ព័ត៌មានអន្តរជាតិ

ទណ្ឌកម្មចំនួន១.០០០ ករណី របស់អាមេរិកលើអ៊ីរ៉ង់ នឹងត្រូវដកចេញ តែ៥០០ករណី ទៀតនៅរក្សាដដែល

តេហរ៉ង់ ៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២១ថា ការចរចាចំនួន០៥លើកកន្លងមក របស់ទីក្រុង Vienna ដើម្បីធ្វើឱ្យកិច្ចព្រមព្រៀង នុយក្លេអ៊ែរឆ្នាំ២០១៥ មានភាពប្រសើរឡើងវិញ ដែលនាំឱ្យមានកិច្ចព្រមព្រៀង ជុំវិញការដកទណ្ឌកម្ម អាមេរិកចំនួន ១.០០០ករណីលើអ៊ីរ៉ង់ ប៉ុន្តែប្រហែល ៥០០ករណីផ្សេងទៀត នៅតែមានជម្លោះ ។ នេះបើតាមការដកស្រង់ សម្តីចេញពីសភា ដោយទីភ្នាក់ងារព័ត៌មាន ពាក់កណ្តាលរដ្ឋ Tasnim កាលពីថ្ងៃពុធ បានផ្សាយដូច្នេះ ។

លោក Ebrahim Azizi សមាជិកគណៈកម្មាធិការចរចាអ៊ីរ៉ង់ បានថ្លែងថា តួលេខនេះត្រូវបានផ្តល់ ជូនដោយប្រធានក្រុមចរចាអ៊ីរ៉ង់ លោក Abbas Araqchi ក្នុងកិច្ចប្រជុំមួយ នៅពេលរសៀលជាមួយគណៈកម្មាធិការ គោលនយោបាយការ បរទេសរបស់អ៊ីរ៉ង់ ។

កិច្ចចរចាបន្ទាប់រវាងគណៈប្រតិភូមកពីអ៊ីរ៉ង់ និងក្រុមមហាអំណាច៤+១ ដែលមានដូចជា អង់គ្លេស ចិន បារាំង រុស្ស៊ី និងអាល្លឺម៉ង់ គ្រោងនឹងចាប់ផ្តើម នៅចុងសប្តាហ៍នេះ ។

យោងតាមការលើកឡើង របស់ លោក Azizi សមាជិកសភា បានកត់សម្គាល់ថា គណៈប្រតិភូមិនទាន់កំណត់ ពីដំណើរការផ្ទៀងផ្ទាត់ ដោយអ៊ីរ៉ង់អំពីការដកទណ្ឌកម្មនេះនៅឡើយទេ ។

គួររំលឹកថា កាលពីថ្ងៃអង្គាររដ្ឋមន្រ្តីក្រសួង ការបរទេស អាមេរិក លោក Antony Blinken បានថ្លែងថា “ទណ្ឌកម្មរាប់រយ”ប្រឆាំងនឹងអ៊ីរ៉ង់ នឹងនៅតែមានដដែល ទោះបីក្រុងវ៉ាស៊ីនតោន ចូលរួមក្នុងកិច្ច ព្រមព្រៀង នុយក្លេអ៊ែរឆ្នាំ២០១៥ និងទីក្រុងតេហរ៉ង់ ងាកមករកការអនុវត្តន៍ ពេញលេញជាមួយនឹងកិច្ចព្រមព្រៀង ដែលត្រូវបានគេស្គាល់ជាផ្លូវការថា ជាផែនការសកម្មភាពចម្រុះ ហៅកាត់ថា (JCPOA) ក្តី។

កាលពីសប្តាហ៍មុន នៅថ្ងៃទី០៣ ខែមិថុនា លោក Araqchi ដែលជាអនុរដ្ឋមន្រ្តីក្រសួងការបរទេសផងដែរនោះ បានសម្តែងក្តីសង្ឃឹមថា ការចរចាលើកក្រោយនៅទីក្រុង Vienna អាចនឹងមានលក្ខណៈពេញលេញ និងឈានដល់កិច្ចព្រមព្រៀងចុងក្រោយ ។

រដ្ឋាភិបាលសហរដ្ឋអាមេរិក ក្រោមការដឹកនាំដោយអតីតប្រធានាធិបតី លោក ដូណាល់ ត្រាំ បានដកខ្លួនចេញពី JCPOA ក្នុងខែឧសភាឆ្នាំ ២០១៨ និងដាក់ទណ្ឌកម្មជាឯកតោភាគីលើអ៊ីរ៉ង់។ ជាការឆ្លើយតបអ៊ីរ៉ង់ឈប់អនុវត្តជាបណ្តើរ ៗ នូវផ្នែកខ្លះនៃការប្តេជ្ញាចិត្ត JCPOA របស់ខ្លួនចាប់ពីខែឧសភាឆ្នាំ ២០១៩ ។

គណៈកម្មការចម្រុះ JCPOA បានចាប់ផ្តើមជួបប្រជុំ ក្រៅប្រព័ន្ធនៅថ្ងៃទី០៦ ខែមេសានៅរដ្ឋធានី របស់ប្រទេសអូទ្រីស ដើម្បីបន្តការពិភាក្សា អំពីការវិលត្រឡប់ របស់សហរដ្ឋអាមេរិក ដែលអាចទៅរួចទៅ នឹងកិច្ចព្រមព្រៀង JCPOA និងនិតិវិធី ដើម្បីធានាឱ្យបាននូវការ អនុវត្តយ៉ាងពេញលេញ និងប្រកបដោយប្រសិទ្ធភាព នៃកិច្ចព្រមព្រៀង កំណត់នៅក្នុងឆ្នាំ២០១៥ ៕
ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

Most Popular

To Top