សុខភាព និង ផ្លូវភេទ

រដ្ឋមន្រ្តីក្រសួងបរិស្ថាន វៀតណាម អំពាវនាវឱ្យមាន វិធានការជាបន្ទាន់ ខណៈគុណភាព ទីក្រុងហាណូយ និងក្រុងហូជីមិញ ធ្លាក់ដល់កម្រិត គ្រោះថ្នាក់

បរទេស៖ រដ្ឋមន្រ្តីក្រសួងបរិស្ថានវៀតណាម បានអំពាវនាវ ឱ្យមានវិធានការជាបន្ទាន់ ដើម្បីកាត់បន្ថយ ការបំពុលបរិយាកាស ពីការកែលម្អប្រព័ន្ធឃ្លាំមើល ទៅការផ្លាស់ប្តូរ ការប្រើប្រាស់ធ្យូង សម្រាប់ចំអិនអាហារ របស់ប្រជាជន និងបន្ទាប់ពីមើលឃើញថា គុណភាពខ្យល់ នៅក្នុងទីក្រុងហាណូយ និងទីក្រុងហូជីមិញ ដែលជាទីក្រុងធំបំផុត ពីររបស់ប្រទេសវៀតណាម បានចុះខ្សោយ ដល់កម្រិតគ្រោះថ្នាក់ ហើយបានក្លាយជា កង្វល់សុខភាពដ៏ធ្ងន់ធ្ងរ នៅក្នុងប៉ុន្មានខែថ្មីៗនេះ។

យោងតាមសារព័ត៌មាន Vietnam News ចេញផ្សាយនៅថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០១៩ បានឱ្យដឹងថា រដ្ឋមន្រ្តីក្រសួងធនធានធម្មជាតិ និងបរិស្ថាន លោកត្រាង ហុងហា បាននិយាយថា ប្រព័ន្ធត្រួតពិនិត្យគុណភាពខ្យល់ ចាំបាច់ត្រូវដំឡើង, ប្រព័ន្ធចរាចរណ៍ ចាំបាច់ត្រូវចែកចាយ នៅជុំវិញទីក្រុង ជាជាងមានយានយន្តប្រមូលផ្តុំ នៅតំបន់ជាក់លាក់ ការដ្ឋានសំណង់ចាំបាច់ ត្រូវគ្របដើម្បីកុំអោយ រាលដាលធូលី ហើយទម្លាប់ប្រចាំថ្ងៃ របស់ប្រជាជនចាំបាច់ ត្រូវផ្លាស់ប្តូរ។

គុណភាពខ្យល់ នៅក្នុងទីក្រុងហាណូយ និងទីក្រុងហូជីមិញ ដែលជាទីក្រុងធំៗបំផុត របស់ប្រទេសវៀតណាម បានចុះខ្សោយ ដល់កម្រិតគ្រោះថ្នាក់ ហើយបានក្លាយជាកង្វល់ សុខភាពដ៏ធ្ងន់ធ្ងរ នៅក្នុងប៉ុន្មានខែថ្មីៗនេះ។

លោក ត្រាង ហុងហា បាននិយាយ នៅក្នុងកិច្ចប្រជុំមួយ កាលពីថ្ងៃព្រហស្បតិ៍ថា អាជ្ញាធរនៅក្នុងទីក្រុងទាំងពីរ ត្រូវតែដំឡើងប្រព័ន្ធ ត្រួតពិនិត្យគុណភាពខ្យល់។ លោកបន្ថែមថា ពួកគេមិនគួរធ្វើការសម្របសម្រួល លើបញ្ហានេះទេ ហើយគួរតែបង្កើត ស្ថានីយ៍ត្រួតពិនិត្យ ចំនួនគ្រប់គ្រាន់ ដើម្បីផ្តល់ព័ត៌មានត្រឹមត្រូវ អំពីគុណភាពខ្យល់ពីរដង ក្នុងមួយថ្ងៃ ដល់សាធារណជន។

លោកថា នៅពេលគុណភាពខ្យល់ ស្ថិតនៅក្នុងកំរិតគ្រោះថ្នាក់ រដ្ឋាភិបាលត្រូវជូនដំណឹង ដល់ប្រជាជនជាបន្ទាន់ នូវវិធានការការពារ ដែលក្រសួង សុខាភិបាលណែនាំ។

នៅគ្រានោះប្រជាជនត្រូវតែ ទទួលបានការដាស់តឿន ឱ្យបានឆាប់ ដើម្បីឱ្យពួកគេ មានពេលគ្រប់គ្រាន់ រៀបចំកាលវិភាគការងារ ហើយជាពិសេស អាចឱ្យសិស្សស្នាក់នៅនៅផ្ទះ ប្រសិនបើចាំបាច់៕

ប្រែសម្រួលៈ ណៃ តុលា

Most Popular

To Top