សិល្បៈ និង កម្សាន្ត

តារាចម្រៀងនាងIU បរិច្ចាគប្រាក់ ៣០០ លានវ៉ុន ដើម្បីជួយសហគមន៍ងាយរងគ្រោះ នៅខួបកំណើតរបស់នាង

កូរ៉េខាងត្បូង ៖ នេះបើយោងតាមភ្នាក់ងាររបស់នាង EDAM Entertainment បានប្រាប់ឲ្យដឹងថា តារាចម្រៀង និងតារាសម្តែងជនជាតិកូរ៉េខាងត្បូង នាង IU បានបរិច្ចាគប្រាក់ចំនួន ៣០០ លានវ៉ុន ( ២០០,១៦០ ដុល្លារអាមេរិក ) ដើម្បីអបអរសាទរខួបកំណើតរបស់នាងនៅថ្ងៃសុក្រ នេះយោងតាមការចេញផ្សាយពីគេហទំព័រ koreajoongangdaily ។

ការបរិច្ចាគនេះត្រូវបានធ្វើឡើងក្រោមឈ្មោះ “IUaena” ជាការរួមបញ្ចូលគ្នារវាងឈ្មោះសិល្បករ និងក្លឹបអ្នកគាំទ្រផ្លូវការរបស់នាង “Uaena”។

EDAM បាននិយាយថា ប្រាក់ចំនួន ១០០ លានវ៉ុនត្រូវបានបរិច្ចាគទៅមជ្ឈមណ្ឌលវេជ្ជសាស្ត្រ Asan នៅទីក្រុងសេអ៊ូល ខណៈប្រាក់ចំនួន ៥០ លានវ៉ុននីមួយៗត្រូវបានបរិច្ចាគទៅឲ្យក្រុមសប្បុរសធម៌ក្នុងស្រុកចំនួន ៤។

ភ្នាក់ងារនេះបានបន្តថា មូលនិធិនេះនឹងត្រូវបានប្រើប្រាស់ដើម្បីគាំទ្រដល់អ្នកជំងឺដែលប្រឈមមុខនឹងការលំបាកផ្នែកហិរញ្ញវត្ថុ ផ្តល់កម្មវិធីអប់រំ និងវប្បធម៌សម្រាប់កុមារ និងក្មេងជំទង់ ជួយមនុស្សចាស់រស់នៅតែម្នាក់ឯង គាំទ្រដល់គ្រួសារម្តាយទោលក្នុងស្ថានភាពងាយរងគ្រោះ និងផ្គត់ផ្គង់ឧបករណ៍ជំនួយទំនើបសម្រាប់ជនពិការ។

នាង IU បានធ្វើការបរិច្ចាគជាប្រចាំក្រោមឈ្មោះ “IUaena” ក្នុងឱកាសដូចជាខួបលើកទី ១ របស់នាង ថ្ងៃកំណើត និង ថ្ងៃឈប់សម្រាកចុងឆ្នាំ។ កាលពីដើមខែនេះ នាងបានបរិច្ចាគប្រាក់ចំនួន ១០០ លានវ៉ុនដើម្បីគាំទ្រដល់កុមារ និងក្មេងជំទង់នៅថ្ងៃទិវាកុមារ៕

Most Popular

To Top