សិល្បៈ និង កម្សាន្ត

តារាចម្រៀងតៃវ៉ាន់ នាង Landy Wen ចូលសម្រាកព្យាបាល នៅមន្ទីរពេទ្យ ក្នុងស្ថានភាពធ្ងន់ធ្ងរ ដោយសារការឆ្លងមេរោគក្នុងឈាម

តៃវ៉ាន់ ៖ យោងតាមការចេញផ្សាយពីគេហទំព័រ VN Express បានប្រាប់ឲ្យដឹងថា តារាចម្រៀងតៃវ៉ាន់ Landy Wen ត្រូវបានបញ្ជូនទៅមន្ទីរពេទ្យ ហើយកំពុងទទួលការព្យាបាល យ៉ាងយកចិត្តទុកដាក់ បន្ទាប់ពីមានរោគសញ្ញានៃការឆ្លងមេរោគក្នុងឈាមស្ថិតក្នុងស្ថានភាពធ្ងន់ធ្ងរ។

AsiaOne បានរាយការណ៍ថា អ្នកគ្រប់គ្រងរបស់នាង Landy បាននិយាយថា នាងបានរងទុក្ខដោយសារគ្រុនក្តៅខ្លាំងជាប់រហូត និងឈឺពោះធ្ងន់ធ្ងរនៅថ្ងៃទី១៤ ខែឧសភា។ មិត្តប្រុស និងមិត្តភក្តិរបស់នាងបានប្រញាប់ប្រញាល់នាំនាងទៅមន្ទីរពេទ្យ នៅពេលស្ថានភាពរបស់នាងកាន់តែយ៉ាប់យ៉ឺនយ៉ាងឆាប់រហ័ស។

សេចក្តីថ្លែងការណ៍មួយដែលបានបង្ហោះ នៅលើប្រព័ន្ធផ្សព្វផ្សាយសង្គម អ្នកគ្រប់គ្រងបាននិយាយថា នាង Landy បានទូរស័ព្ទមកនៅព្រឹកព្រលឹមនោះ ដើម្បីប្រាប់ថានាងមានអារម្មណ៍មិនស្រួលខ្លួន ។ ដោយសារតែគ្រុនក្តៅខ្លាំងជាប់រហូត មិនថយចុះ រួមជាមួយនឹងការឈឺពោះធ្ងន់ធ្ងរ នាងត្រូវបានបញ្ជូនទៅមន្ទីរពេទ្យជាបន្ទាន់នៅថ្ងៃដដែលនោះ។

នៅថ្ងៃទី ១៦ ខែឧសភា អ្នកគ្រប់គ្រងបាននិយាយថា នាង Landy មានស្មារតី ប៉ុន្តែមិនអាចញ៉ាំបានទេ ។ គាត់បានបន្ថែមថា នាង Landy បានយំក្នុងបន្ទប់មន្ទីរពេទ្យរបស់នាង ដោយសារតែនាងមានអារម្មណ៍ថា មានកំហុសដែលបានផ្អាកកាតព្វកិច្ចការងាររបស់នាង។ កាលវិភាគការងាររបស់នាងត្រូវបានគេរាយការណ៍ថា ត្រូវបានលុបចោលរហូតដល់ចុងខែមិថុនា ខណៈដែលនាងកំពុងទទួលការព្យាបាល និងការជាសះស្បើយ ។

អ្នកគ្រប់គ្រងបានប្រាប់សារព័ត៌មានក្នុងស្រុក Mirror Daily កាលពីថ្ងៃចន្ទថា ស្ថានភាពរបស់នាង Landy បានប្រសើរឡើងគួរឲ្យកត់សម្គាល់ ប៉ុន្តែនាងនៅតែស្ថិតនៅក្នុងបន្ទប់សង្គ្រោះបន្ទាន់ (ICU)៕

Most Popular

To Top