កូរ៉េខាងត្បូង ៖ យោងតាមការចេញផ្សាយពីគេហទំព័រ koreaboo បានប្រាប់ឲ្យដឹងថា តារាចម្រៀងនាង Jeongyeon សមាជិកក្រុមតារាចម្រៀង នារីកូរ៉េខាងត្បូង TWICE កំពុងទទួលបានការចាប់អារម្មណ៍ បន្ទាប់ពីបង្ហាញរូបរាងស្លីមជាងមុន គួរឲ្យកត់សម្គាល់សម្រាប់រូបថតថ្មីៗ ដែលបានចែករម្លែកនៅលើបណ្តាញសង្គមរបស់នាង។
នាថ្ងៃទី ១៦ ខែមិថុនា នាង Jeongyeon បានបង្ហោះរូបភាពជាច្រើនដោយគ្មានចំណងជើង។ រូបថតទាំងនោះ នាងត្រូវបានគេឃើញស្លៀកឈុតហាត់ប្រាណពណ៌ខ្មៅទាំងស្រុង ខណៈពេលកំពុងរត់តាមដងទន្លេហាននៅពេលយប់។
នាងបានបំពេញរូបរាងបែបស្ព័ររបស់នាងជាមួយនឹងក្រមា និងវ៉ែនតា ដែលផ្តល់នូវអារម្មណ៍កីឡា និងផ្តោតអារម្មណ៍។ អ្វីដែលលេចធ្លោជាងគេគឺរាងកាយស្លីម និងរឹងមាំរបស់នាង។ ថ្គាមមុតស្រួច ដៃស្ដើង និងខ្នងដ៏រឹងមាំរបស់នាងបានទាក់ទាញចំណាប់អារម្មណ៍របស់អ្នកគាំទ្រយ៉ាងឆាប់រហ័ស។
រូបថតមួយទៀតដែលថតពីក្រោយ នាងបានស្លៀកខោជើងវែងបង្ហាញពីរាងកាយផ្នែកខាងក្រោមរបស់នាងដែលរក្សាបានល្អ រួមទាំងភ្លៅ និងត្រគាកដែលរឹងមាំ បង្ហាញពីលទ្ធផលនៃការថែរក្សាខ្លួនឯង និងការហាត់ប្រាណជាប្រចាំ។
នាង Jeongyeon ធ្លាប់បើកចំហអំពីការតស៊ូសុខភាពរបស់នាង។ នៅឆ្នាំ ២០២០ នាងបានជួបប្រទះនឹងការឡើងទម្ងន់ភ្លាមៗ ហើយត្រូវបានគេធ្វើរោគវិនិច្ឆ័យថាមានជំងឺ Cushing ដែលជាផលប៉ះពាល់នៃការព្យាបាលដោយស្តេរ៉ូអ៊ីតសម្រាប់ជំងឺឌីសកញ្ចឹងក។ នាងក៏បានសម្រាកពីសកម្មភាពជាក្រុមជាច្រើនដងដោយសារតែរោគសញ្ញាភ័យស្លន់ស្លោ និងថប់បារម្ភ។ ថ្មីៗនេះ នាងបានវិលត្រឡប់មកធ្វើការផ្សព្វផ្សាយវិញ បន្ទាប់ពីផ្តោតលើការជាសះស្បើយ។
ចាប់តាំងពីពេលនោះមក អ្នកគាំទ្របានសម្តែងការភ្ញាក់ផ្អើល និងគាំទ្រ បន្ទាប់ពីបានឃើញព័ត៌មានថ្មីៗរបស់នាង៕
