ព័ត៌មានអន្តរជាតិ

ចិន អនុម័តច្បាប់ ដើម្បីសងសឹកប្រឆាំង នឹងទណ្ឌកម្មបរទេស

ប៉េកាំង ៖ ប្រព័ន្ធផ្សព្វផ្សាយរដ្ឋ បានរាយការណ៍ កាលពីថ្ងៃព្រហស្បតិ៍ថា ប្រទេសចិន បានអនុម័តច្បាប់ ដើម្បីសងសឹកប្រឆាំង នឹងទណ្ឌកម្មបរទេស ខណៈភាពតានតឹង របស់ប្រទេសនេះ ជាមួយសហរដ្ឋអាមេរិក និងប្រទេសប្រជាធិបតេយ្យផ្សេងទៀត កំពុងកើនឡើង នៅលើបញ្ហាសិទ្ធិមនុស្ស និងសន្តិសុខ ។

ការផ្លាស់ប្តូរនេះកើតឡើង នៅពេលដែលមេដឹកនាំ នៃក្រុមប្រទេសទាំង ៧ រួមមានសហរដ្ឋអាមេរិកបារាំង និងជប៉ុន គ្រោងនឹងប្រមូលផ្តុំគ្នានៅចក្រភពអង់គ្លេស នៅថ្ងៃសុក្រនេះ ហើយគេរំពឹងថានឹងពិភាក្សាអំពីវិធីដោះស្រាយសន្តិសុខ និងការអះអាងខាងសេដ្ឋកិច្ចរបស់ចិន ដែលកំពុងកើនឡើង។

ដោយអនុវត្តច្បាប់នេះប្រទេសចិន នឹងផ្តល់មូលដ្ឋានច្បាប់ សម្រាប់ការសម្រេចចិត្ត របស់ខ្លួនក្នុងការចាត់វិធានការ ប្រឆាំងនឹងទណ្ឌកម្ម ដែលបានដាក់ដោយ ប្រទេសផ្សេងទៀត ដែលអាចបង្កឱ្យមានការខ្សោះជីវជាតិ នៃទំនាក់ទំនងបន្ថែមទៀត រវាងទីក្រុងប៉េកាំង និងសហរដ្ឋអាមេរិក ក៏ដូចជាសម្ព័ន្ធមិត្ត សន្តិសុខរបស់ខ្លួន។

នៅក្នុងការសងសឹក ទីក្រុងប៉េកាំង នឹងចាត់វិធានការដូចជាការបង្កក ទ្រព្យសម្បត្តិ ដែលកាន់កាប់ដោយប្រជាជន នៃប្រទេស ដែលកំពុងដាក់ទណ្ឌកម្ម លើប្រទេសចិន និងហាមឃាត់ពួកគេមិន ឱ្យចូលប្រទេសអាស៊ី នេះបើយោងតាមអត្ថបទពេញលេញ នៃច្បាប់ ដែលបានអនុម័តខាងលើនេះ។

អ្នកនាំពាក្យក្រសួងការបរទេសចិន បានប្រាប់អ្នកយកព័ត៌មានថា ច្បាប់នេះចាំបាច់ ដើម្បីការពារអធិបតេយ្យភាព សេចក្តីថ្លៃថ្នូរ និងផលប្រយោជន៍ស្នូល របស់ប្រទេសយ៉ាងម៉ឺងម៉ាត់ និងដើម្បីប្រឆាំងនឹង លទ្ធិនិយមលោកខាងលិច និងនយោបាយមហាអំណាច ។

នៅពេលត្រូវបានគេសួរថា តើច្បាប់នេះនឹងជះឥទ្ធិពលអវិជ្ជមាន ដល់ទំនាក់ទំនងចិន ជាមួយប្រជាជាតិដទៃទៀតដែរឬទេ? អ្នកពាក្យលោក Wang Wenbin បានលើកឡើងថា “ការព្រួយបារម្ភបែបនេះ គឺមិនចាំបាច់ទាំងស្រុងនោះទេ” ។

ទីភ្នាក់ងារសារព័ត៌មានចិនស៊ីនហួ បានចុះផ្សាយថា ច្បាប់ចុងក្រោយត្រូវបានអនុម័តនៅគណៈកម្មាធិការអចិន្ត្រៃយ៍ នៃសភាតំណាងប្រជាជនជាតិ ដែលជាស្ថាប័ននីតិប្បញ្ញត្តិកំពូល របស់ប្រទេសចិន ។ វាចូលជាធរមាននៅថ្ងៃព្រហស្បតិ៍ បន្ទាប់ពីការជជែកដេញ ដោលអស់រយៈពេលមួយខែ លើច្បាប់នេះ ៕ដោយ ឈូក បូរ៉ា

Most Popular

To Top