បរទេស៖ ប្រទេសតួកគីបាននិយាយថា សហរដ្ឋអាមេរិកនឹងបញ្ជូននាវាចម្បាំងពីរគ្រឿង ទៅសមុទ្រខ្មៅ នៅសប្ដាហ៍ក្រោយ ស្របពេលដែលរុស្ស៊ី ដែលបង្កើនកងកម្លំាងយោធាខ្លួននៅជិតប្រទេសអ៊ុយក្រែននោះ បានចោទប្រកាន់មហាអំណាចណាតូនានា ដែលគ្មានតំបន់ឆ្នេរនៅក្នុងតំបននោះ ពីបទបង្កើនសកម្មភាពទ័ពជើងទឹក។
ប៉ុន្តែមន្ទីរបញ្ចកោណ បានបដិសេធមិនធ្វើសេចក្តីអត្ថាធិប្បាយលើការថ្លែងរបស់តួកគីនោះទេ តែនិយាយថា យោធាជាប្រក្រតីតែងបញ្ជូននាវាទៅតំបន់នោះ ហើយដោយពោលសំដៅដល់នាវាយោធាសហរដ្ឋអាមេរិក នៅសមុទ្រខ្មៅនោះ មន្ត្រីនាំពាក្យមន្ទីរបញ្ចកោណ លោក John Kirby បាននិយាយនៅក្នុងទីក្រុងវ៉ាស៊ីនតោនដូច្នេះថា “នោះមិនមែនជារឿងថ្មីនោះទេ”។
ទីក្រុងវ៉ាស៊ីនតោននិយាយថា រុស្ស៊ីនាពេលថ្មីៗនេះបានប្រមូលផ្តុំកងទ័ពនៅតាមតំបន់ព្រំដែន ភាគខាងកើតរបស់ប្រទេសអ៊ុយក្រែនច្រើនជាងពេលណាៗទាំងអស់ គិតចាប់តាំងពីឆ្នាំ២០១៤ ជាពេលដែលរុស្ស៊ីយកតំបន់គ្រីមាពីអ៊ុយក្រែនដាក់ចូលជាឧបសម្ព័ន្ធរបស់ខ្លួន និងបានធ្វើការគាំទ្រដល់ពួកបះបោរគាំទ្ររុស្ស៊ី នៅក្នុងតំបន់ Donbass ប្រទេសអ៊ុយក្រែន។
គួរបញ្ជាក់ថា ប្រទេសតួកគី ដែលជាប្រទេសសម្ពន្ធមិត្តមួយរបស់អង្គការណាតូ នៅថ្ងៃសុក្រម្សិលមិញនេះ បាននិយាយថា សហរដ្ឋអាមេរិក នឹងបញ្ជូននាវាចម្បាំងពីរគ្រឿង ទៅកាន់សមុទ្រខ្មៅ ចាប់ពីថ្ងៃទី១៤និង១៥ ខែមេសា៕
ប្រែសម្រួល៖ប៉ាង កុង