ព័ត៌មានអន្តរជាតិ

យន្តហោះចម្បាំង អាមេរិក F-22 ចូលរួមក្នុងសមយុទ្ធ អន្តរប្រតិបត្តិការ ជាមួយកងកម្លាំងជប៉ុន

បរទេស៖ យន្តហោះកងទ័ពជើងអាកាស សហរដ្ឋអាមេរិកមានមូលដ្ឋាននៅកោះហាវ៉ៃ ដែលរួមមានទាំងយន្តហោះចម្បាំង F-22 ផងនោះ ត្រូវបានបញ្ជូនទៅប្រទេសជប៉ុន ដើម្បីចូលរួមធ្វើសមយុទ្ធ ជាមួយកងកម្លាំងជប៉ុន សម្រាប់រយៈពេលមួយខែ នេះបើតាមសម្តីកងកម្លាំងជើង អាកាសអាមេរិកនិយាយនៅថ្ងៃសុក្រសប្ដាហ៍នេះ។

អាកាសយានិកនៃកងយន្តហោះចម្បាំង លេខ១៩៩និងលេខ១៩ នៅមូលដ្ឋាន Pearl Harbor-Hickam រដ្ឋហាវ៉ៃ បានធ្វើការហ្វឹកហាត់ រួមជាមួយកងកម្លាំងម៉ារីនសហរដ្ឋអាមេរិក និងកងកម្លាំងទ័ពអាកាសជប៉ុន នៅមូលដ្ឋានដែនអាកាសរបស់កងកម្លាំងម៉ារីន Iwakuni ប្រទេសជប៉ុន។

យោងតាមសេចក្តីរាយការណ៍មួយ ចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន UPI ចេញផ្សាយនៅថ្ងៃទី១០ ខែមេសា ឆ្នាំ២០២១ បានឲ្យដឹងថា សេចក្តីថ្លែងការណ៍មួយរបស់កងទ័ពអាកាសអាមេរិក បាននិយាយថា សមយុទ្ធ Dynamic Force Employment នោះ បានចាប់ផ្តើមនៅថ្ងៃទី១២ ខែមីនា និងបានចប់នៅថ្ងៃចន្ទសប្ដាហ៍នេះ។

នៅក្នុងសេចក្តីប្រកាសព័ត៌មាន លោកឧត្តមសេនីយ៍ Brian Nash ជាមេបញ្ជាការប្រតិបត្តិការយន្តហោះចម្បាំង F-22 នៅមូលដ្ឋាន MCAS-Iwakuni បាននិយាយថា “សមយុទ្ធនេះ បានអនុញ្ញាតឲ្យពីឡុតនិងជាងឯកទេសថែទាំរបស់យើង ធ្វើការហ្វឹកហាត់ជាមួយក្រុមផ្សេងមួយទៀត រៀននិងធ្វើនូវការអនុវត្តដ៏ល្អបំផុត ព្រមទាំងធានាថា កងកម្លាំងចម្រុះនៅតែនៅតែរហ័សរហួននិងឆ្លើយតបរហ័ស នៅមហាសមុទ្រប៉ាស៊ីហ្វិក”៕

Most Popular

To Top