បរទេស៖ នៅក្នុងជំនួបកំពូលសហភាពអឺរ៉ុបនាថ្ងៃសុក្រនេះ ក្រោយទីក្រុងអង់ការ៉ាចាប់ផ្តើមជាថ្មីនូវប្រតិបត្តិការនាវាស្ទង់ការរញ្ជួយដីនោះ ប្រទេសក្រិកនិងប្រទេសស៊ីប តាមសេចក្តីរាយការណ៍ បានជំរុញឲ្យមានការឆ្លើយតបកាន់តែតឹងរឹងខ្លាំងឡើងពីសហភាពអឺរ៉ុប ចំពោះការរុករកឧស្ម័នធម្មជាតិរបស់តួកគី នៅក្នុងដែនទឹកសមុទ្រមេឌីទែរ៉ានេភាគខាងកើត។
នាយករដ្ឋមន្ត្រីស្លូវេនី លោក Janez Jansa បានប្រាប់អ្នកសារព័ត៌មាននៅពេលលោកទៅដល់កន្លែងជំនួបកំពូលថា “ខ្ញុំសង្ឃឹមយ៉ាងស្មោះត្រង់ថា យើងនឹងអាចគាំទ្រយ៉ាងខ្លាំងក្លាយនិងជាឯកច្ឆ័ន្ទ ចំពោះប្រទេសក្រិកនិងប្រទេសស៊ីប ប្រឆាំងការបង្កហេតុណាមួយ ធ្វើឡើងដោយតួកគី”។
គួរបញ្ជាក់ថា នៅដើមសប្ដាហ៍នេះ ប្រទេសបារាំងនិងអាល្លឺម៉ង់ បាននិយាយថា ប្រទេសតួកគីមានពេលត្រឹមតែមួយសប្ដាហ៍ ដើម្បីផ្លាស់ប្តូរគោលជំហរខ្លួន និងបញ្ឈប់នូវអ្វីដែលពួកគេហៅថា ជាការបង្កហេតុ ប៉ុន្តែបានបដិសេធមិនផ្តល់ឱសានវាទខ្លាំងក្លា តាមដែលទីក្រុងអាតែននិងនីកូស៊ីចង់បាននោះទេ៕
ប្រែសម្រួល៖ប៉ាង កុង