វ៉ាស៊ីនតោន ៖ ក្រសួងការបរទេសអាមេរិក បានឲ្យដឹងថា សហរដ្ឋអាមេរិក ជប៉ុន អូស្រ្តាលី និងឥណ្ឌា បានពិភាក្សា អំពីសារៈសំខាន់នៃ“ សន្តិភាព និងសន្តិសុខ” នៅក្នុងច្រកសមុទ្រតៃវ៉ាន់ ក្នុងអំឡុងពេលកិច្ចប្រជុំ ជាក់ស្តែងរបស់មន្រ្តីជាន់ខ្ពស់ របស់ភាគីទាំងអស់ កាលពីថ្ងៃព្រហស្បតិ៍ ដោយបង្កើនសម្ពាធ លើកោះតៃវ៉ាន់ ។
យោងតាមសេចក្តីប្រកាស ព័ត៌មានរបស់ក្រសួង ការបរទេសជប៉ុន ប្រទេសទាំង ៤ ដែលត្រូវបានគេស្គាល់ថា ជាសមាជិក“ Quad” ក៏បានព្រមព្រៀងគ្នា ធ្វើការឆ្ពោះទៅរក កិច្ចប្រជុំកំពូល ដោយផ្ទាល់ជាលើកដំបូងនៅចុងឆ្នាំនេះ ។
កិច្ចពិភាក្សាក្នុង ចំណោមមន្រ្តីជាន់ខ្ពស់ បានធ្វើឡើង ដើម្បីតាមដានកិច្ចប្រជុំកំពូលនិម្មិត ដែលធ្វើឡើងរវាងប្រធានាធិបតី អាមេរិកលោក ចូ បៃដិន នាយករដ្ឋមន្ត្រីជប៉ុន លោក Yoshihide Suga នាយករដ្ឋមន្ត្រីអូស្ត្រាលីលោក Scott Morrison និងនាយករដ្ឋមន្ត្រីឥណ្ឌាលោក ណារិនដ្រា ម៉ូឌី កាលពីខែមីនា ។
រដ្ឋបាលលោក បៃដិន បានសង្កត់ធ្ងន់ លើក្រុមប្រទេសប្រជាធិបតេយ្យធំៗ នៅក្នុងតំបន់ឥណ្ឌូ-ប៉ាស៊ីហ្វិក ដែលប្រឈមមុខនឹងឥទ្ធិពលកាន់តែខ្លាំង ឡើងរបស់ចិន ។
ក្នុងកិច្ចប្រជុំកាលពីថ្ងៃព្រហស្បតិ៍ប្រទេសទាំង៤ បានឯកភាពគ្នាលើការជំរុញ កិច្ចសហប្រតិបត្តិការជាក់ស្តែង លើសន្តិសុខសមុទ្រ សន្តិសុខតាមអ៊ីនធឺណិត ការជួយសង្គ្រោះគ្រោះមហន្តរាយ និងបញ្ហាផ្សេងៗ ទៀតឆ្ពោះទៅរកសមិទ្ធផល នៃឥណ្ឌូ-ប៉ាស៊ីហ្វិក“ សេរី និងបើកចំហ” ខណៈបញ្ជាក់ពីតម្រូវការ សម្រាប់កិច្ចសហប្រតិបត្តិការអន្តរជាតិ ដើម្បីបញ្ចប់ការ រីករាលដាលនៃមេរោគឆ្លង ។
ភាគីទាំងអស់ក៏បាន ផ្លាស់ប្តូរទស្សនៈគ្នាលើបញ្ហាក្នុងតំបន់ ដូចជាកូរ៉េខាងជើង មីយ៉ាន់ម៉ា និងសមុទ្រចិនខាងកើត និងខាងត្បូង ដែលចិនកំពុងបង្កើន ការទាមទារទឹកដីរបស់ខ្លួន ។
នៅលើបញ្ហាកោះតៃវ៉ាន់ ក្រសួងការបរទេសបានឲ្យដឹង នៅក្នុងសេចក្តីប្រកាសព័ត៌មាន របស់ខ្លួនថា មន្រ្តីជាន់ខ្ពស់បានពិភាក្សាអំពីសារៈសំខាន់នៃសន្តិភាព និងសន្តិសុខនៅក្នុងច្រកសមុទ្រតៃវ៉ាន់ ស្របពេលដែលកំពុងតានតឹងខ្លាំង ជាមួយមហាអំណាចចិន ៕
ដោយ ឈូក បូរ៉ា