សុខភាព និង ផ្លូវភេទ

ជួយចែករំលែក! មិនញ៊ាំ “អាហារមានជាតិខ្លាញ់” សោះ ប្រយ័ត្នជួបប្រទះបញ្ហាសុខភាពទាំងនេះ

ភាគច្រើននៃពួកយើង តែងដកខ្លាញ់ចេញរបបអាហារប្រចាំថ្ងៃ ដោយគិតថាវាមិនល្អសោះឡើយ ចំពោះសុខភាព។

ទោះជាយ៉ាងណា មិនមែនខ្លាញ់ទាំងអស់ សុទ្ធតែផ្ដល់ផលនូវប៉ះពាល់នោះទេ។ ជាក់ស្ដែងខ្លាញ់សុខភាពល្អ គឺចាំបាច់ណាស់សម្រាប់សុខភាព។ ការបញ្ឈប់មិនទទួលទានខ្លាញ់ល្អ អាចជះឥទ្ធិពលអវិជ្ជមានជាច្រើន ចំពោះសុខភាពរាងកាយនិងផ្លូវចិត្ត។ ខាងក្រោមវេបសាយសុខភាព Health.com.kh នឹងបង្ហាញឱ្យដឹងពីអ្វីដែលអាចកើតឡើង នៅពេលអ្នកបញ្ឈប់ការទទួលទានអាហារ មានជាតិខ្លាញ់តែម្ដង ៖

១. អ្នកអាចមានអារម្មណ៍ឃ្លានជាងមុន

នៅពេលអ្នកបញ្ឈប់ការទទួលទានខ្លាញ់ អ្នកអាចនឹងកត់សម្គាល់បានថា ហាក់ដូចជាមិនសូវឆ្អែតសោះក្រោយពេល ទទួលទានអាហាររួច។ នេះក៏ព្រោះតែជាតិខ្លាញ់ ក៏ជាសារធាតុចិញ្ចឹមចាំបាច់ ដែលរាងកាយត្រូវការផងដែរ ប៉ុន្តែក្នុងកម្រិតមធ្យម។ ហើយប្រសិនបើអ្នក មិនទទួលទានជាតិខ្លាញ់ បានគ្រប់គ្រាន់ទេនោះ អ្នកក៏ងាយនឹងឃ្លាន ទទួលទានអាហារផ្សេងទៀត ដែលមានកាឡូរីខ្ពស់។

២. ការចងចាំចុះអន់ខ្សោយ

ប្រសិនបើអ្នកដកខ្លាញ់ ចេញពីរបបអាហារទាំងស្រុង នោះអ្នកនឹងប្រឈមមុខខ្ពស់ ជាមួយបញ្ហានៃការចងចាំ។ នេះក៏ព្រោះតែខ្លាញ់ល្អ ជួយបង្កើនសុខភាពខួរក្បាល។ ដូច្នេះហើយ ទើបអ្នកគួររួមបញ្ចូលអាហារ ដែលមានផ្ទុកជាតិខ្លាញ់សុខភាពល្អ ដូចជាប្រេងអូលីវ គ្រាប់ធញ្ញជាតិ និងត្រីក្នុងរបបអាហារប្រចាំថ្ងៃ ដើម្បីបង្កើនការចងចាំ។ ការទទួលទានខ្លាញ់ល្អ ក៏ជួយកាត់បន្ថយហានិភ័យ នៃជំងឺ​វង្វេងស្មារតី (dementia) ផងដែរ។

៣. ការកើនឡើងខ្ពស់នូវហានិភ័យនៃជំងឺបេះដូង

ខ្លាញ់ល្អ គឺចាំបាច់ណាស់ សម្រាប់រក្សាសុខភាពបេះដូង។ របបអាហារដែលមានផ្ទុកជាតិខ្លាញ់ល្អ ជួយកាត់បន្ថយហានិភ័យ នៃជំងឺគាំងបេះដូង ព្រមទាំងជំងឺបេះដូងប្រភេទផ្សេងទៀតបានយ៉ាងប្រសើរ។

៤. អ្នកអាចនឹងកើនទម្ងន់

នៅពេលអ្នកប្រកាន់ខ្ជាប់ នូវរបបអាហារមានផ្ទុកជាតិខ្លាញ់ទាប អ្នកក៏កំពុងរារាំងរាងកាយ ពីការដុតបំផ្លាញ់ជាតិខ្លាញ់ផងដែរ។ នេះក៏ព្រោះតែខ្លាញ់សុខភាពល្អ ដូចជាជាតិខ្លាញ់ក្នុងគ្រាប់អាល់ម៉ុន អាចជួយធ្វើឱ្យការដុតរំលាយអាហារ ក្នុងរាងកាយកាន់តែប្រសើរឡើង។

៥. ពិបាកនឹងឡើងសាច់ដុំ

ការទទួលទានខ្លាញ់ល្អ និងការធ្វើលំហាត់ប្រាណជាប្រចាំ ជួយដល់ការលូតលាស់នៃសាច់ដុំ។ ជាតិខ្លាញ់ក៏អាចបង្កើនកំហាប់ នៃប្រូតេអ៊ីនក្នុងរាងកាយ ដែលនឹងជួយឱ្យរាងកាយឆាប់ជាសះស្បើយ ក្រោយពេលធ្វើលំហាត់ប្រាណ ខ្លាំងក្លាផងដែរ។

៦. ប្រព័ន្ធភាពស៊ាំចុះខ្សោយ

អាស៊ីតខ្លាញ់សុខភាពល្អ គឺចាំបាច់ណាស់ សម្រាប់ការពារប្រព័ន្ធភាពស៊ាំរាងកាយ។ ការស្រូបយកវីតាមីន នឹងមានលក្ខណៈកាន់តែប្រសើរ នៅពេលទទួលទាន ជាមួយអាហារមានជាតិខ្លាញ់ល្អ។ ប្រសិនបើអ្នកដកជាតិខ្លាញ់ល្អពីក្នុងរបបអាហារ រាងកាយអាចនឹងមិនទទួលបាន វីតាមីនគ្រប់គ្រាន់ពីក្នុងអាហារឡើយ៕ ប្រភព៖ health

Most Popular

To Top