អាហ្សង់ទីន ៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយកាលពីថ្ងៃទី០២ ខែកុម្ភៈ ឆ្នាំ២០២១ថា កាសែតរដ្ឋាភិបាល (Government Gazette)បានប្រកាសកាលពីថ្ងៃចន្ទថា ប្រទេសអាហ្សង់ទីន បានសម្រេចចិត្តរក្សាបិទព្រំដែនរបស់ខ្លួន ដើម្បីមិនឲ្យជនបរទេសចូលមក រហូតដល់ថ្ងៃទី២៨ ខែកុម្ភៈ ក្នុងគោលដៅដើម្បីទប់ស្កាត់ការឆ្លងរាលដាលវីរុសកូរ៉ូណា ។
ការអនុវត្តន៍វិធានការណ៍ ត្រូវបានចុះហត្ថលេខា ដោយប្រធានទីស្តីការគណៈរដ្ឋមន្ត្រី Santiago Cafiero និងរដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងសុខាភិបាល លោក Eduardo de Pedro និងលោក Gines Gonzalez Garcia ។
ទីភ្នាក់ងារព័ត៌មានរដ្ឋ Telam បានឲ្យដឹងថា ការសម្រេចចិត្តក្នុងការបន្ថែមពេលវេលានៃការហាមប្រាម បន្ទាប់ពី “របាយការណ៍ថ្មីមួយ (ពីក្រសួងសុខាភិបាល) ដែលបានផ្តល់អនុសាសន៍ក្នុងការថែទំា និងការបន្សុំានឹងវិធានការណ៍ថ្មីដើម្បីការពារសុខភាពសាធារណៈ” ។
ជាលទ្ធផល ការហោះហើរត្រង់ទៅមកប្រទេសនេះ នៅតែរក្សាការហាមឃាត់នៅឡើយ ដោយសារតែបានរកឃើញវត្តមានវីរុសកូវីដ១៩ក្លាយពូជនៅក្នុងប្រទេស ។
អាហ្សង់ទីន បានចុះក្នុងបញ្ជីដែលមានករណីដំបូងនៃជំងឺកូវីដ១៩នៅក្នុងប្រទេសរបស់ខ្លួនកាលពីថ្ងៃទី០៣ ខែមីនា និងបានបញ្ជាក់ថា មានអ្នកឆ្លងជំងឺចំនួន១.៩២៧.២៣៩នាក់ និងមានអ្នកស្លាប់ចំនួន៤៧.៩៧៤នាក់ គិតត្រឹមថ្ងៃអាទិត្យ ៕
ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

