ព័ត៌មានអន្តរជាតិ

ប្រទេសឥណ្ឌា បើកភ្លើងខៀវឱ្យផលិត នាវាមុជទឹកបន្ថែមទៀត ចំពេលចិនបង្កើនវត្តមាន ទ័ពជើងទឹកនៅមហាសមុទ្រឥណ្ឌា

បរទេស៖ នៅឆ្នាំ ១៩៩៩ ប្រទេសឥណ្ឌាបានអនុម័តលើផែនការសាងសង់នាវាមុជទឹករយៈពេល ៣០ ឆ្នាំ សម្រាប់ការផ្គត់ផ្គង់នាវាមុជទឹកចំនួន ២៤គ្រឿង ។ ពេលនេះ ក្រសួងការពារជាតិឥណ្ឌាបានកែសម្រួលផែនការរបស់ខ្លួន បន្ទាប់ពីបានមើលឃើញពីវត្តមានកាន់តែកើនឡើងនៃកងទ័ពជើងទឹកចិន នៅក្នុងតំបន់មហាសមុទ្រឥណ្ឌា។

យោងតាមសារព័ត៌មាន Sputnik ចេញផ្សាយកាលពីថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០២១ បានឱ្យដឹងថា ក្រុមប្រឹក្សាលទ្ធកម្មការពារជាតិរបស់ប្រទេសឥណ្ឌា បានបើកភ្លើងខៀវនូវសំណើអាយុកាល ២២ ឆ្នាំ ដើម្បីសាងសង់នាវាមុជទឹកដើរដោយថាមពលអគ្គីសនីម៉ាស៊ូតចំនួន ៦ គ្រឿង ជាមួយនឹងបច្ចេកវិទ្យារុញខ្យល់ក្នុងតម្លៃប្រមាណ ៧ ពាន់លានដុល្លារ។ រដ្ឋមន្រ្តីក្រសួងការពារជាតិឥណ្ឌាលោក Rajnath Singh បាននិយាយថា ដោយមានការយល់ព្រមនេះ ឥណ្ឌានឹងអាចអនុវត្តកម្មវិធីសាងសង់នាវាមុជទឹករយៈពេល ៣០ ឆ្នាំរបស់ខ្លួន និងទទួលបាននូវសមត្ថភាពជាតិក្នុងការកសាងនាវាបែបនេះ។

គំរូភាពជាដៃគូយុទ្ធសាស្រ្តបញ្ជាក់ពីកិច្ចសហការរវាងក្រុមហ៊ុនផលិតនាវាការពារឯកជនមួយរបស់ឥណ្ឌា និងក្រុមហ៊ុនផលិតបរទេស។ ប្រភពពីខាងរដ្ឋាភិបាលនៅទីក្រុងញូវដេលីបាននិយាយថា ការដេញថ្លៃសម្រាប់គម្រោងដែលបានអនុម័តនឹងត្រូវចេញឆាប់ៗនេះ។

ក្រសួងការពារជាតិរបស់ប្រទេសឥណ្ឌាបានចុះបញ្ជីក្រុមហ៊ុនផលិតកប៉ាល់ក្នុងស្រុកចំនួន ២ រួចហើយគឺក្រុមហ៊ុន Mazagon Dock Shipbuilders Limited និងក្រុមហ៊ុនឯកជន Larsen & Toubro ដើម្បីសហការជាមួយក្រុមហ៊ុនផលិតគ្រឿងបរិក្ខារដើមនៅបរទេសចំនួន ៥៕ ប្រែសម្រួលៈ ណៃ តុលា

Most Popular

To Top