ព័ត៌មានអន្តរជាតិ

នាវាការពារតំបន់ឆ្នេរ អាមេរិកហ្វឹកហាត់ ជាមួយនាវាតួកគី នៅសមុទ្រខ្មៅ

បរទេស ៖ នាវាកាត់ផ្ទាំងទឹកកក USCGC Hamilton របស់កងកម្លាំងការពារដែន សមុទ្រសហរដ្ឋអាមេរិក បានធ្វើ សមយុទ្ធហ្វឹកហាត់ ជាមួយកងទ័ពជើងទឹកតួកគី នៅក្នុងសមុទ្រខ្មៅ នេះបើយោងតាមការឲ្យដឹង ពីកងនាវាលេខ៦ នៃទ័ពជើងទឹកសហរដ្ឋអាមេរិក នៅថ្ងៃសុក្រសប្ដាហ៍នេះ។

នាវាកាត់ផ្ទាំងទឹកកកប្រភេទ Legend ដែលធ្វើដំណើរចូលសមុទ្រខ្មៅនៅក្នុងសប្ដាហ៍នេះ ក្រោយធ្វើដំណើរឆ្លងកាត់មហា សមុទ្រអាត្លង់ទិក កាលពីដើមខែមេសានោះ បានធ្វើសមយុទ្ធហាត់ឆ្លងកាត់ និងប្រតិបត្តិការឧទ្ធម្ភាគចក្រ ជាមួយនាវា TCG Turgutreis របស់ទ័ពជើងទឹកតួកគី។
តាមសេចក្តីរាយការណ៍ ឧទ្ធម្ភាគចក្រមកពីប្រទេសទាំងពីរ បានធ្វើការចុះចតលើទីលានចត របស់នាវាគ្នាទៅវិញទៅមក ដោយឧទ្ធម្ភាគចក្រតួកគី Bell UH-1 Iroquois ធ្វើការចុះចតលើនាវា Hamilton ស្របពេលដែលឧទ្ធម្ភាគចក្រកងកម្លាំង ការពារតំបន់ឆ្នេរអាមេរិក MH-65 Dolphin ចុះចតលើនាវា Turgutries ។

សេចក្តីថ្លែងការណ៍មួយ ពីកងនាវាលេខ៦របស់កងទ័ពជើងទឹក សហរដ្ឋអាមេរិក បាននិយាយយ៉ាងដូច្នេះថា “សមយុទ្ធនិងប្រតិបត្តិការទាំងនេះ បានធ្វើឲ្យកាន់តែប្រសើរឡើង នូវសមត្ថភាពនាវា របស់ប្រទេសទាំងពីរ ក្នុងការធ្វើទំនាក់ទំនងគ្នា និងធ្វើការគ្រប់គ្រងនាវាយ៉ាងច្បាស់លាស់”៕

ប្រែសម្រួល៖ប៉ាង កុង

Most Popular

To Top