ព័ត៌មានអន្តរជាតិ

ថ្ងៃនេះប្រេស៊ីល មានអ្នកស្លាប់ ដោយសារជំងឺ-១៩ ជាង ១០០០នាក់

រីយ៉ូ៖ ប្រភពព័ត៌មានពីក្រសួងសុខាភិបាល បានឲ្យដឹងថា ប្រទេសប្រេស៊ីល បានចុះបញ្ជីចំនួនអ្នកស្លាប់ ដោយសារជំងឺកូវីដ-១៩ ចំនួន ១,០៥៦ នាក់បន្ថែមទៀត ក្នុងរយៈពេល ២៤ ម៉ោងចុងក្រោយនេះ ដែលធ្វើឱ្យចំនួនអ្នកស្លាប់ទូទាំងប្រទេស កើនឡើងដល់ ៥៦១,៧៦២ នាក់។

យោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មាន ចិនស៊ិនហួបានឲ្យដឹងថា ទន្ទឹមនឹងនេះករណីឆ្លងសរុបកើនឡើងដល់ ២០,១០៨,៧៤៦ករណី បន្ទាប់ពីករណីឆ្លងថ្មីចំនួន ៤២,១៥៩ករណី ត្រូវបានរកឃើញ។

 បច្ចុប្បន្នប្រេស៊ីល មានចំនួនអ្នកស្លាប់ដោយសារជំងឺរាតត្បាតខ្ពស់បំផុតលំដាប់ទី ២ នៅលើពិភពលោកបន្ទាប់ពីសហរដ្ឋអាមេរិក និងជាប្រទេសដែលមានករណីឆ្លងធំជាងគេទី៣ បន្ទាប់ពីសហរដ្ឋអាមេរិក និងឥណ្ឌា។

 ក្រសួងសុខាភិបាលប្រេស៊ីលបានឲ្យដឹងថា ប្រទេសអាមេរិកខាងត្បូងមួយនេះ កំពុងជួបប្រទះរលកឆ្លងថ្មី ដែលបានគ្របដណ្ដប់លើមន្ទីរពេទ្យស្ទើតែទាំងស្រុងដោយអ្នកជំងឺកូវីដ-១៩។

 រហូតមកដល់ពេលនេះមនុស្សជាង ១៤៩,២ លាននាក់ នៅប្រេស៊ីល បានទទួលវ៉ាក់សាំងការពារជំងឺកូវីដ-១៩ យ៉ាងតិចបំផុតមួយដូស ដោយមានមនុស្សជាង ៤៤,២ លាននាក់ បានចាក់វ៉ាក់សាំងពេញលេញ៕ដោយ ឈូក បូរ៉ា

Most Popular

To Top