Event

ក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស ផ្អាកការផ្សព្វផ្សាយ ពាណិជ្ជកម្មស្រាបៀរ នៅគ្រប់ប្រព័ន្ធផ្សព្វផ្សាយ

កាលពីថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២១ ក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស ដែលផលិតស្រាបៀរ និងភេសជ្ជៈ បានប្រកាសផ្អាកការផ្សព្វផ្សាយ ពាណិជ្ជកម្មស្រាបៀរទាំងអស់របស់ខ្លួន តាមគ្រប់ប្រព័ន្ធផ្សព្វផ្សាយ ដូចជាតាមប៉ុស្ដិ៍ទូរទស្សន៍ល្បីៗ តាមវិទ្យុ និងតាមប្រព័ន្ធផ្សព្វផ្សាយ ឌីជីថល រហូតដល់ថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២១ ដើម្បីចូលរួមជាមួយរាជរដ្ឋាភិបាល ក្នុងយុទ្ធនាការទប់ស្កាត់ ការរីករាលដាល នៃជំងឺកូវីដ-១៩។

អ្នកស្រី គង់ កុសល នាយិកាផ្នែកទីផ្សារ ក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស មានប្រសាសន៍ថា៖ «ក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស កាលពីដើមខែមីនា ឆ្នាំ២០២១ បានក្លាយជាក្រុមហ៊ុន ដំបូងគេបង្អស់នៅកម្ពុជា ដែលបានប្តូរការផ្សព្វផ្សាយ ពាណិជ្ជកម្មរបស់ខ្លួន ដែលមាននៅតាមផ្ទាំងប៉ាណូ ទូទាំងប្រទេស និងលើប្រព័ន្ធឌីជីថល មកជាសារអប់រំវិធានការ ៣ការពារ ៣កុំ»។

អ្នកស្រីបន្ថែមថា ក្នុងនាមក្រុមហ៊ុនឯកជន «យើងជឿជាក់លើរាជរដ្ឋាភិបាល ក្នុងការចាត់វិធានការទប់ស្កាត់ ការរីករាលដាល នៃជំងឺដ៏កាចសាហាវមួយនេះ ដើម្បីប្រជាពលរដ្ឋគ្រប់គ្នា អាចត្រឡប់មករស់នៅ តាមសភាពដើមវិញ ក្នុងពេលឆាប់ៗខាងមុខ»។

ស្របពេលជាមួយគ្នានេះដែរ ក្រុមហ៊ុន ជីប ម៉ុង ដែលជាក្រុមហ៊ុនមេនៃក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស ក៏បានបរិច្ចាគថវិកា ៨លាន ៦សែនដុលា្លរអាមេរិក និងម៉ាស់៥លានម៉ាស់ទៀត ជូនរាជរដ្ឋាភិបាល សម្រាប់យុទ្ធនាការប្រយុទ្ធប្រឆាំង នឹងជំងឺកូវីដ១៩នេះផងដែរ៕

Most Popular

To Top