ព្រឹត្តិការណ៍

តំបន់ដែលមាន រូបចម្លាក់​ជាប់ផ្ទាំងថ្ម នៅគីរីរម្យ អាច​នឹង​ប្រែក្លាយ​ ជាតំបន់ទេសចរណ៍ ​វប្បធម៌ធម្មជាតិ

មួយជំហានបន្ទាប់ទៀត ឆ្ពោះទៅការអភិរក្សធនធានធម្មជាតិ ទេសចរណ៍ធម្មជាតិ និងវប្បធម៌ ឯកឧត្តម អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថាន បានជំរុញ ឲ្យមានការអភិវឌ្ឍទេសចរណ៍ វប្បធម៌ធម្មជាតិនៅភ្នំទេវ ដែលឋិតក្នុងតំបន់ឧទ្យានជាតិព្រះសុរាម្រិតកុសុមៈគីរីរម្យ។ រូបចម្លាក់បែបសិល្បៈវប្បធម៌ល្អវិចិត្រ ដែលបានដាប់ឆ្លាក់ជាប់នឹងផ្ទាំងថ្ម នៅលើភ្នំទេវ ដែលជាទីសក្ការបូជា របស់ភ្ញៀវទេចរណ៍ជាតិ អន្តរជាតិ ត្រូវបានលោករដ្ឋមន្រ្តីក្រសួងបរិស្ថាន មើលឃើញអំពីតម្លៃសិល្បៈជាតិ និងចង់ប្រែក្លាយតំបន់នេះឱ្យទៅជាទេសចរណ៍វប្បធម៌ធម្មជាតិមួយនៅក្នុងតំបន់ ។

ឯកឧត្តម អ៊ាង សុផល្លែត បានលើកឡើងថា ទេសចរណ៍ វប្បធម៌ធម្មជាតិ គឺជាគោលដៅបន្ទាប់ ដែលនឹងជួយលើកស្ទួយជីវភាព ប្រជាពលរដ្ឋក្នុងសហគមន៍ បន្ថែមលើសពីប្រាក់ ចំណូល ដែលបានមកពីការអភិរក្សធនធានធម្មជាតិ ក្នុងជំហានទី១ គឺមានការដាំដុះ ថែរក្សាការពារ និងអភិរក្សគ្រប់គ្រង ធនធានធម្មជាតិ ធ្វើយ៉ាងណា ឲ្យរក្សាបានគម្របព្រៃ ឈើជាង ៦០% ដើម្បីកាត់បន្ថយការសាយភាយឧស្ម័នផ្ទះកញ្ចក់ ដែលជាកត្តានាំឲ្យមាន ការប្រែប្រួលអាកាសធាតុ ។

លើសពីនេះ លោករដ្ឋមន្រ្តីក្រសួងបរិស្ថាន យល់ឃើញថា កាលណាប្រជាសហគមន៍ ទទួលបានប្រាក់ចំណូលច្រើន មានជីវភាពល្អប្រសើរ ដែលទទួលចំណូលបាន មកពីទេសចរណ៍វប្បធម៌ធម្មជាតិ នោះពួកគាត់នឹងមិនចូលព្រៃកាប់ឈើ និងបាញ់សត្វព្រៃទៀតនោះទេ ហើយគម្រប់ព្រៃឈើក៏ក្រាស់ជាងមុន ជាពិសេសសហគមន៍នឹងទទួលបានជោគជ័យ ក្លាយជាសហគមន៍អព្យាក្រឹតកាបូន។ ដូចនេះការគ្រប់គ្រងធនធាន ធម្មជាតិមានប្រសិទ្ធភាពទ្វេដង ។

គួរបញ្ជាក់ថា ឯកឧត្តម អ៊ាង សុផល្លែត បានដឹកនាំប្រតិភូក្រសួងបរិស្ថាន និងមានការចូលរួមពីអាជ្ញាធរខេត្តកំពង់ស្ពឺ ស្ថាប័នពាក់ព័ន្ធ និងប្រជាពលរដ្ឋ ចុះពង្រឹងការគ្រប់គ្រងធនធានធម្មជាតិ និងបរិស្ថាននៅឧទ្យានជាតិព្រះសុរាម្រិតកុសុមៈគិរីរម្យ នៅថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២៣៕

Most Popular

To Top