បរទេស៖ ក្រុមអ្នកស៊ើបអង្កេត បាននិយាយថា ប៉ូលីសបារាំងបានចាប់ខ្លួនមនុស្សចំនួន ៦១ នាក់ ដែលត្រូវបានគេចោទប្រកាន់ថា បានពាក់ព័ន្ធនឹងបណ្តាញអាសអាភាសកុមារដ៏ធំមួយ។ ក្រុមអ្នកស៊ើបអង្កេតបាននិយាយថា ជនសង្ស័យមួយចំនួនត្រូវបានគេជឿថា បានថតសកម្មភាពរំលោភផ្លូវភេទលើអនីតិជន។
យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី០៩ ខែតុលា ឆ្នាំ២០២០ បានឱ្យដឹងថា ប្រតិបត្តិការដ៏ធំត្រូវបានប្រកាសកាលពីថ្ងៃព្រហស្បតិ៍ ដោយលោក Eric Berot ប្រធានផ្នែកមួយនៃផ្នែកនៅក្នុងនាយកដ្ឋានរងរបស់ប្រទេសបារាំង សម្រាប់ការប្រយុទ្ធប្រឆាំងនឹងឧក្រិដ្ឋកម្ម។ ការចាប់ខ្លួនត្រូវបានធ្វើឡើងក្នុងសប្តាហ៍នេះ ក្នុងប្រតិបត្តិការដ៏ធំមួយដែលលាតសន្ធឹងលើតំបន់ចំនួន ៣០ នៃប្រទេសបារាំង។
រហូតមកដល់ពេលនេះ មានជនសង្ស័យ ៦១ នាក់ត្រូវបានឃាត់ខ្លួន។ ជនសង្ស័យមួយចំនួនបានធ្វើការនៅក្នុងមុខតំណែងដែលជួយសម្រួលដល់កុមារ ។ ពួកគេទាំងនោះ រួមមាន គ្រូ អ្នកដឹកនាំសាសនា និងសូម្បីតែមន្ត្រីសាលាក្រុងក៏មានដែរ។
យ៉ាងហោចណាស់ ១៣ នាក់នៃអ្នកដែលត្រូវបានចាប់ខ្លួនមានប្រវត្តិព្រហ្មទណ្ឌពីមុន ហើយស្ថិតក្នុងបញ្ជីពិរុទ្ធជនផ្លូវភេទជាតិ។ ជនសង្ស័យជាបុរសភាគច្រើនលើសលុប និងមានស្ត្រីតែម្នាក់ប៉ុណ្ណោះដែលសង្ស័យថា បានមើលវីដេអូខុសច្បាប់រួមជាមួយដៃគូរបស់នាង ដែលស្ថិតក្នុងចំណោមអ្នកត្រូវបានចាប់ខ្លួន។ លោក Berot បានកត់សំគាល់ថា តំរូវការសំរាប់រូបភាពអាសអាភាសរបស់កុមារនៅប្រទេសបារាំងមានការកើនឡើងចំពេលមានការ បិទប្រទេស ប្រឆាំងនឹងការរីករាលនៃមេរោគ៕ប្រែសម្រួលៈ ណៃ តុលា
