សិល្បៈ និង កម្សាន្ត

លោកស្រី ហង់ ស៊ីមន ៖ អត្តពលិករាំមានឆន្ទៈខ្ពស់ សម្រាប់ដណ្តើមមេដាយក្នុង WDSF ASIAN-SOUTHEAST ASIAN DanceSport Championship 2026 នៅម៉ាឡេស៊ី

ភ្នំពេញ៖លោកស្រី ហង់ ស៊ីមន អគ្គលេខាធិការ សហព័ន្ធកីឡារាំកម្ពុជា បានមានប្រសាសន៍ថា កីឡាករ-កីឡាការិនីរាំជម្រើសជាតិកម្ពុជាមានឆន្ទៈ និងប្តេជ្ញាចិត្តដ៏មោះមុត ក្នុងការហ្វឹកហាត់បង្កើន គុណភាពបច្ចេកទេសយ៉ាងសកម្មបំផុត ត្រៀមចូលរួមប្រកួតប្រជែងមេដាយ ជូនជាតិនៃព្រឹត្តិការណ៍ប្រកួតជើងឯកអាស៊ី និងអាស៊ាន “The 5th WDSF ASIAN-SOUTHEAST ASIAN DanceSport Championship 2026” នៅទីក្រុង កូឡាឡាំពួរ ប្រទេសម៉ាឡេស៊ី ពីថ្ងៃទី២៣-២៦ ខែកក្កដា ឆ្នាំ២០២៦។

លោកស្រី ហង់ ស៊ីមន បានបន្តថា កីឡាករ-កីឡាការិនីជម្រើសជាតិ កីឡារាំកម្ពុជាកំពុងហ្វឹកហាត់យ៉ាងខ្លាំង សកម្មភាពមុនចេញដំណើរ ចូលរួមមិនគិតពីនឿយហត់ឡើយ ខណៈសហព័ន្ធត្រៀមបញ្ជូនប្រតិភូ ចៅក្រម គ្រូបង្វឹក គ្រូជំនួយ កីឡាករ និងកីឡាការិនីសរុប ២២នាក់។ លោកស្រីបានលើកបង្ហាញឆន្ទៈ ការប្តេជ្ញាចិត្តខ្ពស់ របស់ក្រុមជម្រើសជាតិកីឡារាំកម្ពុជា ត្រៀមចូលរួមប្រកួតដណ្តើមមេដាយជូនជាតិ នៅក្នុងព្រឹត្តិការណ៍អន្តរជាតិដ៏ធំមួយនេះ ។

លោកស្រី បានបន្ថែមថា កាលពីព្រឹត្តិការណ៍ដូចគ្នា កាលពីឆ្នាំមុន អត្តពលិករាំកម្ពុជា ដណ្តើមបានមេដាយសរុប ១៧គ្រឿង ក្នុងនោះមានមេដាយមាស៤គ្រឿង ខណៈការត្រៀមខ្លួន យ៉ាងល្អ ក្នុងការប្រកួតឆ្នាំ២០២៦ អត្តពលិកកម្ពុជាមានក្តីសង្ឃឹមខ្ពស់ ក្នុងការការពារមេដាយក្នុងចំនួន ១៧គ្រឿងនេះ ឬអាចកើនឡើងនូវចំនួនមេដាយច្រើនជាងនេះជូនជាតិមាតុភូមិផងដែរ។

លោកស្រី ហង់ ស៊ីមន បន្ថែមទៀតថា បេសកកម្មអន្តរជាតិនេះ ប្រតិភូកីឡារាំកម្ពុជាទទួលបានការឧបត្ថម្ភប្រាក់ហោប៉ៅពីក្រសួងអប់រំ យុវជន និងកីឡា រីឯការចំណាយលើថ្លៃសំបុត្រយន្តហោះទៅមកក្រោមការឧបត្ថម្ភពីក្រុមហ៊ុន Air Asia ស្របពេលដែលលោកស្រី ញ៉ែម មរតក ជាប្រធានសហព័ន្ធតែងតែប្រឹងប្រែងក្នុងកិច្ចការដំណើរការអភិវឌ្ឍន៍ជំនាញកីឡារបស់កម្ពុជាមួយនេះ។

សហព័ន្ធកីឡារាំកម្ពុជាគ្រោងនឹងបញ្ជូនប្រតិភូ ចៅក្រម គ្រូបង្វឹក និងកីឡាករ-កីឡាការិនីសរុបចំនួន២២ នាក់ ដឹកនាំដោយលោកសី្រ បាន សុជាតិ ជាប្រធានប្រតិភូ លោកស្រី You Shu Jie ចៅក្រម និងលោក ស៊ូវ តុង ជាគ្រូបង្វឹកធំ និងលោក សួន កូស៊ុល ជាគ្រូជំនួយ។ សម្រាប់អត្តពលិក១៨នាក់ ក្នុងនោះកីឡាករ៨នាក់ និងកីឡារិនី ១០នាក់ នឹងចូលរួមប្រកួតប្រជែងលើ៥៣វិញ្ញសា៕

Most Popular

To Top