ក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស នៅថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២១ បានបន្តបរិច្ចាគ ភេសជ្ជៈប៉ូវកម្លាំងវើក ទឹកក្រូចអាយស៍ និងទឹកបរិសុទ្ធ កម្ពុជា ជូនដល់កងកម្លាំង ដែលកំពុងឈរយាម នៅតាមគោលដៅបិទខ្ទប់ ចំនួន៣០ទីតាំង ក្នុងរាជធានីភ្នំពេញ។

អគ្គនាយកក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស លោកឧកញ៉ា លាង ពៅ (ភីធើរ) ដែលបានចុះមកចែកផ្ទាល់ ឲ្យដឹងថា ការបរិច្ចាគនេះ គឺជាផ្នែកមួយ នៃយុទ្ធនាការសប្បុរសធម៌ «ទឹកចិត្តកម្ពុជា» ដើម្បីឧបត្ថម្ភភេសជ្ជៈ និងទឹកបរិសុទ្ធ ជូនដល់ស្ថាប័ននានា ដែលបំពេញកិច្ចការងារ ជួយដល់សង្គម។
លោកឧកញ៉ា លាង ពៅ មានប្រសាសន៍ថា៖ «ការរស់នៅក្នុងសង្គម គឺត្រូវការការជួយគ្នាទៅវិញទៅមក។ ក្នុងស្ថានភាព នៃការឆ្លងវីរុសកូវីដ-១៩ បច្ចុប្បន្ន ការរួបរួមសហការគ្នា គឺត្រូវការកាន់តែខ្លាំង ពីគ្រប់ស្ថាប័នទាំងអស់ មិនថាឯកជន រដ្ឋ ឬពលរដ្ឋទូទៅនោះទេ គឺដើម្បីធានាឲ្យបាន នូវសុខសុវត្ថិភាព សម្រាប់ពួកយើងគ្រប់ៗគ្នា»។
លោកឧកញ៉ា បញ្ជាក់ទៀតថា ក្រុមហ៊ុនខ្មែរ ប៊ែវើរីជីស ក៏ដូចជាក្រុមហ៊ុន ជីប ម៉ុង តែងតែចូលរួម ជាមួយរដ្ឋាភិបាល គ្រប់កាលៈទេសៈ តាមរយៈការឧបត្ថម្ភផ្សេងៗ។
ក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស ជាក្រុមហ៊ុនផលិតស្រាបៀរ កម្ពុជា ស្រាបៀរ គូដូ ភេសជ្ជៈប៉ូវកម្លាំងវើក ទឹកក្រូចអាយស៍ និងទឹកបរិសុទ្ធ កម្ពុជា ដែលសុទ្ធតែជាផលិតផល ទទួលបានការគាំទ្រខ្លាំង នៅលើទីផ្សារ៕



