សុខភាព និង ផ្លូវភេទ

មន្ត្រីសុខាភិបាល រកឃើញជំងឺស្វិតដៃជើង ក្នុងលូទឹកស្អុយ នៅទីក្រុងញូវយ៉ក បង្ហាញពីមេរោគកំពុងចរាចរ

ទីក្រុងញូវយ៉ក៖ យោងតាមការចេញផ្សាយ ពីគេហទំព័រស្គាយញ៉ូវ បានប្រាប់ឲ្យដឹងថា មេរោគជំងឺស្វិតដៃជើង ត្រូវបានគេរកឃើញ នៅក្នុងទឹកស្អុយរបស់ទីក្រុងញូវយ៉ក ខណៈមន្ត្រីសុខាភិបាលនិយាយថា វាកំពុងរីករាលដាលយ៉ាងស្ងប់ស្ងាត់ ក្នុងចំណោមមនុស្សដែលមិនបានចាក់វ៉ាក់សាំង។

យោងតាមទីក្រុង និងមន្ទីរសុខាភិបាលរដ្ឋញូវយ៉ក បានឲ្យដឹងថា វត្តមានរបស់មេរោគក្នុងទឹកសំណល់ បង្ហាញពីការចរាចរនៅតំបន់ ដែលអាចកើតមាន។ ទោះបីជាជំងឺនេះមិនត្រូវបានគេឃើញ នៅសហរដ្ឋអាមេរិក រយៈពេលមួយទសវត្សរ៍ក៏ដោយ ក៏មនុស្សម្នាក់នៅទីក្រុងញូវយ៉ក បានទទួលរងនូវភាពខ្វិនកាលពីសប្តាហ៍មុន ដោយសារតែការឆ្លងជំងឺស្វិតដៃជើង នៅ Rockland County ភាគខាងជើងនៃទីក្រុង។

ស្នងការសុខាភិបាលរដ្ឋ លោកវេជ្ជបណ្ឌិត Mary T Bassett បាននិយាយថា ការរកឃើញមេរោគស្វិតដៃជើង ក្នុងសំណាកទឹកសំណល់ នៅទីក្រុងគឺគួរឲ្យព្រួយបារម្ភ ប៉ុន្តែមិនគួរឲ្យភ្ញាក់ផ្អើលនោះទេ ខណៈ មន្ត្រីជំរុញឲ្យមនុស្សទៅទទួលថ្នាំបង្ការ។
សេចក្តីថ្លែងការណ៍មួយ ស្នងការសុខភាពទីក្រុង លោកវេជ្ជបណ្ឌិត Ashwin Vasan បាននិយាយថា ជំងឺគ្រុនស្វិតដៃជើង គឺអាចការពារបានទាំងស្រុង ហើយការលេចឡើងរបស់វាឡើងវិញ គួរតែជាការអំពាវនាវឲ្យមានសកម្មភាព សម្រាប់យើងទាំងអស់គ្នា។

ហានិភ័យចំពោះប្រជាជនញូវយ៉ក គឺពិតប្រាកដ ប៉ុន្តែការការពារគឺសាមញ្ញណាស់ ហើយចាក់វ៉ាក់សាំងប្រឆាំង នឹងជំងឺស្វិតដៃជើង។ សំណាកទឹកសំណល់ដែលប្រមូលបាន កាលខែមិថុនាទាំងនៅ Rockland និង Orange County នៅជិតនោះត្រូវបានរកឃើញថា មានផ្ទុកមេរោគ៕ ដោយ៖លី ភីលីព

Most Popular

To Top