ព័ត៌មានអន្តរជាតិ

សមាជិកជាន់ខ្ពស់ សភាព្រមានថា អាមេរិកនឹងបណ្តេញ ឥណ្ឌាចេញពី Quad ប្រសិនបើក្រុងញូដេលី ទិញប្រព័ន្ធការពារ មីស៊ីល S-400ពីរុស្ស៊ី

បរទេស ៖ ឥណ្ឌា ដែលបានស្នើទិញ ប្រព័ន្ធការពារដែន អាកាស S-400 ពីប្រទេសរុស្ស៊ី បានក្លាយ ជាបញ្ហា ដ៏គួរឱ្យខ្លាចមួយ នៅក្នុងទំនាក់ទំនងទ្វេភាគី រវាងរដ្ឋាភិបាលទីក្រុងញូវដែលី ជាមួយក្រុងវ៉ាស៊ីនតោន ដោយរដ្ឋបាលអាមេរិក ជាបន្តបន្ទាប់នេះ បានគំរាមដាក់ទណ្ឌកម្មសេដ្ឋកិច្ច លើប្រទេសឥណ្ឌា ប្រសិនបើប្រទេសនេះ ឈានដល់កិច្ចព្រមព្រៀង ទិញលក់នេះ ។ ទោះបីមានសម្ពាធអាមេរិកាំង ជាប់លាប់យ៉ាងណាក៏ដោយ រដ្ឋាភិបាលទីក្រុងញូវដេលី នៅតែប្រកាន់ខ្ជាប់នូវ កិច្ចព្រមព្រៀង នេះដដែល ។

យោងតាមសារព័ត៌មាន Sputnik ចេញផ្សាយនៅថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២១ បានឱ្យដឹងថា លោក Subramanian Swamy សមាជិកសភាជាន់ខ្ពស់ មកពីគណបក្ស Bharatiya Janata (BJP) របស់ប្រទេសឥណ្ឌា កាលពីថ្ងៃព្រហស្បតិ៍បានព្រមានថា សហរដ្ឋអាមេរិកនឹងបណ្តេញទីក្រុង ញូវដេលី ចេញពីសម្ព័ន្ធមិត្ត “Quad (ឥណ្ឌូ-ប៉ាស៊ីហ្វិក)” ដែលរួមមានអាមេរិក ឥណ្ឌា ជប៉ុន និងអូស្ត្រាលី ប្រសិនបើនាយករដ្ឋមន្រ្តី រដ្ឋាភិបាល លោក ណារិនដ្រា ម៉ូឌី បន្តដំណើរទៅមុខជាមួយ នឹងការស្នើសុំទិញ ប្រព័ន្ធការពារមីស៊ីល S-400 ពីរុស្ស៊ី។

ការព្រមានរបស់សមាជិក សភាជើងចាស់ ឥណ្ឌារូបនេះ បានធ្វើឡើង ប៉ុន្មានថ្ងៃបន្ទាប់ពីរដ្ឋមន្ត្រីការពារជាតិ អាមេរិក លោក Lloyd Austin បានលើកឡើងថា ឥណ្ឌាអាចប្រឈម នឹងការដាក់ទណ្ឌកម្ម លើសំណើទិញប្រព័ន្ធការពារដែន អាកាសរុស្ស៊ី ដែលទំនើបបំផុត ៕ប្រែសម្រួលៈ ណៃ តុលា

Most Popular

To Top