ព័ត៌មានអន្តរជាតិ

អាមេរិក សម្ដែងការព្រួយបារម្ភ ចំពោះការបង្កើន ភាពតានតឹង របស់រុស្ស៊ី នៅតំបន់ ភាគខាងកើតអ៊ុយក្រែន

វ៉ាស៊ីនតោន៖ អ្នកនាំពាក្យក្រសួងការបរទេសលោក Ned Price បានឲ្យដឹងកាលពីថ្ងៃព្រហស្បតិ៍ថា សហរដ្ឋអាមេរិក មានការព្រួយបារម្ភពីការបង្កើនភាពតានតឹង របស់រុស្ស៊ីនៅភាគខាងកើតអ៊ុយក្រែន នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារ សារព័ត៌មានចិនស៊ិនហួ។

លោក Price បានប្រាប់ក្រុមអ្នកយកព័ត៌មានថា “យើងមានការ ព្រួយបារម្ភជាខ្លាំង ចំពោះការកើនឡើងនូវសកម្មភាពឈ្លានពាន និងបង្កហេតុរបស់ រុស្ស៊ី នៅភាគខាងកើតអ៊ុយក្រែន រួមទាំងការរំលោភបទឈប់បាញ់នៅខែកក្កដា ឆ្នាំ២០២០ ដែលបណ្តាលឱ្យទាហានអ៊ុយក្រែន ៤ នាក់ស្លាប់នៅថ្ងៃទី២៦ ខែមីនា និងរងរបួសពីរនាក់” ។

លោកក៏បានកត់សម្គាល់ផងដែរថា ទីក្រុងវ៉ាស៊ីនតោន ដឹងអំពីរបាយការណ៍យោធាអ៊ុយក្រែនទាក់ទងនឹងចលនាកងទ័ពរុស្ស៊ី នៅតាមព្រំដែនអ៊ុយក្រែន។ លោកបានបន្ថែមថា “យើងកំពុងពិភាក្សាអំពីការព្រួយបារម្ភរបស់យើង អំពីការកើនឡើងនូវភាពតានតឹង និងការរំលោភបទឈប់បាញ់ និងភាពតានតឹងក្នុងតំបន់ជាមួយសម្ព័ន្ធមិត្តណាតូ” ។

ភាពតានតឹងកាន់តែខ្លាំងឡើង នៅពេលដែលទីក្រុងម៉ូស្គូ និងទីក្រុងគៀវ បានស្តីបន្ទោសគ្នាទៅវិញទៅមក ចំពោះសកម្មភាពបង្កហេតុបានជំរុញឱ្យមានការផ្លាស់ប្តូរកម្រិតខ្ពស់រវាងសហរដ្ឋអាមេរិក និងភាគីពាក់ព័ន្ធ។

នៅក្នុងការអំពាវនាវជាមួយរដ្ឋមន្រ្តីក្រសួងការពារជាតិអ៊ុយក្រែនលោក Andriy Taran នៅមុននេះបន្តិចរដ្ឋមន្រ្តីក្រសួងការពារជាតិអាមេរិកលោក Lloyd Austin បានថ្កោលទោសការបង្កើនភាពតានតឹងរបស់រុស្ស៊ីនាពេលថ្មីៗនេះនៅភាគខាងកើតអ៊ុយក្រែន និងបានបញ្ជាក់ម្តងទៀតនូវការប្តេជ្ញាចិត្តរបស់សហរដ្ឋអាមេរិក ក្នុងការកសាងសមត្ថភាពរបស់កងទ័ពអ៊ុយក្រែន ដើម្បីការពារកាន់តែមានប្រសិទ្ធភាពប្រឆាំងនឹងការឈ្លានពានរបស់រុស្ស៊ី។

កាលពីថ្ងៃពុធរដ្ឋមន្រ្តីការបរទេសសហរដ្ឋអាមេរិកលោក Antony Blinken ក៏បានជជែកជាមួយសមភាគីអ៊ុយក្រែនលោក Dmytro Kuleba ផងដែរខណៈដែលឧត្តមសេនីយ៍ Mark Milley ប្រធានអគ្គសេនាធិការចម្រុះ បានធ្វើការសន្ទនាដាច់ដោយឡែកជាមួយមេបញ្ជាការយោធាកំពូល ៗ នៅអ៊ុយក្រែន និងរុស្ស៊ី៕ដោយ ឈូក បូរ៉ា

Most Popular

To Top