ឥណ្ឌូនេស៊ី ជាប្រទេសមួយដែលមានប្រជាជន ច្រើនជាប់ចំណាត់ថ្នាក់លេខប្រាំ លើពីភពលោក ដែលប្រជាជនបច្ចុបន្នជាង ២៥០លាននាក់ ហើយ មានពលរដ្ឋនារីច្រើនជាងបុរស ។

បើនិយាយពីផ្ទៃដី ក៏ធំណាស់ដែរ បើធៀបនៅអាស៊ីអាគ្នេយ៍ ឥណ្ឌូនេស៊ី ចង់មួយចំហៀងទ្វីបតែឯង។ ប៉ុន្តែ អ្វីដែលគួរឲ្យអាណិតដល់ឥណ្ឌូនេស៊ី គឺថាប្រទេសនេះសំបូរដោយគ្រោះធម្មជាតិ ដូចជា ខ្យល់ព្យុះ ទឹកជំនន់ រលកយក្យស្យួណាមី ផ្ទុះភ្នំភ្លើង ។ល។

ប្រទេសឥណ្ឌូនេស៊ី ចាត់ទុកជាប្រទេសមួយ ដែលមានទេសភាពសំបូរបែប មានទាំងរមណីយដ្ឋានធម្មជាតិ ក៏ដូចជាប្រាង្គប្រាសាទមួយចំនួន។ ឥណ្ឌូនេស៊ីមានប្រាសាទមួយដែលល្បីល្បាញ ប្រហែលនឹងអង្គរវត្តយើង ឈ្មោះថា បូរ៉ូប៊ូឌ័រ (Borobudur) មានទីតាំងនៅលើកោះ Java ក្នុងទីក្រុង យ៉ុកយ៉ាកាតា (Yogyakarta) ហើយទីក្រុងនេះ មានភ្នំភ្លើងរស់ នៅផ្ទុះនៅឡើយតែស្ថិតនៅឆ្ងាយពីប្រាសាទបូរ៉ូប៊ូឌ័រ។

បូរ៉ូប៊ូឌ័រ គឺ ជាប្រាសាទ ដែលស្ថិតនៅកណ្តាលប្រទេសឥណ្ឌូនេស៊ី តាំងពីសតវត្សរ៍ទី៨ និងជាសម្បត្តិបេតិកភណ្ឌពិភពលោក ត្រូវបានចុះក្នុង បញ្ជីដោយអង្គការយូណេស្កូ ។ ទីនោះគឺជាប្រាសាទមួយក្នុងចំណោមប្រាសាទ បុរាណដ៏អស្ចារ្យបំផុតក្នុងពិភពលោក ដែលមានរចនាបថបែបពុទ្ធសាសនា ធំជាងនៅលើផែនដី ។

ជញ្ជាំងថ្មរបស់ប្រាសាទបូរ៉ូប៊ូឌ័រ ត្រូវបានតុបតែងជាមួយនឹងចម្លាក់ដ៏ប្រណិត មានទំហំសរុបគ្របដណ្តប់ រហូតដល់២,៥២០ម៉ែត្រការ៉េ ហើយមានរូបចម្លាក់ ព្រះពុទ្ធ៧២អង្គ។ ក្រៅពីប្រាសាទ អង្គរវត្តនៅក្នុងប្រទេសកម្ពុជា និងទីក្រុងបុរាណបាកាន (Bagan០ នៅមីយ៉ាន់ម៉ា ប្រាសាទបូរ៉ូប៊ូឌ័ររបស់ឥណ្ឌូនេស៊ី ក៏ទាក់ទាញភ្ញៀវទេសចរ លើលោកជាច្រើនមកទស្សនាកម្សាន្តរាល់ឆ្នាំដែរ។

ប្រាសាទបូរ៉ូប៊ូឌ័រស្ថិននៅក្នុងទីក្រុង Yogyakarta ដែលមានព្រលានយន្តហោះ Adisucipto International Airport ជិតជាងគេ។ សម្រាប់ជនបរទេស គឺត្រូវការបង់ប្រាក់ប្រមាណ២២ដុល្លារ សម្រាប់ចូលមើល ហើយចំពោះសិស្សជនបរទេសវិញ គឺត្រឹមតែ១០ដុល្លារតែប៉ុណ្ណោះ៕

