ព្រឹត្តិការណ៍

យន្តហោះចម្បាំង រុស្ស៊ីស្ទាក់ដំណើរ យន្តយោធាន័រវេស នៅលើសមុទ្រ Barents

បរទេស៖ការិយាល័យព័ត៌មាននៃកងនាវាភាគខាងជើងរុស្ស៊ី បានរាយការណ៍ នៅថ្ងៃអង្គារនេះថា យន្តហោះចម្បាំង MiG-31 មួយគ្រឿង បានហោះស្ទាក់ដំណើរយន្តហោះ កងទ័ពអាកាសរបស់ប្រទេសន័រវេសមួយគ្រឿង នៅពីលើសមុទ្រ Barents រារាំងមិនឲ្យបំពានចូលព្រំដែនរុស្ស៊ី។

នៅក្នុងសេចក្តីថ្លែងការណ៍មួយ ការិយាល័យព័ត៌មាននោះ បាននិយាយថា នៅថ្ងៃទី១១ខែឧសភានេះ ប្រព័ន្ធគ្រប់គ្រងដែនអាកាសរុស្ស៊ី បានចាប់សញ្ញាគោលដៅដែនអាកាសមួយ នៅពីលើសមុទ្រ Barents ដែលកំពុងតែធ្វើដំណើរ ចូលមកជិតព្រំដែនរុស្ស៊ី។

យន្តហោះចម្បាំង MiG-31 មួយគ្រឿង មកពីកងកម្លាំងប្រតិបត្តិរហ័ស ការពារដែនអាកាសនៃកងនាវាភាគខាងជើង បានហោះចេញយ៉ាងប្រញាប់ប្រញាល់ ដើម្បីកំណត់អត្តសញ្ញាណគោលដៅ និងទប់ស្កាត់រារាំងមិនបំពានចូលព្រំដែនរុស្ស៊ី ហើយគោលដៅនោះ គឺជាយន្តហោះល្បាតដែនសមុទ្រ P-3C Orion នៃកងទ័ពជើងអាកាសរបស់ប្រទេសន័រវេស។

យោងតាមសេចក្តីរាយការណ៍មួយ ចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន រុស្ស៊ី TASS នៅថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២១ បានឲ្យដឹងថា សេចក្តីថ្លែងការណ៍ ការិយាល័យព័ត៌មាននោះបានបញ្ជាក់ថា ក្រោយយន្តហោះយោធាន័រវេសហោះហើរ វិលត្រឡប់ចេញទៅវិញនោះ យន្តហោះចម្បាំងរុស្ស៊ី ក៏ហោះវិលមកព្រលានយន្តហោះខ្លួន វិញដោយសុវត្ថិភាព៕

Most Popular

To Top