នកផលិតវីដេអូក្នុងក្នុងបណ្តាញសង្គម TikTok ល្បីម្នាក់ លោក ឈន សុភ័ន ក៏ជាមនុស្សចូលចិត្តធ្វើបុណ្យ ចែករំលែកក្តីស្រឡាញ់ទៅកាន់សហគមន៍ តាមរយៈកិច្ចការងារ សប្បុរសធម៌ជាច្រើន ដូចជា ការចូលរួមជួយកុមារកំព្រា មនុស្សចាស់ជរា និងប្រជាជនខ្សត់ខ្សោយផងដែរ ៕

Most Popular

To Top